Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ច នៅបង់ក្លាដែស

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ ២០១៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចេញទៅបំពេញទស្សនកិច្ចនៅប្រទេសបង់ក្លាដែស រយៈ ពេល៣ថ្ងៃ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បង់ក្លាដែស។

បើយោងតាមការបញ្ជាក់ពីក្រសួងការបរទេសនាពេលកន្លងទៅ បានឲ្យដឹងថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេស បង់ក្លាដែសរបស់សម្តេចតេជោ និងគណៈប្រតិភូ ចាប់ពីថ្ងៃទី១៦-១៨ ខែមិថុនា នេះ ធ្វើឡើងតបតាមការអញ្ជើញ ពីលោកស្រី ហ្សេក ហាស៊ីណា នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។

គណៈប្រតិភូ ដែលអមដំណើរនាយករដ្ឋមន្រ្តីចេញទៅទស្សនកិច្ចផ្លូវការនៅប្រទេសបង់ក្លាដែសនាព្រឹកនេះ រួម មានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង, រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក អ៊ុក រ៉ាប៊ុន, រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោកស្រី ភឿង សកុណា និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន និងលោកស្រី ហ្សេក ហាស៊ីណា នឹងជួបពិភាក្សាការ ងារផ្លូវការមួយចំនួន ព្រមទាំងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនទៀត។

បើតាមក្រសួងការបរទេស កិច្ចព្រមព្រៀង ដែលធ្វើឡើងនៅក្នុងទស្សនកិច្ចនេះរួមមាន៖ កិច្ចព្រមព្រៀងរវាងរាជ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបង់ក្លាដែស ស្តីពីការបង្កើតគណៈកម្មការចម្រុះសម្រាប់ជំរុញកិច្ចសហប្រតិបត្តិ ការទ្វេភាគី, អនុស្សរណៈ នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និង បច្ចេកទេសក្នុងវិស័យ កសិកម្មរវាងកម្ពុជា-បង់ក្លាដែស, កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌រវាងកម្ពុជា-បង់ក្លាដែស និងកិច្ច ព្រមព្រៀងស្តីពីការជំរុញ និង ការការពារវិនិយោគរវាងកម្ពុជា-បង់ក្លាដែស៕


ភាពជឿនលឿន នៃការព្យាបាល ជំងឺមហារីក ក្រពេញទឹករងៃ (កូនកណ្ដុរ)

$
0
0

អ្នកឯកទេសខាង លោហិតសាស្ដ្រ និងជាគ្រូពេទ្យព្រឹក្សា យោបល់នៅមជ្ឈមណ្ឌល មហារីកនៃមន្ទីរពេទ្យ Raffles លោក វេជ្ជបណ្ឌិត Daryl Tan បានចែករំលែកអំពីភាព ជឿនលឿននៃការព្យាបាល ជំងឺមហារីកក្រពេញទឹករងៃ (កូនកណ្ដុរ) ដែលជាជំងឺមហារីកឈាម កើតមានច្រើន បំផុត។

បច្ចុប្បន្ន ទោះបីជាមានច្រើនជាង៤០ប្រភេទនៃ ជំងឺមហារីកកូនកណ្ដុរក៍ដោយ ក៍ពួកវាត្រូវបានបែងចែកជា២ ប្រភេទធំ គឺប្រភេទដែលលូតលាស់ យឿតតែមិនជា (Indolent Variant) ដែលមានគោលដៅ នៃការព្យាបាល គឺដើម្បីសម្រាលនូវ អាការៈរោគ ព្រោះថាការព្យាបាល អោយជាសះស្បើយតែម្ដង ពិតជាកម្រនឹងមានណាស់ ហើយ ប្រភេទមួយទៀត គឺជា ប្រភេទដែលលូតលាស់ នឹងអាចឈ្លានពានលឿន (Aggressive Variant)  ដែលអាច ព្យាបាលអោយជាបាន ហើយការ ព្យាបាល ដែលមានកំរិតខ្ពស់ជាធម្មតា នឹងត្រូវបានផ្ដល់ជូន។

រហូតដល់មួយទសវត្សមុន ជំងឺមហារីកនេះ អាចត្រូវបានព្យាបាលដោយថ្នាំគីមី និងការបាញ់កាំរស្មី។  វិធីព្យាបាល ទាំងពីរ នេះគឺអាចបំផ្លាញ នូវជាលិកាដែលល្អធម្មតា ហើយវាត្រូវបានគេចាត់ទុកថា ជាផលវិបាកនៃការព្យាបាល នេះ។ បន្ថែមពី លើការ សំលាប់ កោសិកាមហារីក ការព្យាបាលដោយថ្នាំគីមី អាចសំលាប់កោសិកាគ្រាប់ឈាមដែល កំពុងតែធ្វើបំណែក កោសិកាធម្មតា នៅក្នុងខួរឆ្អឹងកង អាចសំលាប់កោសិកាក្នុង ប្រព័ន្ធរំលាយអាហារ និងឬសសក់ រីឯការព្យាបាលដោយ បាញ់កាំរស្មីអាចបន្សល់ស្លាកស្នាម និងបណ្ដាលអោយមានការ រលាកដល់ជាលិកាល្អដែលនៅ ក្បែរដុំមហារីក។

ក្រៅពីជំងឺមហារីកកូនកណ្ដុរ Hodgkin lymphoma គឺជាជំងឺមហារីកដែលវិវត្ដ យ៉ាងរហ័ស ហើយអាត្រាព្យាបាល អោយជាសះស្បើយ ឥឡូវនេះមានលើសពី ៨០% ជាមួយការព្យាបាល ដោយថ្នាំគីមី។ ការរស់រានមានជីវិតសំរាប់ អ្នកជំងឺមហារីកកូនកណ្ដុរ ដែលជាប្រភេទ Non-Hodgkin lymphoma ភាគច្រើនមិនមានភាពប្រសើរឡើយ ចាប់តាំងពីទសវត្សទី ៦០ ដល់ទសវត្សទី ៩០ ទោះបីជាមានការអភិវឌ្ឍន៍ ជាច្រើនទាក់ទិននឹងវិធីព្យាបាលដោយថ្នាំ គីមីកំពុងតែមានដំណើរការ ទៅមុខគួរអោយគត់សំគាល់ក៍ដោយ។

ហេតុដូច្នេះហើយ អ្នកវិទ្យាសាស្ដ្របានចាប់ផ្ដើមស្វែងរក វិធីដែលថ្មី ផ្លែក  ហើយត្រូវបានគេដឺងយ៉ាងច្បាស់ថាជា អង្គបដិបក្ខ (Antibody) ដែលជាប្រូតេអ៉ីន ផលិតដោយប្រព័ន្ធការពារ រាងកាយអាចផ្ដល់ជាគន្លឹះ ចាំបាច់សំរាប់ ការព្យាបាលជំងឺមហារីក កូនកណ្ដុរ។ អង្គបដិបក្ខ (Antibody)  គឺជាវិធីមួយដែលប្រព័ន្ធ ការពាររាងកាយដឹង ស្គាល់ហើយបំផ្លាញពពួក កោសិកាចំលែក ដែលឈ្លានពានពីក្រៅ។ កោសិកាមហារីកមិនមែន ជាកោសិកាចំលែក ឡើយ ពួកវាគឺជាចំណែកមួយ នៃរាងកាយរបស់យើង ប៉ុន្ដែពួកវាតែងតែត្រូវបាន ចាត់ទុកជាកោសិកាចំលែក ដោយសារតែលក្ខណៈ និងទ្រង់ទ្រាយចំលែករបស់ពួកវា។ ការប្រើប្រាស់អង្គបដិបក្ខ monoclonal ប្រឆាំងនឹង ជំងឺមហារីកកូនកណ្ដុរឥឡូវនេះ មានការផ្លាស់ប្ដូរច្រើននូវវិធីសាស្ដ្រ ក្នុងការព្យាបាលជំងឹមហារីក កូនកណ្ដុរ ហើយ យើងចាប់ផ្ដើមឃើញមានភាព ប្រសើរឡើងជាច្រើននូវលទ្ធផល របស់អ្នកជំងឺបន្ទាប់ពីបានធ្វើ រោគវិនិច្ឆ័យថាមានជំងឺមហារីកកូនកណ្ដុរ។

ជាការបន្ថែម យើងចាប់ផ្ដើមយល់ពីអ្វីដែលធ្វើអោយកោសិកា មហារីកកូនកណ្ដុរកកើត ហើយថ្នាំសំរាប់ព្យាបាល ត្រូវបានបង្កើតឡើង ដើម្បីកាត់ផ្ដាច់ប្រព័ន្ធ ខាងក្នុងដែលអនុញ្ញាតិ អោយកោសិកាមហារីកកូនកណ្ដុរ រស់រាន និងរីក ដុះដាល។ សរុបសេចក្ដីទៅ វាគឺជាពេលវេលាដែលគួរ អោយរំជួលចិត្ដសំរាប់ការព្យាបាលជំងឺ មហារីកកូនកណ្ដុរ ព្រោះថាភាពប្រសើរឡើង នៃការព្យាបាលមានកំរិតខ្ពស់។

