ខេត្តកណ្តាលៈ រថយន្តដឹកជីពេញប្រហែល ៤០តោន របូតកង់ខាងមុខម្ខាង បោលទៅបុករ៉ឺម៉កដឹកសិស្សសាលា បណ្តាលឲ្យរងរបួសរយះជើង៣នាក់ ចំណែកឯអ្នកបើកបររ៉ឺម៉កវិញ ពុំមានរងរបួសនោះទេ បន្ទាប់ពីកើតហេតុជនរងគ្រោះទាំងបី ត្រូវបានគេដឹកបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃត្រង់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ ២១បេ ត្រង់ ភូមិទួល ក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលចរាចរស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះទាំងបី ជាសិស្សសាលាទី១ ឈ្មោះ គឹម ម៉េងហៀង ភេទប្រុស អាយុ ១៥ឆ្នាំ ទី២ ឈ្មោះ ឡេង សុធា ភេទប្រុស អាយុ ១២ឆ្នាំ ទី៣ ឈ្មោះ ស៊ុំ សែ ភេទប្រុស អាយុ ១២ឆ្នាំ អ្នកទាំងបីរងរបួសរយៈកំភួនជើងម្ខាង រស់នៅក្នុងភូមិ ឃុំកើតហេតុ ទាំងអស់គ្នា ចំណែកឯម៉ូតូសណ្តោងរ៉ឺម៉កវិញ ម៉ាក សង់កូរ៉េ គ្មានស្លាកលេខ បើកបរដោយបុរសឈ្មោះ មួង រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពុំមានរងរបួសនោះទេ ។ រីឯរថយន្តបង្កម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 3A-0635 ដឹកជីពេញ ប្រហែល ៤០តោន អ្នកបើកបរបន្ទាប់ពីកើតហេតុ បានចាកចេញពីរថយន្តរត់គេចខ្លួនបាត់។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រ៉ឺម៉ករងគ្រោះបើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយដឹកជនរងគ្រោះទាំងបីនៅ លើរ៉ឺម៉ក លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកបរច្រាសទិសគ្នា មកដល់ហើយក៏របូតកង់មុខម្ខាង រមៀលបោលបុកបណ្តាល ឲ្យក្មេងទាំងបីនៅលើរ៉ឺម៉កនោះ រងរបួសជើងរយះជើង ទាំងបីនាក់ហូរឈាមកក្លាក់ បន្ទាប់ពីកើតហេតុត្រូវបានក្រុមគ្រួសារ របស់ជនរងគ្រោះដឹក បញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ចំណែកឯអ្នកបើកបររ៉ឺម៉កវិញ ពុំមានរងរបួសនោះទេ រីឯអ្នកបើកបររថយន្តបង្ក បន្ទាប់ពី កើតហេតុបានចាកចេញ ពីរថយន្តគេចខ្លួនបាត់បន្សល់ទុក តែរថយន្តនៅនឹងកន្លែងកើត។
សាក្សីបានបន្តទៀតថា ភ្លាមៗនោះនគរបាលចរាចរ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍និងវាស់ វែង ខណៈនោះក៏ឃើញ ភាគីខាងរថយន្តមកដល់ ហើយបានធ្វើការចរចា និងយករថយន្តមួយគ្រឿងផ្សេងទៀត មកផ្ទេរជីចេញ ដើម្បីដឹកបន្ត តែពុំឃើញវត្តមាន អ្នកបើកបររថយន្តបង្កទេ ។
បច្ចុប្បន្នជនរងគ្រោះទាំងបី ត្រូវសម្រាកព្យាបាល នៅមន្ទីរជ័យជំនះបន្ត រីរថយន្តនិងរ៉ឺម៉កត្រូវយកទៅរក្សាទុក នៅអធិការដ្ឋានស្រុកស្អាង ដើម្បីរង់ចាំ ដោះស្រាយគ្នាជាក្រោយ៕