កំពង់ចាមៈ នគរបាល ខេត្តកំពង់ចាម និងនគរបាល ខេត្តព្រៃវែង កាលពីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ បានជួបជុំគ្នា បើកកិច្ចប្រជុំ ក្រោម ប្រធានបទ សហប្រតិបត្តការណ៍ ពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម តំបន់ភូមិសាស្ត្រ ព្រំប្រទល់នៃ ខេត្តទាំងពីរ នៅអធិការដ្ឋាន នគរបាល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាល ខេត្តកំពង់ចាម និងលោក ឧត្តមសេនីយ៍ វ៉ាន់ សារឿន ស្នងការនគរបាល ខេត្តព្រៃវែង រួមដោយលោក អភិបាលស្រុក ជាប់ព្រំប្រទល់និងស្នងការរង នៃខេត្តទាំងពីរ ជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំដែលមានរយៈពេល៤ម៉ោងនោះ តាមបទអន្តរាគមន៍ របស់នាយប៉ុស្តិ៍ ក៏ដូចជា លោកធិការនគរបាលស្រុក នៃខេត្តទាំងពីរ គឺផ្តោត សំខាន់ទៅលើ លទ្ធផលនៃការបង្ក្រាប បទល្មើសកន្លងមក និងកិច្ចសហប្រតិបត្តការ រវាងកម្លាំងនគរបាល នៅតំបន់ភូមិសាស្ត្រ ជាប់ព្រំប្រទល់នៃ ខេត្តព្រៃវែង. ខេត្តកំពង់ចាម ការផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក ដើម្បីរករិះរកយុទ្ធសាស្ត្រល្អៗ ក្នុងការសហការគ្នា បន្តបង្ក្រាបបទល្មើស នៅតំបន់ ជាប់ព្រំប្រទល់ ឲ្យបានលទ្ធផលកាន់តែ ប្រសើរជាងឆ្នាំ២០១២ ។
លោក ឧត្តមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺស្នងការនគរបាល ខេត្តទាំងពីរ មានបំណង ឲ្យកម្លាំងនគរបាលយើង ចេះសហការគ្នាឲ្យបានកាន់តែប្រសើរក្នុងការបង្ក្រាប បទល្មើស ក៏ដូចជាមុខសញ្ញាផ្សេងៗ ដែលកើតមាន នៅតំបន់ ជាប់ព្រំប្រទល់នៃខេត្តកំពង់ចាម. ព្រៃវែងយើងនេះ ។ ហើយម្យ៉ាងទៀត កម្លាំងនគរបាល យើងមានភារកិច្ចសំខាន់ណាស់ ក្នុងការការពារ សន្តិសុខ សុវត្ថភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ របស់យើង ពិសេសជាងនោះទៅទៀត កម្លាំងនគរបាល យើងត្រូវអនុវត្តទិសដៅ ខ្ពស់បំផុត ក្នុងការការពារ សន្តិសុខឲ្យបានល្អ មុនពេលឃោសនា បោះឆ្នោត រហូតដល់បោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ចប់ ក្នុងអាណត្តទី៥ ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនោះ។
ចំណែកលោកឧត្តមសេនីយ៍ វ៉ាន់ សារឿន ស្នងការនគរបាលខេត្តព្រៃវែង បានមានប្រសាសន៍ ផងដែរថា កន្លងមក លោកទទួលស្គាល់ថា កិច្ច សហប្រតិបត្តការណ៍ កម្លាំងសមត្ថកិច្ចនគរបាល ក្នុងតំបន់ភូមិសាស្ត្រ ជាប់ព្រំប្រទល់នៃ ខេត្តទាំងពីរ សម្រេចកិច្ចការបានជោគជ័យ គួរឲ្យកត់សម្គាល់ ក្នុងការបង្ក្រាបបទល្មើស ជាបន្តបន្ទាប់ដែលបាន កើតឡើងក្នុងឆ្នាំ២០១២ ។ ទោះជាយ៉ាងនោះក្តី យើងត្រូវជំរុញបន្តពង្រឹងកិច្ចសហប្រតិបត្តការនេះ ឲ្យបានកាន់តែប្រសើរ ថែមទៀតផងដែរ ក្នុងនោះយើងត្រូវមាន ការផ្តល់ព័ត៌មានឲ្យគ្នាទៅ វិញទៅមកឲ្យបាន ច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីឈានទៅបង្ក្រាប បទល្មើសផ្សេងៗ ទទួលបាន ជោគជ័យ ។លោក ស្នងការបានសង្កត់ធ្ងន់ថា ដើម្បីយើងក្តាប់បានសភាពការណ៍ ជុំវិញខ្លួន សមត្ថកិច្ចយើង ត្រូវតែធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋ ពោលគឺអ្នកផ្តល់ព័ត៌មាន ឲ្យយើងទាន់ពេលវេលា គឺប្រជាពលរដ្ឋដែលរស់នៅជុំវិញខ្លួនយើង តែម្តង ដូច្នេះសមត្ថកិច្ចយើង ត្រូវធ្វើអំពើល្អ និងមានការទំនាក់ទំនងល្អ ជាមួយពួកគាត់។ហើយការជួបប្រជុំថ្ងៃនេះ លោក រំពឹងថា កម្លាំង នគរបាល ខេត្តកំពង់ចាម និងខេត្តព្រៃវែង និងរួមសហការណ៍គ្នា អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព និងបង្ក្រាបបទល្មើស ឲ្យនៅទាបបំផុតនៅ ក្នុងឆ្នាំ២០១៣នេះ ៕