Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ្នកនាំ ភ្ញៀវទេសចរ មិនបាននាំភ្ញៀវ ទៅមើលផ្ទាំងថ្ម មិនទាន់ឆ្លាក់រួច នៅអង្គរធំ

$
0
0

-បណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ៖ ផ្ទាំងគំនូរ ដែលឆ្លាក់ មិនទាន់រួច នៅប្រាសាទ អង្គរធំ គ្មានអ្នកណាម្នាក់ អាចបកស្រាយ បានឡើយ

ភ្នំពេញ៖ តាមការសង្កេតជាក់ស្តែង នៅប្រាសាទអង្គរធំ មគ្គុទេ្ទសក៍ទេសចរ ដែលដឹកនាំ និងជាអ្នកអត្ថាធិប្បាយ ប្រាប់ភ្ញៀវទេសចរ អំពីរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែរ និង បញ្ហាផ្សេងៗទៀត នៅតាមប្រាសាទនានា ពិសេសប្រាសាទអង្គរធំ មិនបាននាំភ្ញៀវទៅមើលផ្ទាំងថ្ម ដែលមិនទាន់ឆ្លាក់រួចរាល់នោះទេ។

តាមការឃ្លាំមើលជាក់ស្តែង ពីមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នគរបាលទេសចរ និងឆ្មាំការពារប្រាសាទអង្គរធំ បានឲ្យដឹងថា ពួកគេសង្កេតឃើញថា កន្លងមកក្រុម មគ្គុទេ្ទសក៍ទេសចរ មិនដែលបានបង្ហាញ ឬណែនាំភ្ញៀវទេសចរ ឲ្យបានដឹងពីប្រវត្តិសាស្រ្តរបស់ខ្មែរ ដែលស្ថិតនៅលើផ្ទាំងចម្លាក់ មិនទាន់រួចនោះ ឡើយ ដូចជា ផ្ទាំងចម្លាក់មួយចំនួន នៅជ្រុងខាងជើង និងផ្ទាំងមួយនៅជ្រុងខាងកើត។

មគ្គុទេ្ទសក៍ទេសចរណ៍ម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅក្បែរផ្ទាំងថ្មមិនទាន់ឆ្លាក់រួចហើយនោះថា មូលហេតុដែលពួកគេ មិនបានណែនាំក្រុមភ្ញៀវទេចរ ឲ្យបានដឹងពីប្រវត្តិសាស្រ្ត និងអត្ថន័យនៅតាមផ្ទាំងថ្មចម្លាក់លើជញ្ជាំងថ្ម ដែលបុព្វបុរសខ្មែរនៅសម័យ នោះមិនទាន់បានឆ្លាក់រួចរាល់ នោះ គឺដោយសារតែពួកភ្ញៀវទេសចរ គ្មានពេលវេលាគ្រប់គ្រាន់ដើម្បីទស្សនាឲ្យបានច្រើន។

ពាក់ព័ន្ធនឹងបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពុំអាចទាក់ទងសុំការបំភ្លឺ ពីប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បាននៅឡើយទេ ដោយមិនព្រមលើក ទូរស័ព្ទ។

អាជ្ញាធរអប្សរា ប្រចាំតំបន់ប្រាសាទអង្គរធំ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ថា មានទាំងភ្ញៀវជាតិ-អន្តរជាតិ ជាង២០០០នាក់ បានធ្វើដំណើរកម្សាន្ត ជារៀងរាល់ថ្ងៃនៅប្រាសាទអង្គរធំ ក្នុងទឹកដីខេត្តសៀមរាប ហើយប្រាសាទ ក៏មានការបាក់បែកនូវចំណុចផ្នែកសំខាន់ៗ នៃប្រាសាទផង ដែលអាជ្ញាធរកំពុង ត្រៀមលក្ខណៈ ក្នុងការជួសជុលឡើងវិញ។

លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ជាសាស្រ្តាចារ្យបណ្ឌិត ផ្នែកវិទ្យាសាស្រ្តនយោបាយ និង ជាអ្នកចេះដឹងច្រើន អំពីប្រវត្តិសាស្រ្តកម្ពុជា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ថា ចំពោះផ្ទាំងចម្លាក់នៅលើជញ្ជាំង ប្រាសាទអង្គរធំ ដែលបុព្វបុរសខ្មែរសម័យ នោះ ឆ្លាក់មិនទាន់រួចរាល់នោះ គឺគ្មានអ្នកណាម្នាក់ អាចដឹងអំពីមូលហេតុពិតប្រាកដឡើយ ពោលគឺសុទ្ធតែស្មានទាំងអស់គ្នា គ្មានអ្នកណាម្នាក់ ហ៊ានធានាអះអាងថា យ៉ាងណាឡើយ។

