បាត់ដំបង៖ អាជ្ងាធរប្រទេសថៃ បានបញ្ជូនពលករខ្មែរជាង៤០០នាក់ មកប្រទេសកម្ពុជា វិញកាលពី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១២ ដោយអាជ្ញាធរថៃអះអាងថា ពលករខ្មែរទាំងនោះ បានទៅធ្វើខុសច្បាប់ និងខ្លះទៀតក៏ធ្លាប់ ពន្ធធនាគារផងដែរ។
ប្រភពព័ត៌មានពីមន្រ្តីតាមព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា ពលករខ្មែរទាំង៤២០នាក់នោះ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកកម្ពុជាតាមច្រកទ្វារអន្តរជាតិដូង និងច្រកតំបន់អូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង។
បន្ទាប់ពីបានមកដល់កម្ពុជាហើយ ពលករខ្មែរទាំងនោះ ត្រូវបានសមត្ថកិច្ចកម្ពុជា និងមន្រ្ដីជំនាញ ធ្វើការអប់រំ ណែនាំពួកឲ្យត្រឡប់ទៅលំនៅឋាន រៀងៗខ្លួន ដោយឈប់ឆ្លងដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃទៀត។
ពលករខ្មែរខុសច្បាប់ចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃទាំងនោះ គ្មានលិខិតស្នាមបញ្ជាក់ទេ ពួកគេទៅរក ការងារធ្វើតាមមេខ្យល់ ។ ការប្រមូលពលករខ្មែរខុសច្បាប់នេះ យោងតាមកិច្ចសហប្រតិបត្តិការ និងបទបញ្ជា របស់រាជរដ្ឋាភិបាល ស្ដីពីការទប់ស្កាត់បង្ក្រាបសកម្មភាពឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗទៀត។ ស្របពេលជាមួយគ្នានេះដែរ ដោយសារកម្ពុជា កំពុងរៀបចំការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ បោះឆ្នោតថ្នាក់ ជាតិឆ្នាំ២០១៣៕