កណ្តាល៖ ដោយសារតែ ប្រជាពលរដ្ឋក្នុង ឃុំព្រែកគយ មានតម្រូវការចំបាច់ ក្នុងការបូមទឹកស្រោចស្រប់ ស្រូវប្រាំងក៏ដូចជា ដំណាំបន្លែបង្កា ក្នុងរដូវប្រាំងនេះ និងដើម្បីឆ្លើយតបតាម តម្រូវការរបស់ប្រជាពលរដ្ឋនោះ លោកអ៊ាវ ចំរើន ប្រធានគណៈពង្រឹង មូលដ្ឋាន ឃុំព្រែកគយ រួមនឹងក្រុមការងារ បាននាំយកម៉ាស៊ីន បូមទឹកចំនួន៥គ្រឿង និងប្រេងម៉ាស៊ូត ៤ប៊ីដុង ដែលជាអណោយ របស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ តាមរយៈលោក ហ៊ីង ប៊ុនហៀង យកទៅប្រគល់ជូន ប្រជាពលរដ្ឋក្នុង ឃុំព្រែកគយ ដើម្បីទុកបូមស្រោចស្រប់ ដំណាំកសិផល ។
ពិធីនេះក៏មានការអញ្ជើញ ចូលរួមពី លោក សែ សារឿន លោក ខឹម ច័ន្ទគិរី អភិបាលស្រុកស្អាង លោក សេង សុជាតិ អធិការនគរបាល ស្រុកស្អាង និងសមាជិក សមាជិការ គណបក្សប្រជាជន រួមទាំងប្រជាពលរដ្ឋជាច្រើនផងដែរ ។
កម្មពិធីបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ នៅក្នុងឱកាសប្រគល់ ម៉ាស៊ីនបូមទឹកនោះ លោក អ៊ាវ ចំរើន បានមាន ប្រសាសន៍ថា បន្ទាប់ពីមានសំណូមពរ ពីប្រជាពលរដ្ឋ តាមរយៈរូបលោក នឹងបន្តតាម រយៈលោក ហ៊ីង ប៊ុនហៀង សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ បានឲ្យម៉ាស៊ីនបូមទឹក ចំនួន៥គ្រឿង និងប្រេងម៉ាស៊ូត ចំនួន៤ប៊ីដុងស្មើនឹង១២០លីត្រ យកមកប្រគល់ជូន ប្រជាពលរដ្ឋក្នុងឃុំព្រែកគយ ដើម្បីទុកបូមស្រោចស្រប់ ស្រូវដែលមានការខ្វះខាត ទឹកក្នុងរដូវប្រាំងនេះ ។
លោកបានបន្តទៀតថា ចំពោះម៉ាស៊ីនទាំង៥គ្រឿងនេះ គឺរក្សាទុកនៅមន្ទីរបក្សឃុំព្រែកគយ ហើយប្រសិនបើ ប្រជាពលរដ្ឋនៅក្នុងភូមិណា ជួបការខ្វះខាត ទឹកគឺសូមឲ្យលោកមេ ឃុំយកមកប្រគល់ ឲ្យលោកមេភូមិ ដើម្បីជួយបូមទឹកដាក់ ស្រូវប្រជាពលរដ្ឋទៅតាម តម្រូវការរបស់ពួកគាត់ ។
លោកបន្តទៀតថា គណបក្សប្រជាជន គឺស្ថិតនៅជាមួយ ប្រជាជនជានិច្ច រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋហើយប្រសិនបើប្រជាជន ខ្វះខាតអ្វីមួយ គណបក្សប្រជាជន និងចុះជួយភ្លាមៗ មិនទុកឲ្យប្រជាពលរដ្ឋមួយណា ជួបនូវផលលំបាកនោះទេ ។
ចុងបញ្ចប់លោកបានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ សូមឲ្យជួយថែរក្សាទាំងអស់គ្នា ដើម្បីប្រើប្រាស់បាន យូរអង្វែង ពីព្រោះម៉ាស៊ីនទាំងអស់នេះ គឺជាសម្បត្តិរបស់បងប្អូនហើយ ៕