មន្ទីរពេទ្យ Raffles- ដៃគូថែទាំវេជ្ជសាស្ដ្រគួរជាទីទុកចិត្ដរបស់លោកអ្នក
មន្ទីរពេទ្យ Raffles គឺជាមន្ទីរពេទ្យឯកទេសកំរិតខ្ពស់ ដែលផ្ដល់នូវសេវាវេជ្ជសាស្ដ្រ ជំនាញជាច្រើនប្រភេទ។ ផ្អែកលើបទពិសោធន៍ ក្នុងការផ្ដល់នូវសេវាថែទាំ វេជ្ជសាស្ដ្រប្រកបដោយគុណភាពខ្ពស់ Raffles គឺជាឈ្មោះមួយ ដែលទទួលបាននូវ ការទុកចិត្ដ និងមាន អត្ថន័យដូចគ្នានឹងពាក្យថាប្រកប ដោយគុណភាពខ្ពស់។
សំរាប់អ្នកជំងឺអន្ដរជាតិ លោកអ្នកអាចទាក់ទងមកមន្ដ្រី ទំនាក់ទំនងអ្នកជំងឺអន្ដរជាតិ របស់យើងខ្ញុំនៅគ្រប់ម៉ោង ដើម្បីសុំឱ្យពួកគេ ជួយធ្វើការរៀបចំទាំងអស់ ដែលចាំបាច់សំរាប់ការមកពិនិត្យ និងស្នាក់នៅព្យាបាលប្រកប ដោយផាសុកភាព ជាមួយនឹងយើងខ្ញុំ។ មន្ទីរពេទ្យ Raffles គឺជាមន្ទីរពេទ្យដែលទទួលបាន ការទទួលស្គាល់ពី គណៈកម្មាធិការអន្ដរជាតិចំរុះ (JCI) និងទទួលបាន វិញ្ញាបនប្រ័ត ISO 9001:2001 ។
មជ្ឈមណ្ឌលអ្នកជំងឺអន្ដរជាតិ Raffles
សំរាប់អ្នកជំងឺអន្ដរជាតិ យើងខ្ញុំមានផ្ដល់សេវាកម្មជួយលោកអ្នក សម្របសម្រួលក្នុងការរៀបចំ សំរាប់ការមក ពិនិត្យ និងការស្នាក់នៅប្រកបដោយ ផាសុកភាពដូចជាគេហដ្ឋាន របស់លោកអ្នកផ្ទាល់។

ដើម្បីធានាអោយមានភាពរលូន យើងខ្ញុំនឹងធ្វើការចាត់ចែងក្រុមភ្នាក់ងារ ពិសេសដើម្បីជួយលោកអ្នកទៅតាម តម្រូវការដែលមានដូចជាៈ
-    ការណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញ
-    ការធ្វើដំណើរ និងការស្នាក់នៅ
-    ការទទួលនៅអាកាសយាន្ដដ្ឋាន និងការបញ្ជូនមកកាន់មន្ទីរពេទ្យ
-    សេវាកម្មបកប្រែ

សំរាប់ព័ត៌មានបន្ថែម ឬការណាត់ជួប សូមទំនាក់ទំនងមកកាន់ៈ
គ្លីនិកលីស្រីវិណា ភ្នំពេញ
ផ្ទះលេខ 339A, ផ្លូវលេខ 163, ទួលទំពូង ក្រុងភ្នំពេញ
ទូរស័ព្ទដៃៈ  (855) 17 978 999; (855) 12 990 988; (855) 12 555 746
ទូរសារៈ   (855) 23 99 46 86
Email:  enquiry_cambodia@raffleshospital.com
rafflesliaison@gmail.com

បុគ្គលិកនិយាយភាសាខ្មែរប្រចាំនៅមន្ទីរពេទ្យ Raffles
Email:  leng_khov@rafflesmedical.com
    socheata_ung@rafflesmedical.com

Photo by DAP-News

លោកបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង វាគ្មិនកិត្តិយស បានធ្វើបទឧទេ្ទស ក្រោមប្រធានបទ “ច្បាប់ ប្រឆាំងអំពើពុករលួយ” នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

$
0
0

ភ្នំពេញ ៖ នៅសាលសហសិក្សា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រសៀលថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០១៤ បានប្រារព្ធធ្វើបទឧទ្ទេសក្រោម ប្រធានបទ “ច្បាប់ប្រឆាំងអំពើពុករលួយ”  ដែលអញ្ជើញ ជាវាគ្មិនកិត្តិយស ដោយលោកបណ្ឌិត ទេសរដ្ឋមន្រ្តី  ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ និងមានសិស្សប៊ែលធី ថ្នាក់ទី១២ ទាំង១២សាខា ចូលរួមចំនួន ១.០៣៩នាក់ ។

តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យ ចំណេះទូទៅ នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ បានអោយដឹងថា៖ ប៊ែលធី គ្រុប មានបុគ្គលិកសរុប ចំនួន ១.៣០៦នាក់     និងមានបម្រើសេវាធំៗបី  I.ប៊ែលធីសំណង់  II.ប៊ែលធីទេសចរណ៍ និងIII.ប៊ែលធីអប់រំ ហើយប៊ែលធី អប់រំបានចែកចេញជា ៣ផ្នែក ធំៗគឺៈ ១- សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ២- ប៊ែលធីទំនាក់ទំនងអន្តរជាតិ និង៣-វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ មាន១៤ទីតាំងនៅរាជធានីភ្នំពេញ ១៣ទីតាំងកំពុងដំណើរការ និង០១ទីតាំង ទៀត (សាខា តាខ្មៅ)កំពុងសាងសង់ ហើយមានសិស្ស-និស្សិត សិក្សាចំនួន ២៨.១៩៨នាក់ ។   

លើសពីនេះទៅទៀតសិស្ស-និសិ្សត ដែលសិក្សានៅប៊ែលធី មានឱកាសបានសិក្សានូវកម្មវិធីបន្ថែម (Extra-curricular Courses) លើប្រធានបទសំខាន់ៗដូចជា:-សិស្សថ្នាក់ទី១០  សិក្សាអំពី សុវត្ថិភាពចំណី អាហារ និងច្បាប់ចរាចរណ៍ផ្លូវគោក -សិស្សថ្នាក់ទី១១ សិក្សាអំពី ការយល់ដឹង ពីគ្រឿងញៀន និងជម្ងឺអេដស៍ -សិស្សថ្នាក់ទី១២ សិក្សាអំពីច្បាប់ប្រឆាំងអំពើពុករលួយ និងតួនាទី យុវជននៅក្នុងសង្គម។ ក្រៅពីការសិក្សានៅក្នុងថ្នាក់់ សិស្សរបស់យើង ក៏មានឱកាសបានធ្វើទស្សនកិច្ចសិក្សា(Field Trip) នៅតាមតំបន់ទេសចរណ៍ និងប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួនរួមមាន៖ -ថ្នាក់ទី៤ ទី៥ និងភាសាអង់គ្លេសLevel4-5 ទៅព្រះបរមរាជវាំង -ថ្នាក់ទី៦ និងLevel 6 ទៅសារមន្ទីរជាតិ  - ថ្នាក់ទី៧ និងLevel 7 ទៅសារមន្ទីរទួលស្លែង  -ថ្នាក់ទី៨ និងLevel 8 ទៅមជ្ឈមណ្ឌលជើងឯក -ថ្នាក់ទី៩ និងLevel 9 ទៅសារមន្ទីរជាតិ និងភ្នំតាម៉ៅ -ថ្នាក់ទី១០ និងLevel 10 ទៅព្រះបរមរាជវាំង និងភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ) -ថ្នាក់ទី១១ និងLevel 11 ទៅសារមន្ទីរទួលស្លែង និង ភ្នំសន្ទុក -ថ្នាក់ទី១២ និងLevel 12 ទៅមជ្ឈមណ្ឌលជើងឯក និងប្រាសាទសម្បូរព្រៃគុក។

ក្នុងឱកាសនោះផងដែរ លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិត ទេសរដ្ឋមន្រ្តី  ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញមកធ្វើជាវាគ្មិនកិតិ្តយសនាពេលនេះ។ ឯកឧត្តម ក៏បានផ្តាំផ្ញើរក្មួយៗសិស្សានុសិស្សទាំងអស់ដែលបាន ចូលរួមកម្មវិធីបន្ថែមនេះ ត្រូវខិតខំយកចិត្តទុកដាក់កត់ត្រា និងត្រងត្រាប់ស្តាប់ វាគ្មិនកិត្តិយសរបស់យើង សម្រាប់ ប្រឡងដាក់ពិន្ទុប្រចាំខែលើមុខ វិជ្ជាពលរដ្ឋវិជ្ជា និងបង្កើនចំណេះដឹងដើម្បីក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ និងជាពលរដ្ឋល្អ ដែលជាសសរទ្រូងសម្រាប់ប្រទេសជាតិ នាពេលអនាគត។

