ឡាសា៖ តំបន់ស្វយ័ត ទីបេ ភាគនិរតីប្រទេសចិន បានក្លាយជាជម្រកសត្វព្រៃ ជាច្រើនប្រភេទ និង មានការ កើនឡើងខ្លាំង គួរឲ្យកត់សម្គាល់ រហូតដល់ឆ្នាំ ២០១៥ នេះ បន្ទាប់ពីរដ្ឋាភិបាល ចិន សម្រេចបង្កើតក្រុមអភិរក្ស ក្នុងតំបន់ កាលពីឆ្នាំ ១៩៩៣។ នេះបើតាមការផ្សាយ របស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ ២០១៥។
នាយកដ្ឋានរុក្ខាប្រមញ្ញ ក្នុងតំបន់ បានឲ្យដឹងទៀតថា ចំនួនសត្វព្រៃនៅតំបន់ទីបេ បានកើន ច្រើនកន្លងមក ជាពិសេសប្រភេទសត្វក្តាន់ពណ៌ក្រហម ដែលក្នុងរយៈពេលជាង ២០ឆ្នាំ មកនេះ បានកើនឡើងរហូត ដល់ចំនួនជាង ៨.៣០០ក្បាលហើយ។ ឧទ្យាន ដែលទុកសម្រាប់ អភិរក្សសត្វក្តាន់នេះ មាននៅក្នុងតំបន់ ក្វាន់ឌូ ដែលមានផ្ទៃដី ១២ម៉ឺនហិកតា បានបង្កើតឡើង កាលពីឆ្នាំ ១៩៩៣ ហើយកាលណោះ មានសត្វក្តាន់សរុបតែ ១.៥០០ ក្បាលប៉ុណ្ណោះ។
គួរបញ្ជាក់ថា ច្បាប់បង្កើតឡើង និង ដាក់ឲ្យអនុវត្តន៍ជាង ២០ឆ្នាំមកនេះ បានតម្រូវឲ្យប្រជាជន ក្នុងតំបន់ បញ្ឈប់ការបរបាញ់ ប្រភេទសត្វកម្រជាច្រើន ដែលមាននៅក្នុងបញ្ជី។ បច្ចុប្បន្ន នៅ ទីបេ មានឧទ្យានអភិរក្ស ជីវៈចំរុះចំនួន ៤៧ កន្លែង ដែល ជាជម្រករបស់ រុក្ខជាតិ ២.៥៥០ ប្រភេទ ហើយកាលពីឆ្នាំ ១៩៨៨ មានតែ ២.៣៤៨ ប្រភេទប៉ុណ្ណោះ។ ដោយឡែក សត្វព្រៃ វិញមាន លំដាប់ទីមួយ ១២ ប្រភេទ និង លំដាប់ទីពីរជា ប្រភេទសត្វមធ្យម និង បក្សី សរុប ៣៤២ ប្រភេទ៕