ភ្នំពេញៈ បណ្តានិស្សិតបញ្ចប់ថ្នាក់អនុបណ្ឌិតច្បាប់ ជំនាន់ទី៩និង១០ ជាង៣០នាក់ នៃសាកលវិទ្យាល័យ បៀលប្រាយ (BBU) នៅថ្ងៃអាទិត្យនេះ បាននាំគ្នាប្រារព្ធកម្មវិធី រលឹកគុណ សាស្រ្តាចារ្យ ដែលបានខិតខំ យកអស់កំលាំងកាយចិត្ត ស្មារតីបង្ហាត់បង្ហាញ និស្សិតនាពេលកន្លង។
ព្រះតេជគុណ កែវ ចន្ទមុនី ដែលជាអ្នកផ្តួចផ្តើមគំនិតនិងរៀបចំកម្មវិធីនេះឡើង បានមានព្រះ ថេរដីកាថា កម្មវិធី គឺជាការសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកសាស្រ្តាចារ្យបណ្ឌិត ជាពិសេស លោក សាស្រ្តាចារ្យបណ្ឌិត ហេង វង្សប៊ុនឆាត លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ លោកសាស្រ្តាចារ្យបណ្ឌិត សាយ បូរី និងលោក សាស្រ្តាចារ្យ ឡាំ ជា។
លោកសាស្រ្តាចារ្យបណ្ឌិត ហេង វង្សប៊ុនឆាត និងលោកសាស្រ្តាចារ្យ ឡាំ ជា បានថ្លែង ស្រដៀង គ្នាថា កម្មវិធី នេះជាលើកទី១ ដែលលោកបានជួប ក្នុងបទពិសោធន៍ ដែល លោកបង្រៀននិស្សិត។ លោកបន្តថា លោកពិត ជាមានមោទនភាពចំពោះបណ្តានិស្សិត របស់ លោកជាពិសេសនិស្សិតក្រុមD13 D14 និងD15 ដែលបានផ្តល់ គុណតំលៃពិសេសដល់រូបលោកដែលលោកមិនធ្លាប់ជួបប្រទះ។
លោកសយសុភានិស្សិតទើបបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតច្បាប់នៃសាកលវិទ្យាល័យ បៀលប្រាយ ថា លោក ពិតជាមានសេចក្តីដឹងគុណអនេកកប្បការ ចំពោះគុណូបការៈរបស់លោក សាស្រ្តាចារ្យទាំងអស់ មិនត្រឹមតែ នៅថ្នាក់ឧត្តមសិក្សាប៉ុណ្ណោះ ប៉ុន្តែថែមទាំងលោកគ្រូ អ្នកគ្រូ ចាប់តាំងពីសាលាមតេយ្យ ដែលបានបង្ហាត់ បង្រៀនព្រមទាំងអប់រំណែនាំ ឱ្យក្លាយជា កូនល្អ មិត្តល្អ និងពលរដ្ឋល្អផងដែរ។
បន្ថែមលើសនេះលោកសាស្រ្តាចារ្យបណ្ឌិត ហេង វង្សប៊ុនឆាត ក៏បានស្នើឱ្យនិស្សិតទាំង ឡាយ យក ចំណេះវិជ្ជា ដែលខ្លួនទទួលបានទៅបម្រើ សង្គមជាតិ ស្ថាប័នអង្គភាពនិងក្រុមហ៊ុន របស់ខ្លួន ឱ្យកាន់តែ រីកចម្រើនថែមទៀត ៕