ពោធិ៍សាត់៖ សកម្មភាពប្លន់មួយ បានកើតឡើង នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ប្រហែល១០៖១៥ នាទីព្រឹក ថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៣ បានបណ្តាលឲ្យកុមារា ម្នាក់អាយុ៧ឆ្នាំស្លាប់ ខណៈបងស្រី របស់ខ្លួន ពីរនាក់ផ្សេងទៀត រងរបួសធ្ងន់ ក្រោយពីមាន ជនសង្ស័យ វាយនឹងដំបង ដើម្បីប្លន់យកម៉ូតូ មួយគ្រឿង ។
ហេតុការណ៍នេះបាន កើតឡើង ខណៈឪពុកម្តាយ របស់ក្មេង រងគ្រោះ បានទៅធ្វើការ ជាកម្មករ ដាំដំឡូង ហើយទុកឲ្យកូនៗ នៅផ្ទះដូច សព្វមួយដង។
អធិការនគរបាល ស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក ប៊ិន វណ្ណា បានឲ្យដឹងថា ក្មេងប្រុសដែល ស្លាប់នោះ មានអាយុ៧ឆ្នាំ និងជាប្អូនពៅ ហើយក្មេងស្រីពីរនាក់ផ្សេងទៀត ដែលត្រូវ ជាបងស្រី មានអាយុជាង១០ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងបញ្ជូន មកមន្ទីរពេទ្យ កាល់ម៉ែត ក្នុងរាជធានីភ្នំពេញ ។
លោក ប៊ិន វណ្ណា បានបន្តថា តាមការសន្និដ្ឋាន របស់លោក គឺជនសង្ស័យ មានតែម្នាក់ឯង ហើយបានវាយក្មេង ទាំង៣នាក់ ជាបងប្អូនបង្កើតនឹងគ្នា ខណៈឪពុកម្តាយរបស់ពួកគេ ទៅធ្វើការ ជាកម្មករ ក្នុងចំការដំឡូង។
លោកបានបន្តថា ជនសង្ស័យបានវាយ នឹងដំបង ទៅលើក្មេងៗ ទាំងបីរនាក់ ប្រហែលដឹងថា ក្មេងៗទាំងនោះ ស្គាល់ ពេលចូលមក ប្លន់ម៉ូតូ។ លោកអធិការ បានបញ្ជាក់ថា ក្រោយធ្វើ សកម្មភាព ជនសង្ស័យ បានយកម៉ូតូ មួយគ្រឿង ម៉ាកសេ១២៥ គេចខ្លួនដោយ សុវត្ថិភាព។
យ៉ាងណាក៏ដោយ នៅពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះ របស់ខេត្តពោធិ៍សាត់ បាននិងកំពុង ធ្វើការស្រាវជ្រាវ យ៉ាងដុតដៃដុតជើង ដើម្បីតាមចាប់ ជនសង្ស័យ ខាងលើនេះ ដែលបានធ្វើ សកម្មភាព យ៉ាងសហាវព្រៃផ្សៃ លើកុមារដែលមិន ទាន់គ្រប់អាយុ៕