បន្ទាប់មកលោកបណ្ឌិត ទេសរដ្ឋមន្រ្តី  ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលជា វាគ្មិនកិត្តិយសបានកោត សសើរដល់វិទ្យាស្ថានប៊ែលធី អន្តរជាតិ ដែលបានរៀបចំកម្មវិធីសិក្សាបន្ថែម (Extra-curricular Courses)នេះឡើងក៏ដូចជាការជួយលើក កម្ពស់វិស័យអប់រំជំរុញឲ្យ មានការអភិវឌ្ឍធនធានមនុស្ស ។

លោកឱម យ៉ិនទៀង បានមានប្រសាសន៍ផ្តាំផ្ញើ ទៅដល់សិក្សានុសិស្សទាំងអស់ បានចូលរួមជា សិក្សា ច្បាស់ ពីវិស័យច្បាប់ ជាពិសេសទាក់ទងទៅនឹងអំពើពុករលួយ ដែល សង្គមទាំងមួលស្អប់ខ្ពើម ហើយ លោកក៏បានលើកឡើង អំពីបញ្ហាមួយចំនួន ដែលជាខ្លឹមសារ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងសកម្មភាពមួយចំនួន អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកន្លងមក ។

លោកបានថ្លែងថា អំពើពុករលួយ គឺជាវិបត្តិប្រកបដោយភាពគ្រោះថ្នាក់ មានផលប៉ះពាល់ដល់ ដល់ជាតិ ។ អំពើពុករលួយនាំឲ្យមហន្តរាយដល់លទ្ធិប្រជាធិបតេយ្យ។

លោកបានទេសរដ្ឋមន្ត្រី បានថ្លែងបន្តទៀតថា អំពើពុករលួយ គឺជាបទល្មីសព្រហ្មទណ្ឌ ដែល មានចែង ក្នុងជំពួកទី៦ នៃច្បាប់ប្រឆំាងអំពើពុករលួយ ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ ។

លោកឱម យ៉ិនទៀង បានមានប្រសាសន៍ថា វិធានការមួយចំនួនដើម្បីទប់ស្កាត់ការប្រព្រឹត្ត អំពើពុករលួយ ដែលក្នុងនោះរួមមាន”បង្ការ អប់រំ ទប់ស្កាត់” ។ ក្នុងនោះលោកបានថ្លែងថា អង្គភាពប្រឆាំងអំពើពុករលួយ មិនមានទិសដៅតែមួយដើម្បីចាប់គេដាក់គុកនោះទេ គឺបានអប់រំ បានបង្ការជាមុន ហើយប្រសិនបើជន នោះមិនរៀងចាល នៅតែប្រព្រឹត្ត គឺត្រូវតែ ចាប់យកទៅដាក់គុក ដើម្បីជាការព្រមាន។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិន ទៀង បានបង្ហើបថា នៅក្នុងរយះពេល មួយសប្តាហ៍ទៀត អង្គភាពរបស់លោក នឹងប្រកាស តាមចាប់មន្រ្តី ពាក់ផ្កាយ២ម្នាក់ទៀត ប៉ុន្តែលោកបានបញ្ជាក់ថា តើមន្រ្តី រូប នេះ ជានគរបាល អាវុធហត្ថ ឫយោធា នោះទេ ។

ក្នុងពិធីនេះ លោកក៏បានផ្តល់ឱកាសឲ្យប្អូនៗ សិស្សានុសិស្សលើកឡើងជា សំណួរផ្សេងៗ ដែលពាក់ព័ន្ធ នឹង ការធ្វើបទបង្ហាញ ហើយលោកក៏បានបកស្រាយយ៉ាងក្បោះក្បាយ នូវសំណួររបស់ប្អូនៗ ក្រោម បរិយាកាសរីករាយក្រៃលែង៕

វិចារណកថាៈ បើតុលាការ ចេះតែដោះលែងចោរ បទល្មើស នៅតែកើតឡើងដដែល

$
0
0

ថ្មីៗនេះប្រភពពីមន្រ្តី សាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា ជនសង្ស័យ ចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធ នឹងសកម្មភាព លួចរថយន្ត ដែលភាគច្រើន ជារថយន្តប្រភេទសាំយ៉ុង និងស្តារិច យ៉ាងសកម្មនោះ ត្រូវបានតំណាង អយ្យការ និងចៅក្រម សម្រេចដោះលែង ឲ្យមានសេរីភាពវិញ បើ ទោះបីជនសង្ស័យទាំង៥នាក់បានប្រព្រឹត្តអំពើចោរកម្មយ៉ាង ធ្ងន់ធ្ងរក៏ដោយ ។ ការដោះលែង ក្រុមចោរលួច រថយន្តទាំង៥នាក់របស់ចៅក្រម និងតំណាងអយ្យការនៃសាលាដំបូងរាជ ធានីភ្នំពេញបានធ្វើឲ្យ មហាជន រិះគន់យ៉ាងខ្លាំង ដោយហេតុថា បើចាប់បានចោរប្លន់ ចោរលួច ហើយត្រូវតុលាការដោះ លែងយ៉ាងស្រួលៗ បែបនេះគឺបទល្មើសលួចប្លន់ អាចកើតឡើងកាន់តែខ្លាំងក្លាថែមទៀតជាមិនខាន ។ ដូច្នេះលោករដ្ឋ មន្រ្តីក្រសួងយុត្តិធម៌ ក៏ដូចជាឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមត្រូវ ពិនិត្យមើលទង្វើ របស់ព្រះរាជអាជ្ញារង សាលាដំបូងរាជ ធានីភ្នំពេញឈ្មោះ លី សុផាន់ណា និងចៅក្រមឈ្មោះ នូវ វាសនា ជាបន្ទាន់បំផុត ។

មហាជនកំពុងរិះគន់យ៉ាងខ្លាំងទៅលើចៅក្រម និងតំណាងអយ្យការសាលាដំបូង រាជធានីភ្នំពេញ ដែលហ៊ានដោះ លែងក្រុមចោរលួចរថយន្តទាំង៥នាក់ នោះដោយមិន មានហេតុផលច្បាស់លាស់ ព្រោះកន្លងមកក្រុមចោរលួចកំប៉ិក កំប៉ុកមួយចំនួនត្រូវបានចៅក្រម និងព្រះរាជអាជ្ញា សម្រេចឲ្យជាប់ឃុំ ក្នុងពន្ធនាគាររាប់ឆ្នាំ ។ មជ្ឈដ្ឋាននានាបានអំពាវនាវ ឲ្យប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏ដូចជាស្ថាប័នពាក់ព័ន្ធពិនិត្យមើលទង្វើរបស់តំណាងអយ្យការឈ្មោះ លី សុផាន់ណា និងចៅក្រមឈ្មោះ នូវ វាសនា ជាបន្ទាន់ព្រោះពួកគេប្រព្រឹត្តទង្វើមិនប្រក្រតីពាក់ព័ន្ធទៅនឹងការដោះ លែងក្រុមចោរលួច រថយន្តទាំង៥នាក់ ។ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវស៊ើបអង្កេតបញ្ហានេះជាបន្ទាន់ ព្រោះតាមមន្រ្តីសាលាដំបូងរាជធានីភ្នំពេញដែលស្អប់ខ្ពើម អំពើពុករលួយបានបញ្ជាក់ថា ក្នុងចំណោម ជនសង្ស័យទាំង៥ នាក់នោះគឺតំណាងអយ្យការឈ្មោះ លី សុផាន់ណា ដោះលែងចំនួន៤នាក់ ចំណែកចៅក្រមឈ្មោះ នូវ វាសនា ជាអ្នក ដោះលែងម្នាក់ ដោយមិនបានបញ្ជាក់អំពី ហេតុផលសម ស្របដែលត្រូវដោះលែងនោះទេ ។

សូមរំលឹកថា ជនសង្ស័យទាំង៥នាក់ នោះត្រូវបានកម្លាំង នគរបាលខណ្ឌទួលគោក សហការជា មួយកម្លាំងនគរ បាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញ ចាប់ខ្លួនជាបន្តបន្ទាប់កាលពីរសៀលថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០១៤ ។ ការចាប់ខ្លួនពួកជនសង្ស័យ ទាំង៥នាក់គឺដោយសារតែពួកគេជាប់ពាក់ព័ន្ធនឹងសកម្មភាព លួចរថយន្តប្រជាពលរដ្ឋកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤នៅមុខផ្ទះជួលគ្មានលេខ ផ្លូវលំភូមិត្រពាំងរំចេក សង្កាត់ ចោមចៅ ខណ្ឌពោធិ័ជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង៥នាក់នោះរួមមានទី១ - ឈ្មោះ កៃ កួន អាយុ៤៥ឆ្នាំ មុខ របរបើក យានដ្ឋានជួសជុលរថយន្តនៅផ្ទះលេខ១៦៦ ផ្លូវលំភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទី២- ឈ្មោះ កៃ រ៉ា អាយុ៣២ឆ្នាំ មុខរបរទិញ-លក់រថយន្ត ស្នាក់នៅជាមួយជនសង្ស័យទី១ ។ ទី៣-ឈ្មោះ យ៉ែម សុវណ្ណរ៉ា ហៅហុក មុខរបរទិញ-លក់រថយន្ត ទី៤-ឈ្មោះ ស៊ាត ពិសិដ្ឋ អាយុ៣៤ឆ្នាំ មុខរបរទិញ-លក់រថយន្ត និងទី៥-ឈ្មោះ នួន ពឿន អាយុ៣៩ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត និងទិញលក់រថយន្ត ។

