ស្វាយរៀង៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ការពារជាតិ លោក ទៀ បាញ់ បានថ្លែងឲ្យដឹងថា ក្នុងចំណោមនាយ ទាហានជាន់ខ្ពស់នៅ ក្រសួងការពារជាតិ ភាគច្រើនបំផុត គឺចេញមកពីប្រភព ខេត្តស្វាយរៀង។
ថ្លែងនៅក្នុងពិធីសម្ពោធ ឆ្លងស្រះទឹក និងសមិទ្ធផលនានា នៅក្នុងវត្តបន្ទាយ ដែលស្ថិតនៅក្នុង ឃុំបន្ទាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៣នេះ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងឲ្យដឹងថា មានឧត្តមសេនីយ៍ ជាច្រើន ដែលកំពុងតែបំរើការនៅ ក្រសួងការពារជាតិ អគ្គសេនាធិការ និងនៅតាម ភូមិភាគនានា គឺឧត្តមសេនីយ៍ទាំងអស់នោះ មានកំណើតនៅក្នុង ខេត្តស្វាយរៀងជាពិសេស មាននាយឧត្តសេនីយ៍ ផ្កាយមាស៤ជាច្រើននាក់ ក៏មានកំណើតនៅក្នុង ខេត្តនេះដែរ។
លោកបានថ្លែងថា «វាជាកិត្តិយសខ្លាំងណាស់សម្រាប់ប្រជាជន ខេត្តស្វាយរៀងទាំងមូល ដែលមានមន្រ្តី មានកំណើត នៅក្នុងខេត្ត របស់ខ្លួនមានតួនាទី ខ្ពង់ខ្ពស់នោះ»។
លោកឧបនាយករដ្ឋមន្រ្តី បានប្រសាសន៍បន្តទៀតថា ការដែលមានមន្រ្តីជាន់ខ្ពស់ ជាច្រើនបានធ្វើការ ក្នុងតំណែងធំៗ នោះ ពួកគេនឹងមិនបំភ្លេចភូមិកំណើត ខ្លួនឯងនោះឡើយ ពោលគឺពួកគេនឹងជួយ កសាងសមិទ្ធផល នានានៅក្នុងស្រុកកំណើត ខ្លួនឯងជាក់ជាពុំខាន ដូចជាថ្ងៃនេះជាដើម លោកឧត្តមសេនីយ៍ឯក ចៅ ភិរុណ ដែលមានស្រុកកំណើត នៅទីនេះ លោកបាន កសាងសមិទ្ធផល ច្រើនណាស់ទាំងនៅ ក្នុងពុទ្ធចក្រ និងអាណាចក្រ ដែលការកសាងទាំងនេះ វាស្របទៅនឹងគោល នយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជាដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។
ឆ្លៀតនៅក្នុងឱកាសនោះ លោក ទៀ បាញ់ ក៏បានរំលឹកប្រាប់ប្រជាពលរដ្ឋ ដែលចូលរួមទាំងអស់ អំពីរយៈពេលជាង៣០ឆ្នាំ ដែលយើងទាំងអស់គ្នា ត្រូវបានរំដោះចេញពីរបប សាហាវយង់ឃ្នង ប៉ុល ពត ដោយស្នាដៃ គណបក្សប្រជាជនកម្ពុជា ហើយយើងមានសន្តិភាព ពិតប្រកដតែទើបជាង ១០ឆ្នាំប៉ុណ្ណោះក្រោម នយោបាយឈ្នះឈ្នះ របស់តេជោ ហ៊ុន សែន។
ប្រទេសកម្ពុជាយើងនឹងធ្វើការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៥ក្នុងពេលឆាប់ៗ ខាងមុខនេះ ដូច្នោះចាប់ពីពេល ឥឡូវនេះ ចាប់ផ្ដើមមានអ្នកនយោបាយ ខ្លះដើរឃោសនា និងវាយប្រហារថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជាបណ្ដើរៗហើយ ដើម្បីស្វែងរកសន្លិកឆ្នោត។ ដូច្នោះសូមប្រជាពលរដ្ឋទាំងអស់ គិតពិចារណាឲ្យមែនទែន ថាតើអ្នកណាម្នាក់ដែលនៅ ជា មួយយើង ពេលដែលយើងកំពុងតែ មានទុក្ខលំបាក? ហើយតើអ្នកណាដែល បានកសាងសមិទ្ធផល ជាច្រើនសម្រាប់យើង ទាំងអស់គ្នា? គឺមានតែគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺ មានតែសម្ដេចទាំងបី ដែលតែងតែដឹងសុខទុក្ខ ប្រជាជន គ្រប់ពេល។ ហេតុដូច្នោះហើយ សូមបងប្អូនទាំង អស់បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឲ្យឈ្នះ៥អសនៈលើ៥អសនៈ ដូចអាណត្តិ មុននៅក្នុង ខេត្តស្វាយរៀងនេះ៕