ភ្នំពេញៈ តំណាងរាស្រ្តគណបក្សសមរង្ស៊ី និងសិទ្ធិ មនុស្ស មិនបានមកទទួលការបំពាក់គ្រឿង ឥស្សរិយយសរបស់ព្រះមហាក្សត្រកម្ពុជា ដែលបំពាក់ដោយប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន នៅថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១២ នោះទេ។ តែយ៉ាងណា តំណាងរាស្រ្តគណបក្សទាំងពីរ អះអាងថា ពួកគេនៅតែទទួលយកគ្រឿងឥស្សរិយយសទាំងនោះដដែល គ្រាន់តែមិនចូលរួមពិធីតែប៉ុណ្ណោះ។
លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្តមកពីគណបក្សសិទ្ធិមនុស្ស បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ការមិនបានទៅចូលរួមទៅទទួលនោះ ក៏ព្រោះតំណាងរាស្រ្តទាំងបីរូបរបស់គណបក្សសិទ្ធិមនុស្សជាប់ បំពេញបេសកកម្មនៅតាមខេត្ត រីលោក កឹម សុខា ជាប់បេសកកម្មនៅក្រៅប្រទេស។
យ៉ាងណាក៏ដោយ លោក ជា ប៉ូច តំណាងរាស្រ្តមកពីគណបក្សសមរង្ស៊ី បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឱ្យដឹងថា សមាជិកសភាមកពីគណបក្សសមរង្ស៊ី ពិតជាមិនបានទៅចូលរួមទទួលមែន ដោយ សារតែការផ្តល់ជូននោះ មិនបានផ្តល់ជូនលោកសមរង្ស៊ី ដែលជាប្រធានរបស់ខ្លួន។
លោកបន្ថែមថា ទោះជាយ៉ាងណាសមាជិកសភាទាំងអស់របស់គណបក្សសមរង្ស៊ី នៅតែទទួលយកគ្រឿងឥស្ស រិយយសទាំងនោះដដែល ដោយសារតែជាព្រះរាជទានរបស់ព្រះមហាក្សត្រ។ «ព្រះមហាក្សត្រប្រទានគ្រឿងឥស្ស រិយយស ពួកខ្ញុំទទួលដោយពេញចិត្តពេញថ្លើម ប៉ុន្តែការបំពាក់នេះ (យើង) ខ្ញុំអត់គាំទ្រដោយសារមាន១២៣រូប តែយើងឃើញថាមានតែ១២២រូប។ អ្នកតំណាងរាស្រ្តយើងទាំងអស់១២៣រូប ឥឡូវបំពាក់ឱ្យតែ១២២ បាត់ ឈ្មោះ មនុស្សដែលសំខាន់បំផុត គឺឯកឧត្តមប្រធានសមរង្ស៊ី។ អីចឹង បានជាពួកយើងខ្ញុំមិនចូលរួមពិធីហ្នឹងទេ។»
យោងតាមជំពូកទី៤ មាត្រា២៦ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រចែងថា តំណាងរាស្ត្រក្នុងតំណែងត្រូវទទួល បាននូវគ្រឿងឥស្សរិយយស ២ដងក្នុងមួយអាណត្តិ។
ការបំពាក់នេះ ត្រូវបានផ្តល់ជូនសមាជិក សមាជិការដ្ឋសភា នីតិកាលទី៤ និងមន្រ្តីជាន់ខ្ពស់ នៃ អគ្គលេខាធិការ ដ្ឋានសភា ដែលមានស្នាដៃល្អ និងគុណបំណាច់ជាច្រើន ដែលបានចូលរួមកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ ៣៩រូប ។
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងជាអនុប្រធានគណៈកម្មា ធិការឥស្សរិយយសរដ្ឋសភា បានថ្លែងនៅក្នុងពិធីនោះថា សម្តេច លោក និងលោកស្រី មួយចំនួនបានទទួល គ្រឿងឥស្សរិយយស តាមលំដាប់លំដោយរហូតដល់ថ្នាក់ខ្ពស់ផុតលេខ ដូចជា គ្រឿងឥស្សរិយយស ជាតូបការជា ដើម ពិតជាមានមោទនកភាពយ៉ាងក្រៃលែង។
លោកបន្តថា គណៈកម្មាធិការបានធ្វើសំណើរតាមរយៈ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំព្រះមហាក្សត្រ តាមរយៈសម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ដើម្បីសូមព្រះរាជទានគ្រឿងឥស្ស រិយយសជូនសមាជិក សមាជិកា រដ្ឋសភា ចុងអាណត្តិទី៤ ពេលនេះ។ ពុំទាន់មានច្បាប់ ឫព្រះរាជក្រឹត្យហាមផ្តល់ គ្រឿងឥស្សរិយយស ជាតូបការ ពីរ ឬច្រើនដងនោះ និងតំណាងរាស្រ្តខ្លះ ទទួលបានគ្រឿងឥស្សរិយយសគ្រប់ ប្រភេទហើយនោះ គណៈកម្មាធិការរៀបចំគ្រឿងឥស្សរិយយសរដ្ឋសភា បានស្នើសុំគ្រឿង ឥស្សរិយយសជាតូប ការជាលើកទី២ ឬលើកទី៣ ជូនបន្ថែមដោយមិនត្រូវស្នើសុំគ្រឿងឥស្សរិយយសប្រភេទណាជូនទៀតទេ។
គ្រឿងឥស្សរិយយស ដែលត្រូវបំពាក់ជូនសមាជិក សមាជិការដ្ឋសភានាពេលនេះ រួមមាន៖
គ្រឿងឥស្សរិយយស ជាតូបការ , គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ , គ្រឿង ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ , គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហា សេនា , គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា , គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ , គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ , គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់ធិបឌិន្ទ , គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា និងគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់សេនា៕