ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសឲ្យដឹងថា នៅឆ្នាំ២០១៧ខាងមុខ នឹងបង្កើតឱ្យមានតុលាការ ការងារដើម្បីដោះ ស្រាយ បញ្ហាវិវាទការងារដែលកើតឡើងរវាងកម្មករ និង ថៅកែរោងចក្រ ប្រកបដោយប្រសិទ្ធភាព ពាក់ព័ន្ធលើវិវាទការងារនឹងកង្វល់របស់កម្មករ កម្មការិនីនៅកម្ពុជា។
ក្នុងសន្និបាតសហភាពសហព័ន្ ធសហជីពជាតិកម្ពុជា អាណត្ដិទី៥ នៅភោជនីយដ្ឋានទន្លេបាសាក់២ លោក អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានថ្លែងថា រហូតមកដល់ពេលនេះ ក្រសួងនិងភាគីពាក់ព័ន្ធ កំពុងសិក្សាលើទិដ្ឋភាពបច្ចេកទេស និងដកពិសោធន៍ពីប្រទេសនានា មួយចំនួននៅក្នុងតំបន់ ដើម្បីសិក្សាអំពីប្រព័ន្ធតុលាការ ការងារនៅតាមប្រទេសទាំងនោះ ហើយយកមកអនុវត្ដន៍ឱ្យសមស្របទៅ នឹងបរិបទនៅក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តីបញ្ជាក់ថា កន្លងមកក៏ដូចជាបច្ចុប្បន្ននេះ រាល់វិវាទការងារដែលកើតឡើង ត្រូវបានក្រុមប្រឹក្សាអាជ្ញាកណ្ដាល ធ្វើការដោះស្រាយ និងសម្របសម្រួលរវាង ភាគីកម្មករ សហជីព និងថៅកែរោងចក្រ ប៉ុន្ដែក្រុមប្រឹក្សានេះ មិនមែនជាតុលាការការងារនោះទេ ដែលដើរតួនាទីជាយន្ដការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ។
រដ្ឋមន្រ្ដីរូបនេះអះអាងថា គម្រោងបង្កើតតុលាការការងារនេះ ក្រសួងនឹងខិតខំប្រឹងប្រែង រៀបចំឯកសារឱ្យបានរួចរាល់ នឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០១៧ ហើយលោកសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងចូលរួមអបអរសាទរ ទាំងសហជីព និងភាគីនិយោជក ដែលកំពុងរង់ចាំយន្ដការដោះស្រាយ វិវាទការងារដែលកើតឡើង នៅកម្ពុជាជាយូរ មកហើយនោះ។
ប្រធានសហភាព សហព័ន្ធសហជីពជាតិកម្ពុជា លោក ជួន មុំថុល បានបង្ហាញការគាំទ្រចំពោះ គម្រោងបង្កើតឱ្យមានតុលាការការងារនេះ ភាគីសហជីពកំពុងរង់ចាំជា យូរមកហើយ ដើម្បីចូលរួមដោះស្រាយរឿងក្ដី កើតឡើងរវាងកម្មករ និងនិយោជក ហើយកាត់សេចក្ដីប្រកប ដោយតម្លាភាព និងប្រសិទ្ធភាពយ៉ាងណាលោកស្នើឱ្យ ក្រសួងការងារក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើតតុលាការការងារនេះ ឱ្យមានលក្ខណៈ និងរូបរាងជាត្រីភាគី ដែលមានសមាសភាពភា គីរាជរដ្ឋាភិបាល សហជីព និងភាគី និយោជកចូលរួម សម្រាប់ដាក់ឱ្យអនុវត្ដន៍ និងដោះស្រាយបញ្ហាវិវាទការងារ ឲ្យកាន់តែល្អប្រសើរ និងមានតម្លាភាព។
គួររំលឹកថា ចាប់តាំងពីឆ្នាំ២០១៣មក ក្រសួងការងារ បានដាក់ឱ្យអនុវត្ដន៍នូវច្បាប់ស្ដីពីរបប សន្ដិសុខសង្គមនិងច្បាប់ស្ដីពីរបបធានាសុខភាព ហើយនៅឆ្នាំ២០១៧ ក៏គ្រោងនឹងដាក់ឱ្យដំណើរការច្បាប់ស្ដីពីរបបសោធននិវត្ដន៍ សម្រាប់កម្មករ និយោជិតនៅកម្ពុជាថែមទៀត។ តាមរបាយការណ៍ក្រសួងការងារបានឱ្យដឹងថា គិតត្រឹម ខែតុលាឆ្នាំ២០១៥ បានចុះបញ្ជីកាអង្គការវិជ្ជាជីវៈចំនួន៣៣៧៨ ក្នុងនោះ មានសហភាពសហជីព១៥ សហព័ន្ធសហជីពចំនួន៩១ សហជីពមូលដ្ឋាន ចំនួន៣២៦១ និងសមាគមនិយោជកចំនួន៧៕