 តាមប្រភពពីមន្រ្តីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ក្រោយការឃាត់ខ្លួនជនទាំង៥នាក់ ខាងលើនេះ កម្លាំង សមត្ថកិច្ចដកហូតបានរថយន្តចំនួន៩គ្រឿង ក្នុងនោះរថយន្តប្រភេទសាំយ៉ុង៥គ្រឿង រថយន្ត ម៉ាកស្តារិចចំនួន២គ្រឿង រថយន្តម៉ាកតាកូម៉ា១គ្រឿង និងរថយន្តលុច្សស៊ីស RX-300ចំនួន១គ្រឿង ។ ការចាប់ខ្លួនជនសង្ស័យទាំង៥នាក់ខាង លើនេះបានធ្វើឡើងក្រោយពេល ដែលម្ចាស់រថយន្ត មួយរូប បានឃើញរថយន្តរបស់ខ្លួនត្រូវគេយកទៅជួសជុលក្នុងយាន ដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ហើយបានរាយការណ៍ទៅសមត្ថកិច្ចឲ្យធ្វើការស្រាវជ្រាវ និងចាប់ខ្លួនក្រុមជន សង្ស័យបានជាបន្តបន្ទាប់ ។ ក្រោយពេលចាប់ខ្លួនជនសង្ស័យ ព្រមទាំងមានភស្តុតាងនៃបទល្មើសយ៉ាងច្រើនគឺសមត្ថកិច្ចបានកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញឲ្យចាត់វិធានការតាមច្បាប់ ប៉ុន្តែបែរព្រះរាជអាជ្ញារង និងចៅក្រមសាលាដំបូងរាជធានី ភ្នំពេញដោះលែង យ៉ាងស្រួលៗទៅវិញ ។

ករណីដែលព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញឈ្មោះ លី សុផាន់ណា និងចៅក្រម នូវ វាសនា ដោះ លែងជនសង្ស័យទាំង៥នាក់ បានធ្វើឲ្យមានការរិះគន់យ៉ាងពេញបន្ទុក ព្រោះការដោះលែងជន សង្ស័យយ៉ាង ងាយៗបែប នេះអាចធ្វើឲ្យសមត្ថកិច្ចអស់ទឹកចិត្តក្នុងការបង្រ្កាបជនល្មើស ហើយបទ ល្មើសលួចឆក់ប្លន់អាចកើតឡើងយ៉ាងពេញបន្ទុកជាមិនខាន ។ ការដែលសមត្ថកិច្ចនគរបាល ចាប់បានជន សង្ស័យ៥នាក់ ព្រមទាំងវត្ថុតាង៩គ្រឿងបញ្ជូនទៅតុលា ការ ហើយត្រូវចៅក្រម និងតំណាង អយ្យការដោះ លែងដោយមិនបានពិនិត្យទៅស្ថានភាពបទល្មើស គឺជារឿងមិនសម ទំនងទាល់តែសោះ ដូច្នេះក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការទៅលើចៅក្រម និងព្រះរាជអាជ្ញារងដែលប្រព្រឹត្ត អំពើមិនប្រក្រតីជាបន្ទាន់ ។ ដោយហេតុថា កន្លងមកគ្រាន់តែចោរឆក់ទូរស័ព្ទដៃនៅតាមដងផ្លូវ ឬលួចទ្រព្យសម្បតិ្តបន្តិច បន្តួចត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររាប់ឆ្នាំឯណោះ ដូច្នេះរឿងរ៉ាវដែលព្រះរាជអាជ្ញារង លី សុផាន់ណា និង ចៅក្រម នូវ វាសនា ដោះលែងជនសង្ស័យជាចោរលួចរថយន្ត៥នាក់ គឺជារឿងមិនសមទំនងឡើយ ៕

សពពលករ ខ្មែរស្លាប់ដោយគ្រោះ ថ្នាក់ចរាចរ នៅថៃ ៦នាក់ បានបញ្ជូនមក ដល់កម្ពុជាហើយ

$
0
0

បន្ទាយមានជ័យ ៖ មន្រី្តអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា នៅម៉ោង ២២និង៥០នាទី យប់ថ្ងៃអាទិត្យទី១៥ ខែមិថុនា ឆ្នាំ២០១៤ សាកសពពលករខ្មែរ ចំនួន៦នាក់ ដែលបានស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរ នៅខេត្តឆាក់ឈឿសៅ ត្រូវអាជ្ញាធរថៃ បញ្ជូនមកដល់ខេត្ត បន្ទាយមានជ័យហើយ ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងបន្ថែមថា សាកសពពលករ ៦នាក់ដែលស្លាប់នោះ មានស្រី៥នាក់ និងប្រុសម្នាក់ ។  សូមជំរាបថា រថយន្តថៃដឹក ពលករខ្មែរ បានក្រឡាប់នៅចម្ងាយ ២០គីឡូពីទីរួមខេត្ត ឆាក់ឈឿសៅ ក្នុងស្រុក ភ្នំសារ៉ាខាម បណ្តាលឲ្យស្លាប់៦នាក់ និងរបួស ១៦នាក់ ៕ 

ពលករខ្មែរឆ្លង ចូលតាមច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត នៅព្រឹកចន្ទនេះ មានចំនួនជាង ៤០០នាក់

$
0
0

បន្ទាយមានជ័យ ៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងថា គិតចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៩និង២០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា នេះ ពលករខ្មែរ ដែលធ្វើដំណើរ ឆ្លងកាត់ តាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត មានចំនួន ៤២៥នាក់ ក្នុងនោះស្រ្តី១៤៦នាក់ និងក្មេង៤៦នាក់ និងមានរថយន្ត ៧គ្រឿងផងដែរ ។

 នេះគឺជាតួលេខ គិតតែឆ្លងកាត់ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ប៉ុណ្ណោះ ដោយមិនទាន់ បញ្ជូល តាមច្រកទ្វារផ្សេងៗ ទៀតនោះឡើយ។

 យ៉ាងណាក៏ដោយ កម្លាំងអាជ្ញាធរ និងកម្លាំង សមត្ថកិច្ច ជាច្រើននាក់ បានរង់ចាំទទួល ដើម្បីដឹកជញ្ជូនពួកគាត់ ត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ដោយមិនឲ្យមានការ បង់លុយ ឫការចំណាយនោះឡើយ ៕

គណៈកម្មកាប្រឹក្សាការងារ បើកកិច្ចប្រជុំ ពិភាក្សាលើយន្តការកំណត់ប្រាក់ឈ្នួល នៅព្រឹកនេះ

$
0
0

ភ្នំពេញៈ គណៈកម្មការប្រឹក្សាការងារ (LAC) នឹងបើកកិច្ចប្រជុំថ្មីមួយ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធនឹង ការកំណត់យន្តការប្រាក់ឈ្នួល ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនានេះ ។

កិច្ចប្រជុំត្រីភាគីនេះ នឹងមានការចូលរួម ដោយសមាសភាព គណៈកម្មការប្រឹក្សាការងារ រួមមានតំណាងរាជរដ្ឋាភិបាល (ក្រសួងការងារ) តំណាងខាងនិយោជក និង តំណាងខាងកម្មករជាដើម ដើម្បីប្រជុំជ្រើសរសើ សម្រេច លើការដាក់បញ្ចូល លទ្ធផល ដែលបានមកពីសិក្ខាសាលា ត្រីភាគីថ្នាក់ជាតិ លើកដំបូង ស្តីពីការពង្រឹងដំណើរការ នៃ ការកែ សម្រួល ប្រាក់ឈ្នួល អប្បរមានៅកម្ពុជា កាលពីថ្ងៃទី២៤-២៥ ខែមេសា កន្លងទៅ ។

លទ្ធផលនៃរួមមាន ការរកឃើញនូវរូបមន្តរួម បែបវិទ្យាសាស្រ្ត មួយចំនួនដូចជា   ទី១ អំពីភាពញឹកញាប់ នៃការកែសម្រួល ប្រាក់ឈ្នួល ដែលត្រូវពិភាក្សាប្រចាំឆ្នាំ ជាពិសេសរៀងរាល់ មុនដំណាច់ ឆ្នាំ។ ទី២ អំពីភាពអាច ព្យាករណ៍បាន នៃការកែសម្រួលប្រាក់ឈ្នួលអប្បបរមា គឺយកជម្រើសរូបមន្ត ដំឡើង ប្រាក់ឈ្នួល ជាបន្តបន្ទាប់ ដោយសន្សឹមៗ។ ទី៣ អំពីយន្តការនៃការចរចា៖ យកជម្រើសគោលការណ៍ ឈ្នះ ឈ្នះ ក្នុងការដោះស្រាយបញ្ហា ដែលអាចទទួលយកបាន ទាំងសងខាង។ ទី៤.អំពីបែបបទ នៃការធ្វើសេចក្ដី សម្រេច ចិត្ត ៖ ភាគច្រើនជ្រើសរើសយកយន្តការកុងសង់ស៊ីស និងមួយចំនួនទៀត ជ្រើសរើសយកសំឡេង ភាគច្រើន តាមរយៈការបោះឆ្នោតសម្ងាត់ និងទី៥៖ អំពីការប្រើប្រាស់ទិន្នន័យរបស់ វិទ្យាស្ថានជាតិស្ថិតិ និង យកលក្ខណៈ វិនិច្ឆ័យបែបសេដ្ឋកិច្ចនិងសង្គម លក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច ដោយអាស្រ័យលើ ផលិតភាព ប្រកួតប្រជែង ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យៈ លក្ខណៈវិនិច្ឆ័យបែបសង្គម (ស្ថានភាព គ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) ជាដើម ៕

