ប៉ៃលិន៖ក្រុមចោរប្លន់ផ្ទះអ្នកលក់ចាប់ហួយ យកអស់ទ្រព្យសម្បត្តិ និងលុយអស់មួយចំនួនធំ សរុបជិត ៥លាន រៀល កាលពីវេលាម៉ោង១៩ និង ២០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចខាងលិចខ្លោងទ្វារចូល សាលាបឋមសិក្សាអូរអិល ចំងាយប្រហែល ៥០ម៉ែត្រ ស្ថិតក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ក្រោយពីធ្វើសកម្មភាពប្លន់រួច ពួកក្រុមចោរបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការ សា្រវជ្រាវ ដើម្បីស្វែងរកជនល្មើស យកមកផ្តន្ទាទោសផ្លូវច្បាប់។
មន្រ្តីនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តប៉ៃលិន បានឲ្យដឹងថា រងគ្រោះ មានឈ្មោះ រីក នឿន អាយុ ៦៥ឆ្នាំជាប្តី និងប្រពន្ធឈ្មោះ ដឿក ណន អាយុ ៥១ ឆ្នាំមានមុខរបរលក់ចាប់ហួយមានទីលំនៅភូមិ-ឃុំកើត ហេតុខាងលើ ។
ប្រភពបានបន្តថា ករណីប្លន់ប្រដាប់អាវុធនេះ មិនបណ្តាលឲ្យមានអ្នករងរបួសឬ គ្រោះថ្នាក់នោះទេ គ្រាន់តែបាត់ បង់នូវទ្រព្យសម្បត្តិមួយចំនួន រួមមានខ្សែដៃផ្លាទីន ទំងន់៤ជី ១ខ្សែ ក្រវិលមាសមួយគូរទំងន់២ជី ខ្សែក ផ្លាទីន ចំនួន២ ខ្សែ ទំងន់៧ ជី ចិញ្ជៀនផ្លាទីន ១វង់ទំងន់ ៣ជី លុយថៃ៥០០បាត កាត់ទូរស័ព្ទ១៨ដុល្លារ ទូរស័ព្ទដៃ១ គ្រឿង និងលុយខ្មែរមួយចំនួនទៀត ព្រមទាំងប្រាក់ដែលលក់បានក្នុងកន្ត្រក់ សរុបជាទឹកប្រាក់អស់ប្រហែល ជិត៥ លានរៀល។
បើតាមសំដីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុគាត់នៅក្នុងផ្ទះ មានគ្នា៣នាក់ដែលរួមមានកូនស្រី ឈ្មោះ ដេង សំណាង អាយុ១៦ ឆ្នាំ និងស្រី្តម្នាក់ទៀតឈ្មោះ សូត្រ នាង អាយុ ៤៩ ឆ្នាំ ជាអ្នកជិតខាងកំពុង អង្គុយមើល ទូរទស្សន៍ ស្រាប់តែមានយុវជន៣ នាក់ដើរចូលមកក្នុងផ្ទះ ដោយមនុស្ស២នាក់ ពាក់ម៉ាសបិទមុខជិតម្នាក់ទៀត អត់ពាក់ទេ ពេលចូលមកដល់ពួកគេទាំង៣ នាក់បានយកកាំភ្លើងខ្លីពីចង្កេះផ្ជុងគាត់ ហើយស្រែកសំឡុតថា ឲ្យ លុយនិងគ្រឿងអលង្ការទាំងអស់មក។ ពេលនោះមានគ្នា វាម្នាក់ទៀតជាអ្នកដើរ ប្រមូលលុយក្នុងកន្រ្តក និង កាត់ទូរស័ព្ទ ហើយម្នាក់ដែលផ្ជុងរូបគាត់ រួចហើយក៏ចាប់ដោះចិញ្ជៀន ក្រវិល ខ្សែដៃ ខ្សែកពីខ្លួនរបស់គាត់ ចំណែកម្នាក់ទៀតបានទៅផ្តាច់ខ្សែរទូរស័ព្ទ នៅលើតុ និងយកទូរស័ព្ទដៃកូនស្រីគាត់ ដើម្បីកុំឲ្យទូរស័ព្ទ ប្តឹង សមត្ថកិច្ច ពេលកូនស្រីមិនព្រមឲ្យវាក៏ចាប់ដៃកូនស្រីគាត់ចេញមកមុខផ្ទះទាត់បីជើងចូលក្រោមតុ ដោយគំរាមមិនឲ្យស្រែកនៅឲ្យស្ងៀម ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីឃាត់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