លោកថា «ប៉ុន្តែអ្វីដែលយើងអាចនិយាយបាន តាមការប៉ាន់ស្មាននោះគឺ ដោយសារតែវាអាចមានបញ្ហាមួយចំនួន ដែលមកបង្អាក់ការសាងសង់ ដូចជានៅសម័យនោះ ព្រះមហាក្សត្រ លោកយាងសោយទិវង្គត ឬមានសង្គ្រាម និងមានវិបត្តិនយោបាយផ្ទៃក្នុងអ្វីមួយទៅ ទើបធ្វើឲ្យស្នាដៃ ចម្លាក់ទាំងនោះសាងសង់មិនទាន់រួចរាល់»។
លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បានបញ្ជាក់ថា វាជាការល្អ ដែលក្រុមមគ្គុទេ្ទសក៍ទេសចររបស់ខ្មែរ មិនហ៊ានធ្វើការណែនាំ ឬបកស្រាយអ្វីប្រាប់ ក្រុមភ្ញៀវទេសចរ ឲ្យបានដឹង ទាក់ទងនឹងប្រវត្តិសាស្រ្ត នៅក្នុងផ្ទាំងថ្មឆ្លាក់មិនទាន់រួចនោះ ព្រោះបើសិនជាយើងបកស្រាយទៅ វាធ្វើឲ្យមានការខាតបង់ច្រើន ដែលអាចធ្វើឲ្យក្រុមភ្ញៀវទេសចរ អស់ជំនឿមកលើមគ្គុទេ្ទសក៍ទេសចររបស់ខ្មែរ បើសិនជាការបកស្រាយរបស់គេខុសពីការពិត គឺខុសនូវអ្វីដែលជាលក្ខណៈ វិទ្យាសាស្រ្ត អ្វីដែលជាប្រវត្តិសាស្រ្តពិតប្រាកដរបស់កម្ពុជា។

យ៉ាងណាក៏ដោយ លោកបណ្ឌិតសភាចារ្យ បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា គួរតែបើកឲ្យមានការស្រាវជ្រាវ រកពីមូលហេតុពិតប្រាកដបន្ថែមទៀត ព្រោះកន្លងមក ក៏មានអ្នកធ្វើការស្រាវជ្រាវដែរ ប៉ុន្តែគ្មានអ្នកណាម្នាក់ហ៊ានបង្ហាញ ពីមូលហេតុពិតប្រាកដនោះឡើយ។

ប្រាសាទអង្គរធំជាកន្លែង ដែលភ្ញៀវទេសចរ ចូលចិត្តទៅទស្សនាបំផុតដូចអង្គរតូចដែរ។ ប្រាសាទនេះបានកសាងឡើង នៅចុងសតវត្សរ៍ទី១២ ដល់ដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមាន ទីតាំងនៅចម្ងាយ ១.៦គីឡូម៉ែត្រ ខាងជើងអង្គរវត្ត (អង្គរតូច) ដែលមានទីសក្ការៈមួយចំនួន និងមានរូបចម្លាក់ជាច្រើន ប៉ុន្តែក៏មានរូបចម្លាក់ជាច្រើនផ្ទាំង មិនទាន់ត្រូវបានឆ្លាក់រួចរាល់នៅឡើយទេ។ ទីក្រុងអង្គរធំ មានក្រឡាផ្ទៃ ៩គីឡូម៉ែត្រការ៉េ បានកសាងឡើង ដោយព្រះមហាក្សត្រ ដ៏អស្ចារ្យរបស់សម័យអង្គរ គឺព្រះបាទ ជ័យវរ្ម័នទី៧ (គ្រងរាជពីឆ្នាំ១១៨១-១២០១)។ ចំណុចកណ្ដាលគឺ ប្រាសាទបាពួន អង្គរធំមានជញ្ជាំង របងព័ទ្ធជុំវិញកម្ពស់ ៨ម៉ែត្រ និងមានប្រវែង១២គីឡូម៉ែត្រ និងព័ទ្ធដោយគូទឹក ដែលមានទទឹង ១០០ម៉ែត្រ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

មគ្គុទ្ទេសក៍ទេសចរ កំពុងអត្ថាធិប្បាយ ប្រាប់ភ្ញៀវទេសចរ អំពីរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែរ

www.dap-news.com

មគ្គុទ្ទេសក៍ទេសចរ កំពុងអត្ថាធិប្បាយ ប្រាប់ភ្ញៀវទេសចរ អំពីរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែរ

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>