ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានប្រកាសថា ចាប់តាំងពី ដើមឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្នមានមន្រ្តីជាង ៦០០នាក់ហើយ ដែលត្រូវបានបញ្ជូនមកនាយកដ្ឋាន ប្រកាសទ្រព្យសម្បត្តិ ។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុកមានប្រសាសន៍ប្រាប់ក្រុមសារព័ត៌មាន បន្ទាប់ពីបញ្ចប់ពិធីអបអរសាទរការប្រលងប្រណាំង ដោយស្ម័គ្រចិត្តរបស់សិស្សវិទ្យាល័យលើការយល់ដឹងអំពីសិទ្ធិ មនុស្សកាលពីល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ថា សរុបឈ្មោះមន្រ្តីទាំងអស់ ដែលបានបញ្ជូនរហូតមកដល់ថ្ងៃ ទី៧ ខែមករា នេះ មានជាង៦០០នាក់ហើយ ។
លោកបញ្ជាក់ថា «រហូតមកដល់ពេលនេះមានជាង៦០០នាក់ហើយ ហើយយើងបានធ្វើលិខិតទៅគ្រប់ក្រសួងសូមឲ្យបញ្ជូនបញ្ជីឈ្មោះ តើមន្រ្តីណាខ្លះ ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលហើយសូមជម្រាបថា មានក្រសួងតែពីរទេ ដែលមិនទាន់បញ្ជូនមកឲ្យយើង ដូចជា ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ»។
លោកមានប្រសាសន៍បន្តថា តាមច្បាប់កំណត់ការប្រកាសទ្រព្យសម្បត្តិជារបបពីរឆ្នាំម្តង ត្រូវធ្វើឡើងចាប់ពីថ្ងៃទី១ដល់៣១ ខែមករា ហើយនាយដ្ឋានប្រកាសទ្រប្យសម្បត្តិត្រូវធ្វើការងារ៧ថ្ងៃលើ៧ថ្ងៃ៕