កំពង់ស្ពឺៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ លោក ផែង ហេង អគ្គលេខាធិការរងទី១ និងជាប្រធានក្រុមការងារ ចុះពង្រឹងមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានចុះជួប សំណេះសំណាល ជាមួយសកម្មជនថ្នាក់ភូមិ-ឃុំ នៅស្រុកសំរោងទង និងក្រុងច្បារមន។
ក្រោយពីបានស្តាប់របាយការណ៍ របស់សហជីវិនប្រធានគណៈកម្មការ ប្រតិបត្តិស្រុក-ក្រុងរួចមក លោក ផែង ហេង បានថ្លែងទៅកាន់សកម្មជន ទាំងអស់ថា ការជួបជុំគ្នា នាពេលនេះ ដើម្បីផ្លាស់ប្តូរមតិយោបល់ការងារ ដែលបានអនុវត្តកន្លងមក តើមានការខ្វះខាតអ្វីខ្លះ ដែលត្រូវបំពេញបន្ថែម ពីព្រោះគណបក្ស រាជានិយមទាំងពីរ បានរួបរួមគ្នាវិញហើយ។
លោកបន្តថា អ្វីដែលសំខាន់នោះទាំងអស់គ្នា ត្រូវតែសហការគ្នាឲ្យបានល្អ ហើយសង្ឃឹមថា បងប្អូនដែលបានចាកចេញពីពេលមុននោះ ពួកគាត់ នឹងមករួមកម្លាំង ជាមួយមហាគ្រួសារហ៊្វុនស៊ិនប៉ិច ដែលជាស្នាព្រះហស្ថ របស់សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ សម្តេចឪ នៃយើងដែល ព្រះអង្គបានបន្សល់ទុកឲ្យយើង នូវមរតកមិនអាចកាត់ថ្លៃបាន ហើយនាំឲ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។
លោកប្រធានក្រុមការងារបានថ្លែងបន្តថា គោលនយោបាយគណបក្សហ៊្វុនស៊ិនប៉ិច នៅតែប្រកាន់ខ្ជាប់ព្រះរាជមាគ៌ានយោបាយ របស់សម្តេចឪ នៃយើង គឺការបង្រួបបង្រួម ផ្សះផ្សាជាតិ ដើម្បីអភិវឌ្ឈន៍ប្រទេសជាតិ ឲ្យមានការរីកចំរើនជឿនលឿន។ លើសពីនេះទៅទៀត ហ៊្វុនស៊ិនប៉ិចប្រាថ្នា ដឹកនាំប្រទេសជាតិ ដែលជាសង្គមមួយស្អាតស្អំ ចង់ឃើញបងប្អូនប្រជារាស្ត្រយើង ចេះស្រឡាញ់រាប់អានគ្នា ចេះជួយគ្នាទៅវិញទៅមក ដោយមិន ប្រកាន់រើសអើងគ្នា។
អគ្គលេខាធិការរងទី១រូបនេះ បានផ្តាំផ្ញើ និងជំរុញឲ្យថ្នាក់ដឹកនាំស្រុក-ក្រុង ឃុំ-សង្កាត់ ទាំងអស់ត្រូវបន្តការងាររបស់ខ្លួន សកម្មថែមទៀត ប្រយោជន៍ រកសំឡេងគាំទ្រ ជូនគណបក្ស ក្នុងពេលបោះឆ្នោតសកល អាណត្តិទី៥ ឆ្នាំ២០១៣៕