ភ្នំពេញ៖ អង្គការស៊ីប៉ា (Sipar) គ្រោងនឹងចំណាយថវិកាចំនួន ៦០ម៉ឺនដុល្លារ ក្នុងរយៈពេល៣ឆ្នាំ បង្កើតបណ្ដាល័យ១៥ តាមបណ្ដារោងចក្រមួយចំនួននៅកម្ពុជា ដើម្បីឲ្យកម្មករ-កម្មការិនីរោងចក្រ សិក្សាស្វែងយល់ចំណេះដឹងផ្សេងៗ សម្រាប់ជាទុនទៅថ្ងៃអនាគត។
លោក ហុក សុទ្ធិ ប្រធានអង្គការ Sipar នៅព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៥ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ ពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់បណ្ណាល័យមណ្ឌលធនធានក្នុងរោងចក្រ Japan Rocks S. E. A នៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញថា ការបង្កើតបណ្ណាល័យនេះឡើង ដើម្បីឲ្យកម្មករ-កម្មការិនី ក្នុងរោងចក្រ ដែលត្រូវការអប់រំ ជាពិសេសស្រ្តីដែលប្រឈមនឹង បញ្ហាសុខភាព អនាម័យ សង្គមផ្សេងៗ ឲ្យបានយល់ដឹងពីបញ្ហាទាំងនេះ បន្ថែមទៀត។ លោកបានបន្តថា “ គម្រោងរយៈពេល៣ឆ្នាំនេះ គឺយើងគ្រោងចំណាយ៦០ម៉ឺនដុល្លារ ដើម្បីបង្កើតបណ្ណាល័យ១៥ បូកទាំងការបណ្ដុះបណ្ដាល ទាំងសៀវភៅ ទាំងសំភារៈ និយាយទៅអត់គិតពីទីតាំង ពីបន្ទប់ ពីថ្លៃអគ្គិសនី ពីគ្រឿងសង្ហារឹមមួយចំនួន ដែលរោងចក្រជាអ្នកផ្ដល់ជូន”។
កញ្ញា ក្រូច ស្រីខួច ដែលជាកម្មការិនីម្នាក់ ក្នុងរោងចក្រ Japan Rocks S. E. A បានឲ្យដឹងថា ខ្លួនរីករាយដែលមានបណ្ណាល័យ សម្រាប់អានសៀវភៅក្នុងពេលសម្រាក និងសិក្សាស្វែងយល់ពីបញ្ហាសង្គមផ្សេងៗ ពីបណ្ណាល័យនេះបានផងដែរ។
ដោយឡែកលោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា លោកគាំទ្រយ៉ាងខ្លាំង ចំពោះគម្រោងបង្កើតបណ្ណាល័យនេះ ហើយលោកក៏ជំរុញឲ្យកម្មករ-កម្មការិនី ដែលនៅមានភាពវ័យក្មេង ត្រូវតែខិតខំស្វែងរក ចំណេះវិជ្ជាដាក់ខ្លួន។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា មានរោងចក្រជាង៦០០ ដែលបានចុះបញ្ជីការ ជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ចំណែកកម្មករជាង៥០ម៉ឺននាក់៕