រថយន្តវីស្តុនបុក ម៉ូតូសេ១២៥ បណ្តាលឲ្យនារីម្នាក់ រងរបួសបាក់ជើងម្ខាង

$
0
0

ភ្នំពេញ ៖ គូរស្នេហ៍១គូរជិះម៉ូតូឌុបគ្នា លឿនជ្រុល បុកគ្នាជាមួយរថយន្តវីស្តុន១គ្រឿង កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យនារីម្នាក់ រងរបួសបាក់ជើងម្ខាង បានរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះ ទាន់ពេលវេលា ហើយរថយន្ត នឹងម៉ូតូរងការខូចខាតផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២១ថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០១៤ ស្ថិតនៅចំណុច មុខក្រសួងកសិកម្ម ផ្លូវព្រះនរោត្តម ជិតស្តុបជលផល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តវីស្តុន ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2A 4279 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង បំនងឆ្លងផ្លូវព្រះនរោត្តម ប៉ុន្តែឆ្លងមិនទាន់ផុតផង ស្រាប់តែមានគូរស្នេហ៍១គូរ កំពុងជិះម៉ូតូមួយគ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X 0986 ឌុបគ្នាធ្វើដំណើរតាម បណ្តោយផ្លូវព្រះ នរោត្តមទិសដៅពី ត្បូង ទៅជើងយ៉ាងលឿន ក៏ជ្រុលចាប់ហ្រ្វាំង មិនទាន់បុកចំក្បាល រថយន្តវិស្តុន ពេញទំហឹងតែម្តងបណ្តាលឲ្យ នារីម្នាក់ជាសន្យាត្រូវរងរបួសបាក់ជើងម្ខាង ចំណែកម៉ូតូនឹងរថយន្តកៀប ជាប់គ្នា រងការខូចខាតទាំង សងខាង ។

សមត្ថកិច្ចមូលដ្ឋាន ដែលចុះដល់កន្លែងកើតហេតុ បានបញ្ជាក់ថា ករណីរគ្រោះ ថ្នាក់ចរាចរណ៍នេះ គឺម្ចាស់ រថយន្តបានសម្រេចចេញសងថ្លៃព្យាបាលរបួសនឹងថ្លៃខូចខាតឲ្យភាគីម៉ូតូទាំងស្រុងតែម្តង ដោយ ពុំរំខាន ឲ្យសមត្ថកិច្ចឈឺក្បាល ក្នុងការដោះស្រាយជូនពួកគេឡើយ ។ ប៉ុន្តែករណីនេះបង្កឡើងដោយសារ ភាគី រថយន្តបើកឆ្លងផ្លូវមិនបញ្ជេញភ្លើងសញ្ញា ទើបបណ្តាលឲ្យជ្រុលបុកគ្នា ពេញទំហឹងតែម្តងទៅ ៕


សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ១ម៉ឺនដុល្លារ កសាងវត្តចំណាស់មួយ នៅប្រទេសបង់ក្លាដែស

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាប្រមាណ ១ម៉ឺន ដុល្លារ ដើម្បីចូលរួមកសាងសមិទ្ធផលនានា ក្នុងវត្តមានអាយុកាលដ៏ចំណាស់មួយនៅក្នុងក្រុងដាកា ប្រទេសបង់ ក្លាដែស។ នេះបើយោងតាមការចេញផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន នៅព្រលប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៤។

យោងតាមការផ្សាយរបស់ទូរទស្សន៍បាយ័ន បានឲ្យដឹងថា ការឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ដល់វត្តព្រះពុទ្ធសាសនា ដ៏ចំណាស់ក្នុងក្រុងដាកា បានធ្វើឡើងក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញទៅ ទស្សនាក្នុងវត្តនោះ គ្រាសម្តេចកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសបង់ក្លាដេស។  

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤នេះ បានដឹកនាំគណៈប្រតិភូ កម្ពុជា ទៅបំពេញទស្សនកិច្ចជាលើកដំបូង នៅប្រទេសបង់ក្លាដែស តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីបង់ ក្លាដែស លោកស្រី សេក ហាស់ស៊ីណា ក្នុងបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញដល់ប្រទេសបង់ក្លាដែស នៅវេលាម៉ោងប្រមាណ ១០ និង៥០នាទី (ម៉ោងនៅកម្ពុជា)។ ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ពីលោកស្រីនាយករដ្ឋមន្រ្តីបង់ក្លា ដែស និងមន្រ្តីជាន់ខ្ពស់របស់ប្រទេសបង់ក្លាដែសជាច្រើនផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា នឹងទស្សនកិច្ចនៅប្រទេសបង់ក្លាដែសរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤។

ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅទីក្រុងដាកា សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស មានគោលដៅពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេស កម្ពុជា-បង់ក្លាដេស ឲ្យកាន់តែរឹង មាំ និងរីកចម្រើនថែមទៀត ជាពិសេសការជំរុញទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ នៃប្រទេសទាំងពីរ។

នៅក្នុងដំណើរទស្សនកិច្ចនារសៀលថ្ងៃទី១៦ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នាវិមានយុទ្ធជនពលី ដែលបានបូជាជីវិត ក្នុងការរំដោះប្រទេសបង់ក្លាដែស ។ សម្តេចតេជោ និងប្រតិភូ ក៏បានអញ្ជើញទៅទស្សនាតំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មដាកា និងបន្តដំណើរទៅទស្សនកិច្ចនៅវត្តព្រះពុទ្ធសាសនាបុរាណមួយកន្លែង នៅទីក្រុងដាកា ផងដែរ។

នៅថ្ងៃទី១៧ ខែមិថុនា ស្អែកនេះ សម្តេចតេជោ នឹងអនុញ្ញាតឱ្យឥស្សរជនជាន់ខ្ពស់របស់បង់ក្លាដែសមួយចំនួនចូលជួបសំដែងការគួរសម។ បន្ទាប់មកសម្តេចតេជោ និង ប្រតិភូ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចសារៈមន្ទីរ«បាំងហ្កាបាន់ឌូ» ដែលជាសារៈមន្ទីរមួយត្រូវបានប្រជាពលរដ្ឋបង់ក្លាដែសចាត់ទុកថា ជាបិតាជាតិរបស់បង់ក្លាដែស ។ នៅថ្ងៃដដែលនោះ សម្តេចតេជោ នឹងជួបចរចាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីបង់ក្លាដេស នៅទីស្ដីការនាយករដ្ឋ មន្ត្រី ហើយក្រោយជំនួបចរចារទ្វេភាគី នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន៤ រួមមាន៖ ១. កិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបង់ក្លាដេស ស្តីពីការបង្កើតគណៈកម្មការចំរុះ សម្រាប់ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី, ២. អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងវិស័យកសិកម្ម, ៣. កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិ បត្តិការ វប្បធម៌ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសបង់ក្លាដេស និង ៤. កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការពារវិនិយោគ រវាងកម្ពុជា និងបង់ក្លាដេស។

សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងនិវត្តមកកម្ពុជាវិញ នាថ្ងៃទី១៨ ខែមិថុនា។

ប្រទេសកម្ពុជា និងបង់ក្លាដែស បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៩៣ តែ មិនដែលមានដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសមួយនេះឡើយ។ លោក ស្រី សេក ហាស៊ីណា នាយករដ្ឋមន្ត្រីបង់ក្លាដេស ធ្លាប់បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលបង់ក្លាដែស មកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ នៅកម្ពុជា កាលពីខែមករា ឆ្នាំ២០០១។ 

ចំណងកាទូតកម្ពុជា-បង់ក្លាដែស ក្នុងរយៈពេលជាង២១ឆ្នាំកន្លងមកនេះ ប្រទេសទាំងពីរ បានពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា មានការរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសលើទំនាក់ទំនងអន្តរ ជាតិ កម្ពុជា និងបង់ក្លាដែស បានគាំទ្រគ្នាទៅវិញទៅមក ក្នុងនោះ កម្ពុជាបានគាំទ្រដល់បេក្ខភាពរបស់បង់ក្លាដែស ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ នៃអង្គការយូណេស្កូ បេក្ខភាពនៅក្នុងអង្គការ នៃសមុទ្រអន្តរជាតិក្នុងក្រុមB ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ នៃសហភាពទូរគមនាគមន៍ អន្តរជាតិ បេក្ខភាពនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ អាណត្តិ២០១៥-២០១៧។ សមាជិកគណៈកម្មាធិការ ស្តីពីការលុបបំបាត់ការរើសអើង ប្រឆាំងស្ត្រីភេទ របស់អង្គការសហប្រជាជាតិ អាណត្តិ២០១៥-២០១៨។ ចំណែកបង់ក្លាដែស បានគាំទ្រកម្ពុជា ជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និង សមាជិកមិនអចិន្រៃ្តយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិអាណត្តិ២០១៣-២០១៤៕

