កំពង់ស្ពឺ៖ កម្មករ ជាង១០០នាក់ ដែលបម្រើការងារ នៅរោងចក្រFebric'art ស្ថិតនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ទុះការតវ៉ា ខណៈថៅកែ បានដឹកជញ្ជូនឥវ៉ាន់ ចេញពីក្នុងរោងចក្រ ដោយពុំមានប្រាប់មូលហេតុ ពិតប្រាកដដល់កម្មករ។
លោក សយ ចន្ធូ មន្រ្តីអង្កេតការសហជីពសេរីកម្មករ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ថា កម្មករជាង១០០នាក់ បានផ្ទុះការតវ៉ា បន្ទាប់ពីបានឃើញសកម្មភាពរបស់ ភាគីរោងចក្របានដឹកជញ្ជូន របស់របរប្រើប្រាស់ ក្នុងរោងចក្រចេញ កាលពីយប់ថ្ងៃទី៦ ខែមករា ហើយរហូត មកដល់ល្ងាចនេះ ក៏នៅតែបន្តសកម្មភាពដដែល ដែលជាហេតុធ្វើឲ្យ ក្រុមកម្មករអត់ទ្រាំ ក៏បានផ្ទុះការតវ៉ាតែម្តងទៅ ។
លោកបន្តថា បន្ទាប់ពីក្រុមកម្មករ ធ្វើការរារាំងចំពោះការដឹកជញ្ជូននេះ ក្រុមហ៊ុនក៏បានផ្អាកសកម្មភាព ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមកម្មករ នៅតែឃ្លាំមើល សកម្មភាព ជាបន្តទៀត ព្រោះខ្លាចក្រែងថៅកែ លួចរើឥវ៉ាន់នៅពេលយប់។
លោកបន្ថែម ចំពោះការរើសឥវ៉ាន់នេះ ត្រូវបានក្រុមកម្មករដាក់ការសង្ស័យថា ប្រហែលជាថៅកែចង់បិទទ្វាររោងចក្រហើយ មិនទទួលខុសចំពោះកម្មករ ដោយមិនព្រម ផ្តល់ប្រាក់សំណង និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដល់កម្មករហើយមើលទៅ៕