ភ្នំពេញ៖ ជនជាប់ចោទ អៀង ធីរិទ្ធ ត្រូវបានអង្គជំនុំជម្រះតុលាការរកំពូល នៃសាលាក្តីខ្មែរ ក្រហមដោះលែង ជាបណ្តោះអាសន្ន នៅវេលាម៉ោង១និង៤០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២នេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ.វ.ត.ក ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ ដែលមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន បានឲ្យដឹងថា ដោយអនុលោមតាមវិធាន៨២(៦)នៃវិធានផ្ទៃក្នុង ធ្វើការ សម្រេចលើសំណើរបស់សហព្រះរាជអាជ្ញា សុំផ្អាកសេចក្តីសម្រេចដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ដោយគ្មានលក្ខខណ្ឌ របស់អង្គជំនុំជម្រះសាលាដំបូង។ ដោយសម្រេច ថា ជនជាប់ចោទ អៀង ធីរិទ្ធ ដោះលែង ជាមួយលក្ខខណ្ឌបណ្តោះអាសន្ន ចំនួន៣ចំណុច
ទី១-ជនជាប់ត្រូវជូនដំណឹងដល់អង្គជំនុំជម្រះអំពីអាសយដ្ឋានដែលខ្លួនត្រូវស្នាក់នៅ ហើយមិនត្រូវផ្លាស់ប្តូរទីលំ នៅដោយមិនមានការអនុញ្ញាតពីអង្គជំនុំជម្រះឡើយ។
ទី២-ជនជាប់ចោទត្រូវបានប្រគល់លិខិតឆ្លងដែន និងឯកសារធ្វើដំណើរពាក់ព័ន្ធដទៃទៀត ហើយមិនត្រូវ ចេញ ក្រៅព្រំប្រទល់ដែនដីនៃប្រទេសកម្ពុជាឡើយ។
ទី៣-ជនជាប់ចោទត្រូវគោរពតាមដីកាកោះដែលចេញដោយតុលាការ។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត ភក្រ្តា មានប្រសាសន៍ថា លោកស្រី អៀង ធីរិទ្ធ ត្រូវបានដោះលែង នៅរសៀលម៉ោង១ ថ្ងៃទី១៦ ខែកញ្ញា នេះហើយ ដោយមានលក្ខខណ្ឌ ភ្ជាប់ ជាមួយផងដែរ។ ក្នុងនោះចំណុច សំខាន់ដែលតុលាការបានហាមឃាត់ គឺមិនត្រូវទាក់ទងជាមួយជនជាប់ចោទផ្សេងទៀតទេ សាក្សី អ្នកជំនាញ និងជនរងគ្រោះជាដើម។
វិធានការបណ្តោះអាសន្ននេះ មានសុពលភាព រហូតដល់អង្គជំនុំជម្រះ តុលាការចញសេចក្តីសម្រេច ទាំងស្រុង លើបណ្តឹងសារទុក្ខរបស់សហព្រះរាជអាជ្ញា។ ការដោះលែងនេះ ដោយសារតែក្រុមវេជ្ជបណ្ឌិត នៃសាលាក្តីខ្មែរ ក្រហម រកឃើញថាមានជំងឺភ្លេចការចងចាំធ្ងន់ធ្ងរ។
លោកស្រី អៀង ធីរិទ្ធជាជនជាប់ចោទម្នាក់ក្នុងចំណោម៤នាក់ក្នុងសំណុំរឿង០០២របស់សាលាក្តីខ្មែរក្រហម៕