សម្តេចតេជោ ពេលអញ្ជើញដល់ប្រទេសបង់ក្លាដែស (រូបភាព AKP)

ពលករខ្មែរ ធ្វើដំណើរឆ្លងកាត់ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត មានជាង១៥០០០នាក់

$
0
0

បន្ទាយមានជ័យ  ៖ ពលករខ្មែរ ដែលធ្វើដំណើរ ឆ្លងកាត់ តាមច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ មានជាង១,៥ម៉ឺននាក់ ។

អធិការ នគរបាល ក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានថ្លែងឲ្យដឹងថា គិតចាប់ពីវេលា ម៉ោង៦ព្រឹក ដល់ វេលាម៉ោង ១៖៤៥នាទីយប់ចូល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ នេះមានពលករឆ្លងកាត់តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ចំនួន ១៥០៥៨នាក់ ក្នុងនោះស្រី ៦២១២នាក់ និងក្មេង១៤៦៩ នាក់ ។

អធិការ នគរបាល ក្រុងប៉ោយប៉ែត បានបន្តទៀតថា ចំនួនពលករខ្មែរ ដែលបានចាកចេញ ពីប្រទេសថៃ បាននិងកំពុង ធ្វើដំណើរ បន្តមកទៀត ។ យ៉ាងណាក៏ដោយ ខណៈដែល ប្រជាពលករខ្មែរ ឆ្លងមកដល់ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ហើយនោះ ទាំងកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បាននៅចាំទទួល ដើម្បីដឹក ពួកគេ ត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ៕

ពិសេសសម្រាប់ សុខភាពជាមួយ ការប្រើប្រាស់ ឧបករណ៍ បញ្ចុះសម្ពាធឈាម ម៉ាកធៀនស៍

$
0
0

ឧបករណ៍បញ្ចុះសម្ពាធឈាម និង ថែរក្សាខួរក្បាល ម៉ាកធៀនស៍ នេះ គឺបានផលិឡើង តាមបច្ចេកវិទ្យា ដ៏ទំនើប សម្រាប់ ជំនួយការព្យាបាលនិង ថែទាំសុខភាពឲ្យមនុស្ស ដោយប្រើជីវអគ្គិសនី ហើយវិធីព្យាបាលនេះ រួមផ្សំនឹង ទ្រឹស្តីវិជ្ជាពេទ្យ បុរាណចិនជាង ៥០០០ឆ្នាំមុន ដែលគេហៅថាបណ្តាញ ជីពចរ។

លោកអ្នកគ្រាន់តែប្រើនូវ ឧបករណ៍នេះពី៣-៥ នាទីប៉ុណ្ណោះវាអាចជួយសម្រួល សម្ពាធឈាមលោកអ្នក ឲ្យមាន លំនឹង និងជួយបញ្ហាឈឺក្បាល វិលមុខ និងការរំខានពីសារធាតុ វិទ្យុសកម្មផ្សេងៗ

ព័ត៌មានលម្អិតសូម ទាក់ទង តាមរយៈទូរស័ព្ទលេខ៖ 011 65 87 96, 097 51 15 872, 098 44 67 07៕

Photo by DAP-News

ពលករខ្មែរ ឆ្លងកាត់តាម ច្រកទ្វារ អន្តរជាតិ អូរស្មាច់ព្រឹកនេះ

$
0
0

ឧត្តរមានជ័យ ៖ ប្រភពព័ត៌មានពីខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ពលករខ្មែរ ធ្វើដំណើរ ឆ្លងកាត់ តាមច្រកទ្វារ អន្តរជាតិ អូរស្មាច់ គិតត្រឹម ម៉ោង ៨និង២០នាទី ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤នេះ មានចំនួន ៧៣នាក់ ក្នុងនោះស្រី ២៧នាក់ និងកុមារ ៣នាក់  ។

យ៉ាងណាក៏ដោយ ខណៈដែល ប្រជាពលករខ្មែរ ឆ្លងមកដល់ ច្រកទ្វារអន្តរជាតិ អូរស្មាច់ កម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បាននៅចាំទទួល ដើម្បីចែកមី ទឹកសុទ្ធ នំបុ័ង ដឹក ពួកគេ ត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ៕

អាម៉េរិកពិភាក្សា ជាមួយអ៊ីរ៉ង់ លើបញ្ហានៅអ៊ីរ៉ាក់

$
0
0

វ៉ាស៊ីនតោន៖ ព័ត៌មាន BBC ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងធ្វើ កិច្ចពិភាក្សាដោយផ្ទាល់ជាមួយប្រទេសអ៊ីរ៉ង់ ទាក់ទងនឹងស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់។ នេះបើយោង តាមការលើកឡើងរបស់ មន្ត្រីសហរដ្ឋអាម៉េរិក ប្រាប់សារពត៌មាន BBC។

ការពិភាក្សានេះធ្វើឡើង ស្របពេលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា កំពុងពិចារណាលើការចាត់វិធានការណា មួយក្នុងប្រទេសអ៊ីរ៉ាក់។ ជាមួយគ្នានេះដែរ សហរដ្ឋអាម៉េរិក បានបង្ហាញការទិតៀនចំពោះរូបភាព នៃការសម្លាប់ រង្គាលយ៉ាងសាហាវព្រៃផ្សៃលើកម្លាំងយោធារបស់ប្រទេសអ៊ីរ៉ាក់ ដែលចេញផ្សាយដោយក្រុមសកម្មជន Sunni។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ក្រុមជ្រុលនិយមវាយដណ្តើមបានទីក្រុងសំខាន់ៗមួយចំនួន ដូចជា ទីក្រុង Mosul និង Tikrit កាលពីសប្តាហ៍មុន ប៉ុន្តែទីក្រុងមួយចំនួន បច្ចុប្បន្ននេះ បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ រដ្ឋាភិបាលវិញហើយ៕

វិចារណកថាៈ មន្រ្តីយោធាថៃ កំពុងបិទបាំង អំពើអមនុស្សធម៌

$
0
0

គិតមកដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤នេះ មានពលករខ្មែរ ក្មេង ចាស់ ប្រុសស្រី ប្រមាណ ជិត២០ ម៉ឺននាក់ ហើយដែលត្រូវអាជ្ញាធរ រដ្ឋាភិបាល យោធាថៃ ចាប់បញ្ជូនត្រឡប់ មកស្រុកវិញ តាមច្រកព្រំដែន អន្តរជាតិប៉ោយប៉ែត និង ច្រកព្រំដែនផ្សេងៗទៀត ក្នុងខេត្តឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន និងកោះកុង ជាដើម ។ ទង្វើអមនុស្សធម៌របស់អាជ្ញា ធរយោធាថៃត្រូវរងការរិះគន់យ៉ាងខ្លាំងក្លា ពីរាជរដ្ឋាភិបាលកម្ពុជា អង្គការសិទ្ធិមនុស្ស ជាតិ និង អន្តរជាតិព្រោះអាជ្ញាធរថៃ មិនគោរពតាមគោលការណ៍ មនុស្សធម៌ ឲ្យបាន ត្រឹម ត្រូវនោះទេ ។ ការដឹកជញ្ជូនពលករខ្មែរ មកច្រកព្រំដែន ដោយប្រើ ប្រាស់រថយន្តទ្រុង សំណាញ់ ដែកសម្រាប់ដឹកអ្នកទោស រថយន្តដឹកសំរាម និងរថយន្តដឹកបន្លែជាដើម គឺជាការប្រមាថ មើលងាយអាយុ ជីវិត ប្រជាពលរដ្ឋខ្មែរដូចសត្វធាតុ ហើយជាការបង្ហាញថា រដ្ឋាភិបាលយោធាថៃ គ្មានការយោគយល់ចំ ពោះប្រជាពលរដ្ឋនៃ ប្រទេសដែល មានព្រំដែនជាប់គ្នានោះទេ ។ សំឡេងរិះគន់រដ្ឋាភិបាល យោធាថៃលាន់ ឮកាន់ តែខ្លាំង នៅលើឆាកអន្តរជាតិ ព្រោះការចាប់បញ្ជូនពលករខ្មែរ រាប់សែននាក់មកស្រុកវិញ ធ្វើឡើងយ៉ាងអមនុស្សធម៌ ។

