ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ថ្លែងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ថា កម្ពុជាមិនបានពុករលួយដើម្បី កឹបកេង លុយក្នុងការកសាងស្ពានអ្នកលឿងទេ ពីព្រោះជប៉ុនជាអ្នកដេញថ្លៃលើគម្រោងស្ពាននេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រ ដល់និស្សិតសកលវិទ្យាល័យ បញ្ញាសាស្រ្ត នៅព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣នេះ ដោយបានលើកឡើង ពីក្រុមហ៊ុនវិនិយោគ ដែលធ្វើការដេញថ្លៃ សម្រាប់កសាងសមិទ្ធផលមួយចំនួន ដែលជា ជំនួយរបស់បរទេសនោះ ធ្វើឡើងនៅក្នុងប្រទេសគេ ដូចជាជប៉ុនក្នុងការកសាង ស្ពានអ្នកលឿង ស្ពានគីហ្សូណា គឺដេញថ្លៃក្នុងទីក្រុងតូក្យូ ហើយ មានតែក្រុមហ៊ុនជប៉ុនប៉ុណ្ណោះ ចូលដេញថ្លៃ ដូច្នេះកុំមកបន្ទោសខ្មែរ និងចោទថា មានអំពើពុករលួយ។
សម្តេចបានបញ្ជាក់ថា “មានតែកុ្រមហ៊ុនជប៉ុនទេ ដែលអាចដេញថ្លៃបាន សូមទោស សូមបញ្ជាក់ ហើយចឹងទេ គេថាពុករលួយ ពុករលួយម៉េចទេ បើស្ពានអ្នកលឿងទៅសួរជប៉ុនទៅ ចាយអស់ប៉ុន្មានជារឿងរបស់ជប៉ុនទេ យើងអត់បានដឹងរឿងរ៉ាវទេ រឿងចាយប៉ុន្មាន អស់ប៉ុន្មាននោះ មានតែក្រុម ហ៊ុនជប៉ុនទេ ដែលមានសិទ្ធិចូលដេញថ្លៃបាន អីចឹងដេញថ្លៃត្រឹមត្រូវឬមិនត្រឹមត្រូវវាជារឿងជប៉ុន”។
សម្តេចបានបន្តថា រឿងមកបន្ទោសខ្មែរពុករលួយ វាអត់ត្រឹមត្រូវទេ គឺរាជរដ្ឋាភិបាល បានត្រឹមតែទៅបើកការដ្ឋាន និងកាត់ខ្សែបូរតែប៉ុណ្ណោះ ដូច្នេះកុំមកចោទផ្តេសផ្តាស៕