កោះកុងៈ កម្លាំងនគរបាលការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកោះកុង បាន បញ្ជូនមេខ្យល់ម្នាក់ ទៅតុលាការពីបទនាំមនុស្ស ៨នាក់ឆ្លងដែនខុសច្បាប់ កាលពីថ្ងៃសៅរ៍ ទី០៨ កញ្ញា។
ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជនសហការជាមួយកម្លាំងវរសេនាតូចការពារ ព្រំដែនគោកលេខ៨២៧ ដែលដឹកនាំបញ្ជាផ្ទាល់ ដោយស្នងការនគរបាលខេត្តកោះកុង បានបញ្ជូន មេខ្យល់ឈ្មោះ ម៉ុយ តុល ទៅតុលាការ ខណៈនាំពលករបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ៨នាក់ ដែលពួកគេរស់នៅក្នុងភូមិល្ងា ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។
លោក ស្រី ថុច នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតីជនខេត្តកោះកុង បានឲ្យដឹង ថា រូបគេត្រូវបានបញ្ជូនទៅតុលាការពីបទនាំមនុស្សឆ្លងដែនខុសច្បាប់ ដោយយកលុយពីពលករប្រមាណ ជា ៣០ម៉ឺនរៀលក្នុងម្នាក់ៗ។
សូមជម្រាបថា នេះមិនមែនជាលើកទីមួយនោះទេ ដែលមានប្រជាពលរដ្ឋខ្មែរចាញ់បោកឆ្លងដែនទៅរក ការងារធ្វើនៅប្រទេសក្បែរព្រំដែន ដែលពួកគេមិនបានគិតពីភាពប្រថុយប្រថាន នៃការធ្វើចំណាកស្រុក ត្រូវជួបនូវការកេងប្រវ័ញ្ច និងធ្វើបាបជាដើម៕