សៀមរាប : ពិព័ណ៌ការងារខេត្តសៀមរាបឆ្នាំ២០១៣ ដែលបានរៀបចំធ្វើនៅលើទឹកដីអង្គរដ៏បវរ ក្រោមការរៀបចំរួមគ្នា របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ រួមជាមួយសាលាខេត្តសៀមរាប ដោយមានការឧបត្ថម្ភគាំទ្រពី កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា នៅព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ នៅទីលានសួនច្បារមាត់ស្ទឹង ខាងមុខព្រះរាជដំណាក់។
នៅក្នុងពិធីបើកពិព័រណ៍ការងារ ព្រឹកមិញនេះ មានការចូលរួមជាអធិបតី ពីលោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវ: និងជាអនុប្រធានគណ:កម្មាធិការ បណ្ដុះបណ្ដាល លោក ស៊ូ ភិរិន្ទ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងលោក Natharoun Ngo ប្រធានក្រុមការងារ ផ្នែកកាត់បន្ថយភាពក្រីក្រ នៃអង្គការ UNDP ប្រចាំកម្ពុជា និងមានការចូលរួម ពីបណ្ដាមន្ត្រីស្ថាប័ន អង្គការជាតិ អន្តរជាតិ ភ្នាក់ងារប្រតិបត្តិករ វិទ្យាស្ថាន សាកលវិទ្យាល័យ សិស្ស និស្សិត ភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប។ ហើយពិព័រណ៍ការងារនេះ មានរយ:ពេល២ថ្ងៃ ដែលមាន ៥៩ស្ដង់។
លោក Natharoun Ngo ប្រធានក្រុមការងារ ផ្នែកកាត់បន្ថយភាពក្រីក្រ នៃអង្គការ UNDP ប្រចាំកម្ពុជា បានមានប្រសាសន៍ថា នេះជាលើកទីមួយ នៃពិព័រណ៍ការងារ (Job Fair) ឆ្នាំ២០១៣ សាលាខេត្តសៀមរាប ផ្ដល់ឱកាសសម្រាប់អ្នក ដែលត្រូវរកការងារធ្វើ ពិសេសសម្រាប់មនុស្សវ័យក្មេង និងមានឱកាសជួបដោយផ្ទាល់ ជាមួយនិយោជក ដែលជាប្រតិបត្តិករ នៃឧស្សាហកម្មទេសចរណ៍ នៅខេត្តសៀមរាប។
នេះជាឱកាសដ៏ល្អមួយ សម្រាប់ការរៀនសូត្របន្ថែម អំពីជំនាញ បទពិសោធន៍ និងតម្រូវការនៃការសិក្សាអប់រំ ដែលបណ្ដានិយោជក កំពុងស្វែងរក និងប្រភេទការងារផ្សេងៗ ដែលអាចរកបានសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ យើងបន្តរួមគ្នា ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ដែលជា គោលដៅគន្លឹះ សម្រាប់ខេត្តទេសចរណ៍មួយនេះ ហើយយើងផ្ដោតការយកចិត្តទុកដាក់ សម្រាប់ការអភិវឌ្ឍនូវជំនាញ និងធនធានមនុស្ស រួចយើង សង្ឃឹមថា នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ទន្ទឹមនឹងនោះ UNDP មានមោទនភាពជាខ្លាំង ក្នុងការបន្តគាំទ្រដល់ អភិបាលខេត្ត និងក្រុមការងារ ក្នុងការខិតខំប្រឹងប្រែង បំពេញនូវកិច្ចការទាំងនេះ។