ក្រោយពេលទទួលរងនូវការរិះគន់ ជាបន្តបន្ទាប់រួចមក ឧត្តមសេនីយ៍ វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពជើង គោក នៃកងសន្តិសុខជាតិថៃ បានថ្លែងបិទបាំងការពិតថា របបយោធាថៃ គ្មានគោលនយោបាយបោស សំអាត ពលករចំណាក ស្រុកបរទេសទេ ប៉ុន្តែត្រូវត្រួតពិនិត្យនៅគ្រប់តំបន់ ដែលមានពលករ ខុស ច្បាប់ដើម្បីដោះស្រាយចំណាត់ការពលករ បរទេសដែលមានរយៈពេលជាង១០ឆ្នាំ កន្លងទៅឲ្យ ស្រប តាមនិន្នាការមាន មនុស្សធម៌ និងជាលក្ខណៈសកលផ្តល់ផល ល្អដល់អាជីវករ និងពលករបរទេស រួមទាំង ផ្តល់ការថែទាំផ្នែកសុខភាព ។ ការអះអាងរបស់មន្រ្តីយោធា ថៃ ជាន់ខ្ពស់បែប នេះ គឺមានចេតនាបិទ បាំងអំពើអមនុស្សធម៌ដែលរដ្ឋាភិបាលយោធាថៃបានប្រព្រឹត្តយ៉ាងអាក្រក់មកលើពលករខ្មែរចាប់ តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤រហូតមកដល់ពេលនេះ ។ អ្វីដែលគួរឲ្យកត់ សម្គាល់នោះគឺ នៅពេលដែលអាជ្ញាធរ យោធាថៃចាប់បញ្ជូន ពលករខ្មែរត្រឡប់មកវិញយ៉ាងតក់ក្រហល់ បានធ្វើឲ្យ ពលករខ្មែរយ៉ាងតិច៨នាក់ស្លាប់ និងរាប់សិប នាក់រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ដូច្នេះមន្រ្តីយោធាថៃជាន់ខ្ពស់មិនអាចបិទបាំងការពិតបានទេចំពោះអំពើ អមនុស្សធម៌ក្នុង ការចាប់ បញ្ជូនពលករខ្មែរត្រឡប់មកវិញ និងការប្រមាថមើល ងាយពលករខ្មែរ ដូចសត្វធាតុ ។

ក្រុមមន្រ្តី អង្គការសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា និងអ្នកតាមដានព្រឹត្តិការណ៍ អាជ្ញាធររដ្ឋាភិបាល យោធា ថៃចាប់ បញ្ជូនពលករខ្មែររាប់សែន នាក់ ត្រឡប់មកស្រុកវិញបានឲ្យដឹងថា ការដឹកជញ្ជូន ពលករតាម រថយន្តទ្រុងសំណាញ់ដែក ដូចអ្នកទោសយកមកចាក់ចោលនៅច្រកព្រំដែន គឺជាអំពើ គ្មានមនុស្ស ធម៌ទាល់តែសោះ ។ អាជ្ញាធរយោធាថៃបានចោទ ប្រកាន់ភាគីកម្ពុជាថា មានការលាក់បាំង ករណី ក្រុមមេដឹកនាំអាវក្រហមចូលមកជ្រក កោន នៅក្នុងប្រទេសកម្ពុជាដោយពុំ មានភស្តុតាងអ្វីទាំងអស់ ហើយចាប់ផ្តើមប្រព្រឹត្តអមនុស្សធម៌លើពលករខ្មែរ ក្មេងចាស់ ប្រុស ស្រី រួមទាំង កុមារតូចៗ យ៉ាងកំរោល ទៅវិញ ។ ដូច្នេះមន្រ្តីយោធាថៃជាន់ខ្ពស់មិនគួរខំប្រឹងបិទបាំងអំពើអាក្រក់របស់ខ្លួនតទៅទៀតទេ ហើយគួរ តែគិតគូរឡើង វិញចំពោះការយោគយល់ដល់ពលរដ្ឋខ្មែរស្លូតត្រង់ក្នុងនាមជាពលរដ្ឋនៃប្រទេសសមាគមអាស៊ានដូចគ្នា។ មានន័យថា អាជ្ញាធររដ្ឋាភិបាលយោធាថៃ គួរគិតគូរអំពីមនុស្សធម៌ និងការគោរពសិទ្ធិ មនុស្សជាធំ ហើយមិនត្រូវយកផល ប្រយោជន៍នយោបាយមកពាក់ព័ន្ធនឹង ករណីពលករ ចំណាកស្រុក នោះទេ ព្រោះពលករខ្មែរមិនបានជាប់ពាក់ព័ន្ធអ្វីទៅ នឹងស្ថានភាពនយោបាយដ៏ខ្មៅ ងងឹតក្នុងប្រទេសថៃ នោះឡើយ ។

សូមបញ្ជាក់ថា ក្រោយពេលក្រុមយោធាធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលគណបក្សភឿថៃ ចេញពីអំណាច កាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ រួចមក គឺរបបយោធាថៃចាប់ផ្តើមធ្វើទុក្ខបុកម្នេញ លើពលករ ដែលចូលទៅរកការងារធ្វើ ដោយខុសច្បាប់លើទឹកដីថៃ ។ ក្នុងនោះពលករខ្មែរ និងពលករភូមាគឺ ជាមុខព្រួញសំខាន់បំផុតដែលអាជ្ញាធរយោធាថៃ ចាប់បញ្ជូនត្រឡប់មកស្រុកវិញ ហើយប្រតិបត្តិការ របស់អាជ្ញាធរយោធាថៃ មានភាពអមនុស្សធម៌ និងជាការរំលោភសិទ្ធិ មនុស្សយ៉ាងពេញបន្ទុក ។ តាម សេចក្តីរាយការណ៍ពីពលករខ្មែរមួយចំនួនបានឲ្យដឹងថា កងទាហាន បានចេញចាប់ពួកគេដូចសត្វធាតុ ដើម្បីបញ្ជូនមកស្រុកវិញ ហើយអ្នកខ្លះត្រូវយោធាថៃដកហូតយកលុយកាក់ និងទ្រព្យសម្បតិ្តអស់ទៀត ផង ។ បើពិនិត្យទៅលើស្ថានភាព របស់ពលករខ្មែរដែលអាជ្ញាធរ យោធាថៃ បញ្ជូនមកដល់ច្រកព្រំដែន ប៉ោយប៉ែតបាន បង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរ យោធាថៃ ប្រមាថមើលងាយ អាយុជីវិតប្រជាពលរដ្ឋខ្មែរ ខ្លាំងណាស់ ព្រោះពលករខ្មែរខ្លះ គ្មានលុយសូម្បីតែ១បាតនៅក្នុងហោប៉ៅ ដោយសារ តែទាហាន ថៃដកហូតយកអស់ ។

សរុបសេចក្តីមក ទង្វើរបស់អាជ្ញាធរ រដ្ឋាភិបាលថៃ ក្នុងពេលបញ្ជូនពលករខ្មែរ រាប់សែននាក់ត្រឡប់ មកមាតុភូមិ វិញគឺពោរពេញដោយអំពើអមនុស្ស ធម៌ ដែលមន្រ្តីយោធាថៃ ជាន់ខ្ពស់មិនអាចបិទបាំង ការពិតបានឡើយ ។ តាមតួលេខ ក្រៅផ្លូវការមួយចំនួនបានឲ្យដឹងថា មានពលករខ្មែរជិត២០ម៉ឹន នាក់ ហើយដែលត្រូវបានយោធាថៃបញ្ជូនត្រឡប់មកស្រុក វិញក្រោមលេសពង្រឹងសនិ្តសុខ សង្គមដោយប្រើ ប្រាស់ច្បាប់អាជ្ញាសឹកយ៉ាងតឹង តែងបំផុត ។ នៅក្រោយពេលទទួលរង នូវការរិះគន់កាន់តែខ្លាំងឡើងៗ ទើបអាជ្ញាធររដ្ឋាភិបាលយោធាថៃ កាត់បន្ថយការធ្វើបាបពលករខ្មែរ ដូចសត្វធាតុ ហើយ អ្នកនាំពាក្យ យោធាថៃក៏ព្យាយាមបិទបាំងអំពើអាក្រក់ក្នុងការចាប់បញ្ជូនពលករខ្មែរត្រឡប់មកស្រុកវិញដោយគ្មានការ យោគយល់នោះដែរ ។ ពាក់ព័ន្ធនឹងបញ្ហានេះអ្នកតាមដានបញ្ហាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ថៃបាន លើកឡើងថា រដ្ឋាភិបាល យោធាថៃមិនគួរប្រព្រឹត្តអំពើអមនុស្សធម៌លើពលករខ្មែរទេ ព្រោះកន្លងមកពលករខ្មែរបានរួម ចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចថៃរីក ចម្រើន ម្យ៉ាងទៀត ក្នុងនាមប្រទេសដែលមានព្រំដែនជាប់គ្នា និងជា សមាជិកអាស៊ានដូចគ្នាគឺភាគីថៃ ត្រូវគោរពលសិទ្ធិ ពលករខ្មែរ ឲ្យស្របតាម គោលការណ៍អាស៊ានផងដែរ ៕

ពិធីប្រកាស ស្នងការខេត្ត ព្រះសីហនុ

$
0
0

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ នៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ មានរៀបចំពិធី ប្រកាសស្នងការ នគរបាល ខេត្តព្រះ សីហនុ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ។

