ភ្នំពេញ៖អគ្គលេខាធិការគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា បានថ្លែងឲ្យដឹង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ថា មិនទាន់ដល់ពេលវេលាសមរម្យ ណាមួយត្រូវជួបពិភាក្សា ការងារជាមួយ គណបក្ស ប្រឆាំងឬក៏ក្រុមអង្គការ សង្គមស៊ីវិល ក្នុងការផ្តល់យោបល់ លើសេចក្តីព្រាងបទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត ជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៥ ។
ការអះអាងរបស់លោក បែបនេះត្រូបានធ្វើឡើងបន្ទាប់ពីគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានដាក់លិខិត មួយច្បាប់រួមគ្នាទៅ គ.ជ.ប កាលពីថ្ងៃទី១៥ ខែមករា ដើម្បីស្នើសុំជួបប្រធាន និងសមាជិក គ.ជ.ប នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ខាងមុខនេះ។
លោក ទេព នីថា មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ ថា លោកបានទទួលលិខិតនេះរួចរាល់អស់ហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាមិនទាន់ដល់ពេលវេលា ត្រូវ ជួបគ្នានោះទេ ព្រោះ គ.ជ.ប បានចេញសេចក្តីព្រាងបទបញ្ជា នីតិវិធីទៅគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ដើម្បីឲ្យផ្តល់ អនុសាសន៍ជាលាយលក្ខណ៍ អក្សរហើយផ្ញើមក គ.ជ.ប ដើម្បីធ្វើការពិចារណាលើបញ្ហា ទាំងអស់នេះ។ បន្ទាប់មកទៀត គ.ជ.ប នឹងកោះហៅគ្រប់ភាគីពាក់ព័ន្ធធ្វើការ ជួបប្រជុំពិភាក្សា អំពីអ្វីដែលគាត់លើកឡើង និងអ្វីដែលខាង គ.ជ.ប បានយល់ឃើញ និងពន្យល់ទៅដល់ពួកគាត់វិញ។
លោកបញ្ជាក់ថា “ វាមិនទាន់ដល់ពេលដែលត្រូវជួបទេ ហើយប្រសិនបើយើងចេះតែជួបគ្រប់ភាគីទាំងអស់ យើងអត់មានពេលទេ ព្រោះថាគណបក្សមានច្រើនអង្គការមិនមែនរដ្ឋាភិបាល ក៏មានច្រើនដែលបានផ្តល់ អនុសាសន៍ អីចឹងទេបើយើងចេះតែជួបមួយៗ អីចឹងយើងអត់មានពេលធ្វើការទេ ហើយចាំដល់ពេលបាន អនុសាសន៍ទាំងអស់ យើងសិក្សានូវចំណុចនីមួយ ហើយហៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់មកពិភាក្សាគ្នា”។
ក្នុងលិខិតដែលចុះហត្ថលេខា ដោយ លោក គង់ គាំ ប្រធានគណបក្សសមរង្ស៊ី និងលោក កឹម សុខា ប្រធាន គណបក្សសិទ្ធិមនុស្សនោះ បានឲ្យដឹងថា គណបក្សបានពិនិត្យលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ហើយឃើញមានចំណុចខ្វះខាតជាច្រើន អំពីយន្តការ និងដំណើរការរៀបចំការបោះឆ្នោតដែលនឹងធ្វើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនេះ មិនមាន លក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងគោលការណ៍ស្មើភាពដល់គ្រប់គណបក្ស នយោបាយដែលចូល រួមប្រកួតប្រជែងក្នុងការបោះឆ្នោត។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រនេះនឹងប្រព្រឹត្តិឡើងនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ៕