ភ្នំពេញ ៖ ក្រុមការងារទី៨ របស់រាជរដ្ឋាភិបាល ដែលមានលោកអ៊ិត សំហេង ជាប្រធាន គ្រោងបើកកិច្ចប្រជុំលើកទី១របស់ខ្លួន នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ខាង មុខនេះ ដើម្បីពិភាក្សាអំពីការដំឡើង ប្រាក់ឈ្នួលដល់កម្មករ កម្មការិនីរោងចក្រកាត់ដេរ និង ស្បែកជើង នៅក្រសួងសង្គមកិច្ច ហើយលទ្ធផល នៃកិច្ចប្រជុំនឹង ផ្តល់ក្តីសង្ឃឹម ដល់កម្មករគ្រប់រូប។
លោកសោម អូន ប្រធានក្រុមប្រឹក្សា សហជីពជាតិកម្ពុជា (CCNU) មានប្រសាសន៍បែបនេះ ទៅកាន់មេ ដឹកនាំសហជីព មូលដ្ឋាន មកពីតាមបណ្តារោងចក្រ សហ គ្រាសនានា ប្រមាណជាង១០០នាក់ នៅទីស្នាក់ការCCNU ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣នេះ ដើម្បីផ្សព្វផ្សាយ នូវផែនការ មួយចំនួនសម្រាប់យកទៅអនុវត្ត។
លោកសោម អូន បន្តថា កាប្រជុំពិភាក្សា អំពីប្រាក់ឈ្នួល កម្មករអាចនឹង ប្រជុំជាបន្តបន្ទាប់ រហូតដល់ ខែមីនា ឆ្នាំ២០១៣ទើបបញ្ចប់ ហើយកម្មករ កម្មការិនីកាត់ដេរនិង ស្បែកជើងនឹងទទួល បានប្រាក់ ឈ្នួល កាន់តែប្រសើរជាងនេះ ។ ដូច្នេះសូមមេដឹកនាំសហជីព តាមបណ្តារោងចក្រ យកឯកសារ គំរូផ្តិតមេដៃ កម្មករ កម្មការិនី សុំដំឡើងប្រាក់ខែ ព្រោះការធ្វើបែបនេះឱ្យត្រូវតាមនីតិវិធី និង តំណាងឱ្យ កម្មករទាំងអស់ ។ ម៉្យាងចៀសវាងបាននូវការលើកឡើង របស់អ្នកមួយ ចំនួនអួតខ្លួនឯងថា ខ្លួនជាអ្នកទាមទារ ទើបកម្មករឡើងប្រាក់ខែ។
លោកបានបន្តថា វិស័យកាត់ដេរ និងស្បែកជើង ក្នុងឆ្នាំ២០១២ កន្លងទៅនេះ មានការរីកចម្រើន យ៉ាង ខ្លាំងគឺរោងចក្រកើនឡើង រហូតដល់៧២៨រោងចក្រ កម្មករកើនឡើង ដល់ជាង៦០ម៉ឺននាក់ ហើយបាតុកម្ម កូដកម្មកើនឡើង១២១លើក ដែលកាលពីឆ្នាំ២០១១កម្ពុជា មានរោងចក្រជាង៥០០ កម្មករមានជាង៣៥ម៉ឺននាក់ រីឯបាតុកម្ម កូដកម្មមានត្រឹមតែ ៣៧លើកប៉ុណ្ណោះ ។ មូលហេតុបាតុកម្មកើនឡើងដោយសារតម្រូវការ កម្មករកើនឡើង ឬ ខ្វះកម្លាំងពលកម្ម ព្រោះរោងចក្រ បើកថ្មីថៅកែប្រកាសឱ្យប្រាក់ឈ្នួលខ្ពស់ ធ្វើឱ្យកម្មករចាស់ ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ ហើយកូដកម្មមួយចំនួន ផ្តើម ឡើង ពីលក្ខខណ្ឌ ការងារមិនល្អ ។ ពាក់ព័ន្ធដល់សន្តិសុខ និង សុវត្ថិភាពការងារកម្មករ លោក សោម អូនបញ្ជាក់ថា សហព័ន្ធរបស់លោក បានចុះអនុសញ្ញារួម (CBA)បាន២៣រោងចក្រ ដោយ ចុះបញ្ជីការួចហើយ កំពុងចរចា៥រោងចក្របន្ថែមទៀត ។ សហព័ន្ធរបស់លោក មាន៥៣រោងចក្រ មានភាពជាតំណាងបំផុត ពោលគឺ មានកម្មករលើសពី៥០បូក១។ នៅក្នុងCBA ដែលសហព័ន្ធចុះ ហត្ថលេខា គឺមានអត្ថប្រយោជន៍ប្រសើរជាងច្បាប់ទៀតផង។
មេសហជីពរូបនេះ ក៍បានផ្សព្វផ្សាយនូវផែនការមួយចំនួន ដូចជាក្រោយពេលកម្មករឡើង ប្រាក់ខែគួរតែ ដំឡើង ប្រាកវិភាគទានពី១០០០រៀល ទៅ២០០០រៀល-ត្រៀនខ្លួនបរិច្ចាកឈាមជួយជនរងគ្រោះ-ផ្សារភ្ជាប់យុវកម្មករជាមួយយុវជនជាសិស្ស និស្សិត-បន្តរួមសាមគ្គីជួយគ្នា និង កម្មករត្រូវបាន ឈប់សម្រាក ក្នុងព្រះរាជពិធី ថ្វាយព្រះភ្លើងសម្តេចឪនៅថ្ងៃទី១ និង ទី៤មករាឆ្នាំ២០១៣ ខុសពីមន្ត្រី រាជការរដ្ឋ។ល។