តាកែវ៖ ក្រោយពីមាន ការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ តាមបញ្ជា របស់លោកស្នងការ នគរបាល ខេត្តតាកែវ ឧត្តមសេនីយ៍ អ៊ុក សំណាង កម្លាំងនគរបាល ស្រុកត្រាំកក់ និងសមត្ថកិច្ចពាក់ព័ន្ធ បានឈានទៅដល់ ការឃាត់ខ្លួន ជនសង្ស័យដែលបាន វាយសម្លាប់ ស្រ្តីកូនពីរ ដើម្បីប្លន់យក ទ្រព្យសម្បត្តិ រួមមាន ម៉ូតូ និងគ្រឿងអលង្កា ហើយយកសព ទៅទម្លាក់ចោល ក្នុងព្រៃ រហូតធ្វើឲ្យសព ត្រូវបានសត្វស៊ី និងដង្កូវចោះ នៅសល់តែគ្រោងឆ្អឹង ។
យោងតាម ប្រភពព័ត៌មាន ពីសមត្ថកិច្ចបាន ឲ្យដឹងថា ការចាប់ខ្លួន ជនសង្ស័យរូបនេះ បានធ្វើឡើងកាល ពីវេលាម៉ោង ១២ថ្ងៃត្រង់ ទី១ ខែមករា ឆ្នាំ២០១៣ ពោលការចាប់ខ្លួននេះ បានកើតឡើង ក្រោយសពស្រ្តីរងគ្រោះ ត្រូវបានគេ ប្រទះឃើញ នៅសល់តែគ្រោងឆ្នឹង កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង ១៖១០នាទី ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ប្រជាពលរដ្ឋ បានប្រទះឃើញ សពមួយ នៅសល់តែគ្រោងឆ្នឹង ត្រូវគេយកទៅទម្លាក់ចោល ក្នុងតំបន់ព្រៃលើ ក្នុងភូមិបាក់កូក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ប៉ុន្តែមុនដំបូង គេមិនដឹងថា សពនោះជាស្រី ឫប្រុសនោះទេ ។
សមត្ថកិច្ចបាន បញ្ជាក់ទៀតថា ក្រោយពីមានករណីនេះ កើតឡើង សមត្ថកិច្ចជំនាញ ស្រុកត្រាំកក់ បានសហការ ជាមួយកម្លាំង សមត្ថកិច្ចជំនាញផ្សេងទៀត ក្រោមការបញ្ជា ពីលោកស្នងការនគរបាល អ៊ុក សំណាង ទើបសមត្ថកិច្ចបាន ឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យនេះតែម្តងទៅ។
បើតាម សមត្ថកិច្ច ក្រោយធ្វើកោសល្យវិច្ច័យ ដែលអូសបន្លាយដល់ ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ដោយសារតែ មានព្រៃច្រើននោះ សពត្រូវបានគេស្គាល់ថា ជាភេទស្រី មានឈ្មោះ ជួង ចាន់ធី ហៅ ជឿន ចាន់នី អាយុ២៩ឆ្នាំ មុខរបរជាកម្មករ កាត់ដេរ រស់នៅភូមិដូងកុក សង្កាត់បឹងធំ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានប្តី និងកូនពីរនាក់ នៅក្នុងបន្ទុក ។
បើតាម សមត្ថកិច្ច ស្រ្តីរងគ្រោះ បើទោះមានប្តី និងកូននៅក្នុងគ្រួសារ តែលួចមានទំនាក់ទំនង ជាមួយជនសង្ស័យ ខាងលើនេះ។ មន្រ្តីនគរបាល ស្រុកត្រាំកក់ បានបន្តថា តាមសាច់ញាតិ ជនរងគ្រោះ គឺស្រ្តីរងគ្រោះ បាត់ខ្លួន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២ តែមិនដឹងថា ទៅណានោះទេ។ ខណៈបាត់ខ្លួននោះ ស្រ្តីរងគ្រោះ ត្រូវបានជនសង្ស័យ នាំទៅខេត្តតាកែវ ហើយនៅថ្ងៃកើតហេតុ ស្រ្តីរងគ្រោះ ត្រូវបាន ជនសង្ស័យ នាំយកទៅក្នុងព្រៃ ដើម្បីប្លន់ម៉ូតូ និងគ្រឿងអលង្កា ហើយឈានទៅដល់ការ វាយសម្លាប់ ជនរងគ្រោះតែម្តង។
បើតាមសមត្ថកិច្ច ជនសង្ស័យដែល ត្រូវចាប់ខ្លួន ខាងលើនេះ មានឈ្មោះ ស៊ុន ថែន អាយុ៣២ឆ្នាំ រស់នៅភូមិប្រជុំ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរជា ជាងផ្សាដែក និងធ្វើស្រែ។
នៅចំពោះ មុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលខ្លួន វាយសម្លាប់ ជនរងគ្រោះ ពីព្រោះខ្លួនបានប្រាប់ ជនរងគ្រោះថា ចង់រស់នៅជាមួយ អស់មួយជីវិត ខណៈខ្លួន ជាពោះម៉ាយ ប៉ុន្តែត្រូវស្រ្តីរងគ្រោះ បដិសេធ ហេតុដូចេ្នះហើយ ក៏សម្លាប់តែម្តងទៅ ហើយប្លន់យក ទ្រព្យសម្បត្តិ រួមមានម៉ូតូ មួយគ្រឿង និងគ្រឿងអលង្កា មួយចំនួន ដែលជនរងគ្រោះ ពាក់នៅ ជាប់នឹងខ្លួន។ ជនសង្ស័យបានបន្តថា ខ្លួនមានទំនាក់ទំនង ជាមួយជនរងគ្រោះ បើទោះបី ជាជនរងគ្រោះ មានប្តី និងកូនក៏ដោយនោះ ។
ក្រោយការចាប់ខ្លួន សមត្ថកិច្ចបាន ដកហូត ស្លាកលេខ ម៉ូតូរបស់ ជនរងគ្រោះ និងវត្ថុតាង មួយចំនួនទៀត។ សមត្ថកិច្ចបានបន្តថា ក្រោយចាប់ខ្លួន ជនសង្ស័យ រូបនេះ ត្រូវបានបញ្ជូន ទៅកាន់ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល ខេត្ត ដើម្បីបញ្ជូន សំណុំរឿងទៅតុលាការ។ មន្រ្តីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យ រូបនេះ ត្រូវបានសមត្ថកិច្ច បាននិងកំពុង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់ ។
នេះជាស្នាដៃថ្មីមួយទៀត របស់សមត្ថកិច្ច ពាក់ព័ន្ធ នានា ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីលោក ស្នងការនគរបាលខេត្ត អ៊ុក សំណាង ក្នុងការតាម ស្វែងរក ចាប់ខ្លួន ជនសង្ស័យ ក្នុងអំពើឃាតកម្ម ខាងលើនេះ៕