ភ្នំពេញ៖ ផែថ្មីរបស់កំពង់ផែភ្នំពេញ ដែលគ្រោងនឹងបើកឲ្យដំណើការ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ខាងមុខនេះ ដោយមានសមត្ថភាពផ្ទុកទំនិញ បាន១៦ម៉ឺន កុងតឺន័រក្នុង១ឆ្នាំ នឹងជួយឲ្យកំពង់ផែភ្នំពេញមានសមត្ថភាព ផ្ទុកទំនិញកើនឡើង៣ដង បើធៀបនឹងសមត្ថភាព ដែលកំពង់ផែនភ្នំពេញ មាននៅពេលបច្ចុប្បន្ន។ កំពង់ផែ ចាស់ ដែលមានទីតាំង ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ មានសមត្ថភាព អាចមានសមត្ថភាពផ្ទុកទំនិញ បានប្រមាណជាង៨ម៉ឺនកុងតឺន័រ។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោក ហ៊ឺ បាវី បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ថា កំពង់ផែថ្មី ដែលមានទីតាំង ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងត្រូវសម្ពោធ ដាក់ឲ្យដំណើការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ។ តម្លៃសាង សង់កំពង់ផែថ្មីនេះ មានចំនួនប្រហែល ៦៨លានដុល្លារអាមេរិក ដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។
លោកមានប្រសាសន៍ថា «សមត្ថភាពរបស់កំពង់ផែថ្មី បូករួមជាមួយកំពង់ផែចាស់ នឹងធ្វើឲ្យកំពង់ផែភ្នំពេញ មានសមត្ថភាពកើនឡើង រហូតដល់៣ដង។ ការឡើងនេះនឹងជួយសម្រួលដល់ អតិថិជនឲ្យកាន់តែមានឱកាសច្រើន»។
លោកបន្ថែមថា ការបើកដំណើការកំពង់ផែថ្មី គឺជាការឆ្លើយតបនៅការកើនឡើង នៃទំនិញចេញ ចូល ដែលមានកំណើនជារៀងរាល់ឆ្នាំ។ ជាក់ស្តែងក្នុងឆ្នាំ២០១២ ទំនិញឆ្លងកាត់កំពង់ផែ ភ្នំពេញមានកើនឡើងចំនួន ១៧ភាគរយ បើធៀបនឹងឆ្នាំ២០១១។
តួលេខពីការិយាល័យស្ថិតិ នៃកំពង់ផែភ្នំពេញ បានឲ្យដឹងថា ឆ្នាំ២០១២ ទំនិញដែលឆ្លងកាត់កំពុងផែភ្នំពេញ មានចំនួន៩៥.៣៣៣TEUs (កុងតឺន័រ) ខណៈឆ្នាំ២០១១ មានត្រឹមតែ៨១.៦៣១ កុងតឺន័រប៉ុណ្ណោះ។ ទំនិញនាំចូល តាមកំពង់ផែភ្នំពេញភាគច្រើន ជាសម្ភារសំណង់ ផលិតផលប្រើប្រាស់ និងវត្ថុធាតុសម្រាប់រោងចក្រកាត់ដេរ ។ រីឯទំនិញដែលនាំចេញវិញ គឺសម្លៀកបំពាក់ និងផលិតផលកសិកម្ម៕