ភ្នំពេញៈ យុវជនម្នាក់ជិះម៉ូតូចេញពីធ្វើការរោងចក្រ មិនបានមើលឆ្វេងស្តាំឲ្យច្បាស់ឆ្លងផ្លូវ ត្រូវរថយន្តកៀរ បណ្តាលឲ្យធ្លាក់ផ្លូវរងរបួសបាក់ស្មងជើង ម្ខាង រីឯរថយន្តបន្តទៅមុខធ្លាក់ចូលប្រឡាយទឹក ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១១និង៦នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ ស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ុន សឿន ភេទប្រុស អាយុ ២៦ឆ្នាំ មានមុខរបរ ជាកម្មកររោងចក្រ នៅក្នុង មជ្ឈមណ្ឌល សួនវឌ្ឈនៈ ភូមិកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ ពាក់ស្លាកលេខ កំពង់ចាម 1C-7493 រងរបួសបាក់ស្មងជើងខាងឆ្វេង ត្រូវបានក្រុម រថយន្តសង្គ្រោះលេខ៧១១ កងពលតូច ង៧០ ដឹកយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ។ ចំណែករថយន្តដែលបើក បុកនោះ ម៉ាកតួរីស ១២កៅអី ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2D-6684 បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ស្របទិសជាមួយនិងម៉ូតូ ចំណែកឯ អ្នកបើកបរ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ត្រូវបាននគរបាលឃាត់ខ្លួន នាំយកទៅកាន់អធិការដ្ឋានខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ។
មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញមកពីរោងចក្រកាត់ដេរ នៅមជ្ឈមណ្ឌលសួនវឌ្ឈនៈ ឆ្លងផ្លូវក្នុងគោលបំណងបត់ទៅជើង រំពេចនោះក៏ មានរថយន្តតួរីសបើកមកយ៉ាងលឿន ជ្រុលចង្កូតបុកយ៉ាងពេញទំហឹង បណ្តាលឲ្យធ្លាក់ពីលើផ្លូវ រងរបួសបាក់ស្មងជើងម្ខាង ចំណែករថយន្តក៏បន្ត ជ្រុលធ្លាក់ផ្លូវចូលទៅក្នុងប្រឡាយទឹក ក្បែរផ្លូវនោះតែម្តងទៅ ក្រោយពេលកើតត្រូវរថយន្តសង្គ្រោះ របស់អង្គភាព ង៧០ ដឹកយកទៅសង្គ្រោះនៅ បន្ទីរពេទ្យលោកសង្ឃ ។
បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលបន្ត ចំណែកម៉ូតូនិងរថយន្ត រួមទាំងអ្នកបើកបរ ត្រូវយកទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌដង្កោចាត់ ការទៅតាមផ្លូវច្បាប់៕