ភ្នំពេញ៖ អ្នកបើករថយន្ដតាក់ស៊ីម៉ែត្រពណ៌ស របស់ ក្រុមហ៊ុនក្លូបល បានបង្កគ្រោះថ្នាក់ ចរាចរ ដោយបានបើករថយន្ដរបស់ខ្លួនយ៉ាង លឿន នៅលើកំណាត់ផ្លូវព្រះនរោត្ដម ទល់ មុខរោងកុនលុច្ស រួចបត់ចូលតាមផ្លូវលេខ ១៥៤ ស្ថិតក្នុងខណ្ឌដូនពេញ ហើយបុកម៉ូតូ វីវ៉ា មួយគ្រឿង បណ្ដាលឱ្យអ្នកបើកបាក់ជើង បីកំណាត់ រីឯអ្នកជិះពីក្រោយរងរបួសស្រាល។
គ្រោះថ្នាក់ចរាចរខាងលើនេះ សមត្ថកិច្ច មិនបានឃាត់ខ្លួនអ្នកបើករថយន្ដតាកស៊ីម៉ែត្រនោះឡើយ ពោលរូបគេ បានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ គឺឃាត់បានតែរថយន្ដ ប៉ុណ្ណោះ ខណៈដែលបក្ខពួករបស់អ្នកបើក ដែលតែងតែបង្កភាពរញ៉េរញ៉ៃនិងអាងគ្នីគ្នា ពេលមានគ្រោះថ្នាក់ចរាចរកើតឡើងម្ដងៗ នោះ ទៅលើគ្នីរបស់គេ បានធ្វើដំណើរមក កាន់កន្លែងកើតហេតុ បំណងចង់អន្ដរាគមន៍ យករថយន្ដទៅវិញ ប៉ុន្ដែរថយន្ដត្រូវបាន កម្លាំងនគរបាលចរាចរណ៍ជើងគោក ស្ទូចយក ទៅរក្សាទុក ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ។
យោងតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃ ទី១០ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅលើ ផ្លូវព្រះនរោត្ដម កែងផ្លូវលេខ១៥៤ ខណ្ឌដូន ពេញ ។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ អ្នកបើករថយន្ដតាក់ស៊ីម៉ែត្រ បានបើករថយន្ដ តាមបណ្ដោយផ្លូវព្រះនរោត្ដម លុះមកដល់ មុខរោងកុនលុច្សក៏បត់ចូលផ្លូវលេខ១៥៤ ហើយក៏បុកអ្នកជិះម៉ូតូពីរនាក់ បណ្ដាលឱ្យ អ្នកបើកឈ្មោះភោគ វ៉ាន់ណេត ភេទប្រុស អាយុ២៦ឆ្នាំ បាក់ជើងបីកំណាត់ ត្រូវបញ្ជូន ទៅកាន់មន្ទីរពេទ្យ រីឯអ្នកជិះពីក្រោយ ដែល មិនស្គាល់ឈ្មោះរងរបួសស្រាល។
ក្រោយកើតហេតុ អ្នកបើករថយន្ដបង្ក រត់គេចខ្លួន ដោយទុករថយន្ដចោល រួចសមត្ថ កិច្ចបានស្ទូចទាំងម៉ូតូនិងរថយន្ដយកទៅរក្សា ទុក ដើម្បីចាត់ការបន្ដ៕