ចំណែកលោក Ronaldo S.Estera ជាប្រធានកម្មវិធីប្រចាំតំបន់ នៃអង្គការ ICS Creating Change ដែលបានចូលរួម ក្នុងកម្មវិធីពិព័រណ៍ការងារ ក្នុង ចំណោមស្ដង់ទាំង៥៩ បានបង្ហាញការយល់ឃើញថា នេះជាឱកាសដ៏ល្អ សម្រាប់មនុស្សវ័យក្មេង ដែលជាយុវជនកម្ពុជា ក្នុងការស្វែងរកទីផ្សារ ការងារនៅពេលបច្ចុប្បន្ន និងទៅអនាគត។ ហើយសម្រាប់កម្មវិធីអង្គការ ICS មានឆន្ទៈខ្ពស់ក្នុងការគាំទ្រ និងជួយដល់មនុស្សវ័យក្មេង របស់កម្ពុជា ពីព្រោះយើងមានបំណង ចង់ឲ្យពួកគាត់បានរៀនសូត្រ ក្នុងការចូលរួមទទួលខុសត្រូវសង្គម ដើម្បីឲ្យពួកគាត់ក្លាយ ជាម្ចាស់សហគ្រិន ជាអ្នកជំនាញ ផ្នែកកិច្ចការធុរកិច្ច ប្រកបដោយភាពជោគជ័យ។ ដូចជាពេលបច្ចុប្បន្ននេះ ICS បានធ្វើកិច្ចការក្នុងការពង្រឹងសមត្ថភាពពួកគាត់ តាមរយ:ផ្ដល់ការ បណ្ដុះបណ្ដាលជំនាញធុរកិច្ច ការអប់រំពីសង្គម និងកិច្ចការមួយចំនួនទៀត ដែលពាក់ព័ន្ធ ឥឡូវពួកគាត់ បានចាប់ផ្ដើមជំនួញខ្នាតតូច ជាបណ្ដើរៗហើយ។ យើងមានបំណង ឲ្យមនុស្សវ័យក្មេងទាំងនោះ មានលទ្ធភាពប្រកួតប្រជែង និងសមាហរណកម្មខ្លួន ទៅក្នុងសមាគមអាស៊ាន និងអន្តរជាតិ ផងដែរ ព្រោះយើងយល់ច្បាស់ថា យុវជនកម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ពិសេសពេលអនាគតពួកគេ កាន់តែមានជំនាញប្រសើរ និងប្រកបដោយ ភាពជោគជ័យបន្ថែមទៀត។ យើងក្នុងរយ:ពេល ៣-៤ឆ្នាំនេះ ICS មានគម្រោងធ្វើការដោយផ្ទាល់ជាមួយ ២៥ក្រុម ដែលមាន មនុស្សវ័យក្មេងចំនួនប្រមាណ ២.៥០០នាក់។
លោកអភិបាលខេត្ត ស៊ូ ភិរិន្ទ បានមានប្រសាសន៍ក្នុងពិធីនោះថា ខេត្តសៀមរាប គឺជាទឹកដី នៃសម្បត្តិបេតិកភណ្ឌ វប្បធម៌ពិភពលោកដ៏មហាអស្ចារ្យ នៃស្នាដៃបុព្វបុរសខ្មែរយើង និងជាទឹកដី ពោរពេញដោយរមណីយដ្ឋាន ទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រធម្មជាតិដ៏សម្បូរបែប ដែលជំរុញ ឲ្យទឹកដីសៀមរាប-អង្គរ ក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីគ្រប់មជ្ឈដ្នានជុំវិញពិភពលោក។ ហើយរាល់បណ្ដាប្រតិបត្តិករ អាជ្ញាធរខេត្ត រដ្ឋាភិបាល បាននិងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបម្រើសេវាទេសចរណ៍ នៅខេត្តសៀមរាប ឲ្យកាន់តែល្អប្រសើរ តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការកែលម្អសោភ័ណភាពក្រុង ពង្រឹងកិច្ចការពារសុខ សុវត្ថិភាពសង្គម ឲ្យបាន ល្អប្រសើរ។ ចំណែកយុវជន និងអ្នកស្វែងរកការងារធ្វើទាំងអស់ អាចស្វែងយល់ពីឱកាសការងារ ដែលកំពុងមានសក្ដានុពល និងតម្រូវការក្នុងទីផ្សារ ការងារក្នុងខេត្តសៀមរាប ពិសេសក្នុងវិស័យទេសចរណ៍។
លោកបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៍ក្នុងពិធីនោះ ថា លោកសូមសម្ដែង នូវការដឹងគុណដ៏ជ្រាលជ្រៅផងដែរ ដល់ការិយាល័យUNDP ប្រចាំកម្ពុជា ចូលរួមរៀបចំបង្កើត ឲ្យមានពិព័រណ៍ការងារនេះឡើង ព្រមទាំងធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរមូលដ្ឋាន គ្រប់ លំដាប់ថ្នាក់ ផ្នែកឯកជន គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល សហជីព សហគមយុវជន អង្គការក្រៅរដ្ឋាភិបាលនានា និងយុវជនទាំងអស់ ដែលបានផ្ដល់ ការគាំទ្រ ក្នុងការរៀបចំពិព័រណ៍ការងារនេះឡើង។ ហើយស្ថានភាពបច្ចុប្បន្ន ទាមទារឲ្យគាគីពាក់ព័ន្ធទាំងអស់ ក្នុងទីផ្សារការងារ ដូចជាអ្នកស្វែង រកការងារធ្វើ និយោជក អ្នកផ្ដល់ការអប់រំបណ្ដុះបណ្ដាល និងអ្នករៀបចំគោលនយោបាយ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន មានលទ្ធភាពទទួលបាន ព័ត៌មានពេញលេញពីគ្នាទៅវិញទៅមក កាន់តែឆាប់រហ័ស ដើម្បីចែលរំលែកធ្វើឲ្យទីផ្សារការងារ មានដំណើរការល្អ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ខ្ពស់។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ជាផ្នែកអាទិភាពមួយ នៃរបៀបវារ:គោលនយោបាយសង្គម-សេដ្ឋកិច្ច របស់ខ្លួន ដូចដែលបានចែងក្នុងមុំមួយ នៃការអភិវឌ្ឍវិស័យឯកជន និងការងារ នៅក្នុង "យុទ្ធសាស្រ្តចតុកោណ" ដំណាក់កាលទី២ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ឆ្នាំ២០០៩-២០១៣។ ជាមួយនឹងការរក្សាបាននូវសន្ដិសុខ ស្ថិរភាពនយោបាយ-សង្គម និងម៉ាក្រូសេដ្ឋកិច្ចពេញលេញ។ ក្នុងរយ:ពេល១០ឆ្នាំ ចុងក្រោយនេះ កម្ពុជាសម្រេចបាន កំណើនសេដ្ឋកិច្ចខ្ពស់ ស្ថិតក្នុងចំណាត់ថ្នាក់ទី១៥ នៃប្រទេសដែលសម្រេចបាន កំណើន សេដ្ឋកិច្ចខ្ពស់ជាងគេលើពិភពលោក។
លោកបញ្ជាក់ថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ជាការរីកចម្រើន ដែលបានបង្កើតការងារថ្មីជាច្រើន (Pro-employment growth) នឹងនាំឲ្យមាន ការកាត់បន្ថយភាពក្រីក្ ររបស់ប្រជាពលរដ្ឋ (Pro-poor growth) ។ គ្រាន់តែគម្រោងវិនិយោគ ដែលត្រូវទទួលបានការអនុម័ត យល់ព្រមដោយ ក្រុម ប្រឹក្សាអភវឌ្ឍន៍កម្ពុជា (CDC) នៅចន្លោះឆ្នាំ២០០៨-២០១០ អាចមានលទ្ធភាពស្រូបយកពលកម្ម ថ្មីបន្ថែមជិត ៤.៥៦សែននាក់ ដែលក្នុងនោះមាន ៦១% ជាពលករជំនាញ។ ហើយតាមរយ:ការកើនឡើង នៃចំនួនព័ត៌មាន ជ្រើសរើសបុគ្គលិកគ្រប់ប្រភេទ គឺមានការកើនពី ១០.៦៤៨ក្នុងឆ្នាំ២០១០ ទៅ៣០.៨៥៤ ក្នុងឆ្នាំ២០១១ និងទៅជិត៥៤.០០០ នៅឆ្នាំ២០១២។ ហើយរដ្ឋាភិបាល បានស្វែងរកឱកាសការងារ និងផ្ដល់សេរីភាពពេញលេញ ដល់ពលរដ្ឋ ក្នុងការចេញទៅធ្វើការងារស្របច្បាប់ នៅក្រៅប្រទេស ដូចជា ប្រទេសកូរ៉េ ជប៉ុន ថៃ ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត សំដៅជួយឲ្យ ប្រជាពលរដ្ឋទទួលបាន ប្រាក់ចំណូលកាន់តែប្រសើរ និងនាំយកជំនាញ ចំណេះដឹងនិងចំណេះធ្វើថ្មីៗ ត្រលប់មកកាន់មាតុប្រទេសវិញ៕