ភ្នំពេញ៖ សភាកម្ពុជាបានសម្រេច នូវជោគជ័យធំៗមួយចំនួន ក្រោយពីកិច្ចប្រជុំមហាសន្និបាត លើកទី៣៣ នៃ អន្តរសភាអាស៊ាន ហៅកាត់ថា (អាយប៉ា) ដែលរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី១៦-២២ ខែកញ្ញា ឆ្នាំ២០១២ នៅក្នុង ទីក្រុងឡុមបុក សាធារណរដ្ឋឥណ្ឌូនេស៊ី។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយរៀបចំ ធ្វើឡើងដោយ លោក ឈាង វុន ប្រធានគណៈ កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា បន្ទាប់ពីលោកបាន ដឹកនាំគណៈប្រតិភូសភាជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា វិលត្រឡប់មកពីកិច្ចប្រជុំ អាយប៉ា នៅប្រទេស ឥណ្ឌូនេស៊ី នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២ នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។
លោកបានមានប្រសាសន៍ថា សភាកម្ពុជាបានសម្រេចជោគជ័យធំៗមួយចំនួន ក្នុងកិច្ចប្រជុំនេះ ដែលក្នុងនោះ បានសម្រេចលទ្ធផលធំៗ ពីររួមមាន ទី១-ការមិនលើកយកប្រធានបទពាក់ព័ន្ធ និងដំណោះស្រាយ បញ្ហាចិន សមុទ្រខាងត្បូង។ ទី២- ការស្នើយកទំនាស់ ឈូងសមុទ្រចិនខាងត្បូង ទៅពិភាក្សាជាពហុភាគី ក្នុងកិច្ចពិភាក្សា រវាងអាយប៉ា និងប្រទេសចិន។ ចំណុចទាំងពីរនេះ ជាចំណុចក្តៅនៃនយោបាយ ក្នុងតំបន់សព្វថ្ងៃ ដែលសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានធ្វើការដោះស្រាយដើម្បី បន្ធូរបន្ថយភាពតានតឹងនេះ។
លោកបន្តថា "ដើម្បីបន្ធូរបន្ថយនូវភាពតានតឹងនេះ សម្តេច ហ៊ុន សែន ក្នុងតួនាទីជាប្រធានអាស៊ាន ក៏ដូចជា លោក ហោ ណាំហុង ក្នុងនាមប្រមុខការទូតរបស់អាស៊ាន បានខំប្រឹងប្រែងធ្វើយ៉ាងណាកុំឲ្យរឿងទំនាស់ ដែលជា ទំនាស់របស់ប្រទេសមួយ ជាចំណុច ដែលត្រូវពិភាក្សាគ្នាក្នុងវេទិកាអាស៊ាន"។
លោក ឈាន វុន បន្ថែមថា ជំហររបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា ដែលម្ខាងទទួលបាននីតិប្រតិបត្តិ និង ម្ខាងទៀតទទួលខាងអង្គការនីតិបញ្ញត្តិ ដែលមានគំនិតដូចគ្នា និងគោលដៅច្បាស់លាស់ ក្នុងបញ្ហានេះ គឺត្រូវ ដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងអំពើហិង្សា ហើយធ្វើយ៉ាងណា ដោះស្រាយតាមបទដ្ឋានអន្តរជាតិ និងសេចក្តីសម្រេចទាំងឡាយណា ដែលមានស្រាប់។ ការមិនលើកយកបញ្ហា ដែលកើតឡើងនៅប្រទេសមីយ៉ាម៉ា ទៅពិភាក្សាក្នុងកិច្ចប្រជុំមហាសន្និបាត លើកទី៣៣ នៃអន្តរសភាអាស៊ាន ពីព្រោះវាជារឿងផ្ទៃក្នុងរបស់ប្រទេសគេ ហើយការសម្រេចបែបនេះ មានការគាំទ្រពីសមាជិក នៃអន្តរសភាអាស៊ានផងដែរ។
គួររំលឹកដែរថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា (អាយប៉ា) មានសមាជិកចំនួន ១០ប្រទេស រួមមាន កម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី ឡាវ មីយ៉ាម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ព្រុយណេ និងប្រទេសសិង្ហបុរី៕