តាមប្រកាស របស់ក្រសួងមហាផ្ទៃ លេខ១៥៧៩ប្រក ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយលោកឧប  ស ខេង សំរេចតែងតាំង លោកឧត្រី  ស៊ាង  កុសល អត្តលេខ ០៤២៧ ស្នងការរង និងជាប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់ ជាស្នងការជំនួសលោកឧទោ តាក វណ្ណថា ដែលចូលនិវត្តន៍ និងប្រកាសលេខ១៦១៥ប្រក ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៤ សំរេចតាំងតាំងលោកវទោ អ៊ី សុខា នាយការិយា ល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន ជាស្នងការរងជំនួសលោក ស៊ាង កុសល វិញ ៕


ភេរវករ ១៧៧នាក់ស្លាប់ ក្នុងប្រតិបត្តិការ បោសសម្អាតភេវរករ នៅប៉ាគីស្ថាន ត្រឹមរយៈពេលពីរថ្ងៃ

$
0
0

អ៊ីស្លាម៉ាបាដ៖ ភេរវករប្រមាណ ១៧៧នាក់ បានស្លាប់ នៅក្នុងបេសកកម្មបោសសំអាតភេរវករ ដោយកម្លាំងយោ ធានៅក្នុងប្រទេសប៉ាគីស្ថាន ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់សម្តីកម្លាំងយោធាប្រទេសប៉ាគីស្ថានមកបញ្ជាក់ថា ក្នុងប្រតិបត្តិការដោយកម្លាំងយោធាប៉ាគីស្ថាន ដើម្បីបោសម្អាតក្រុមសកម្មជនក្នុងស្រុក និង បរទេស ស្ថិតនៅតំបន់ Waziristan ភាគខាងជើង ប្រទេសប៉ាគីស្ថាន ក្នុងរយៈពេលត្រឹមតែពីរថ្ងៃនោះ បានសម្លាប់ក្រុមភេរវកររហូតដល់ទៅ ១៧៧ នាក់។

កងកម្លាំងសន្តិសុខ រួមជាមួយយន្តហោះ និងនាវាប្រដាប់ដោយអាវុធ បានចេញប្រតិបត្តិការវាយលុក ក្រោមការ ចង្អុលបង្ហាញរបស់រដ្ឋាភិបាល។ កម្លាំងយោធាបាននិយាយថា ក្រុមសកម្មជន បានធ្លាក់ទៅក្នុងភ្លើងសង្គ្រាមនៅ ប៉ាគីស្ថាន។

ប្រភពដដែលបានឲ្យដឹងថា ប្រតិបត្តិការនៅភាគខាងជើង Wazirastan បានដំណើរការតាមការគ្រោងទុក។ រហូតមកទល់ពេលនេះ ពុំមានការវាយលុកណាមួយធ្វើឡើងនៅក្នុងតំបន់ ដែលមានប្រជាជនស៊ីវិលរស់នៅ ឡើយ។ កម្លាំងយោធា ត្រូវបានដាក់ពង្រាយនៅតាមបន្ទាត់ព្រំដែន និងនៅតាមតំបន់ដទៃទៀត ដើម្បីរារាំង ចលនារបស់ក្រុមភេវរករ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ជម្រករបស់ក្រុមសកម្មជនចំនួនប្រាំមួយកន្លែង ត្រូវរងការវាយប្រហារដោយ ឧទ្ធម្ភាគចក្រកាលពីព្រឹកថ្ងៃចន្ទ ក្នុងតំបន់ភាគខាងជើង Wazirastan ជាប់បន្ទាត់ព្រំដែនប្រទេសអាហ្គានីស្ថាន៕

ប៉ង់តាហ្គោន បញ្ជូននាវាធ្វើសង្គ្រាម ទៅអ៊ីរ៉ាក់ ការពារជនជាតិ អាម៉េរិក

$
0
0

វ៉ាស៊ីនតោន៖ ព័ត៌មាន NBC ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ ថា បន្ទាយប៉ង់តាហ្គោន បានបញ្ជូននាវា ធ្វើសង្គ្រាមទៅកាន់ឈូងសមុទ្រអារ៉ាប់ ដើម្បីការពារសន្តិសុខ និងផលប្រយោជន៍របស់ជនជាតិអាម៉េរិក នៅក្នុង ប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីអាម៉េរិក។

នាវាសហរដ្ឋអាម៉េរិក ឈ្មោះថា USS Mesa Verde ដែលអាចផ្ទុកនូវឧទ្ធម្ភាគចក្រសម្រាប់ធ្វើសង្គ្រាម នឹងរួម កម្លាំជាមួយកងនាវាជើងទឹករបស់សហរដ្ឋអាម៉េរិកដទៃទៀត ដែលត្រូវបានដាក់ពង្រាយ នៅឈូងសមុទ្រអារ៉ាប់ នោះជាស្រេច។

យោងតាមរដ្ឋមន្ត្រីការពារជាតិមួយរូប របស់សហរដ្ឋអាម៉េរិក បានបញ្ជាក់ថា ប្រសិនបើលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដាក់បញ្ជាវាយប្រហារតាមផ្លូវអាកាសនោះ នឹងមានអាវុធគ្រប់គ្រាន់នៅទីនោះតែម្តង៕

ពលករខ្មែរ ឆ្លងកាត់តាម ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែតនៅព្រឹកនេះ

$
0
0

បន្ទាយមានជ័យ ៖ មន្រ្តីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពលករខ្មែរ ធ្វើដំណើរ ឆ្លងកាត់ តាមច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត គិតត្រឹមម៉ោង៦ និង២៥នាទីដល់ម៉ោង៩ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤នេះ មានចំនួនសរុប ៤៧៨នាក់ ក្នុងនោះស្រី ១៨៨នាក់ និងកុមារ២៨នាក់  ។

យ៉ាងណាក៏ដោយ ខណៈដែល ប្រជាពលករខ្មែរ ឆ្លងមកដល់ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត កម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បាននៅចាំទទួល ដើម្បីចែកមី ទឹកសុទ្ធ នំបុ័ង ដឹក ពួកគេ ត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ។

មន្រ្តីនគរបាល ក្រុងប៉ោយប៉ែត បានបន្តទៀតថា ចំនួនពលករខ្មែរ ដែលបានចាកចេញ ពីប្រទេសថៃ បាននិងកំពុង ធ្វើដំណើរ បន្តមកទៀត តែរាងថយចុះ បន្តិចបើប្រៀបធៀប សម្រាប់ប៉ុន្មាន ថ្ងៃមុននេះ ៕

ក្រុមតារាចម្រៀង ក្នុងផលិត កម្ម ថោន នាំអំណោយទៅចែក ជូនពលករខ្មែរ​ ដល់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត

$
0
0

បន្ទាយមានជ័យ៖ ក្រុមតារាចម្រៀង របស់ផលិតកម្មថោន ជាច្រើនដួង បាននាំអំណោយ និងស្បៀងអាហារ មានដូចជា ទឹកក្រូច ទឹកសុទ្ធ នំ និងសម្ភារៈផ្សេងៗ ជាច្រើនទៀត ចែកជូនដល់បងប្អូនពលករខ្មែរ នៅច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែត កាលពី យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤នេះ ខណៈដែលយោធាថៃ បានបញ្ជូនពលករខ្មែរ មកប្រទេសកម្ពុជាវិញ រាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ ធ្វើឲ្យពួកគាត់ ជួបការលំបាក និងខ្វះខាតយ៉ាងខ្លាំង។

ដោយមើលឃើញ ពីស្ថានភាពជាក់ស្ដែង បងប្អូនពលករខ្មែរ ដែលត្រូវបានយោធាថៃ បញ្ជូនមកជាច្រើននាក់ និងជួបនូវ បញ្ហាខ្វះខាតយ៉ាងខ្លាំងនេះ ទើបក្រុមតារាចម្រៀង ក្នុងផលិតកម្មថោន មានដូចជា លោក សុគន្ធ ថេរ៉ាយុ លោក មង្គល ទីណា និងអ្នកតំណាងផលិតកម្មថោន ក៏ដូចជាក្រុមការងារ ទាំងអស់ បាននាំយកអំណោយ ទៅចែកជូនដល់បងប្អូននៅតាមច្រកអន្តរជាតិ ប៉ោយប៉ែត ដើម្បីជួយសម្រួល ការលំបាកបានមួយគ្រា ក្នុងនាមយើងជាខ្មែរដូចគ្នា ។

នៅក្នុងគណនីហ្វេសប៊ុក របស់តារាចម្រៀង សុគន្ធ ថេរ៉ាយុ ត្រូវបានគេប្រទះឃើញ រូបថតជាច្រើនសន្លឹក ស្តែងឲ្យឃើញពីសកម្មភាព រៀបចំអំណោយ សម្ភារៈផ្សេងៗ និងសកម្មភាពចែកអំណោយ នៅទីតាំងដែលពលករខុសច្បាប់ខ្មែរ ត្រូវបានរថយន្តយោធាថៃ បញ្ជូនមកដល់ប្រទេសកម្ពុជា រាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ។

បើតាមការឲ្យដឹង ពីតំណាងផលិតកម្ម ថោន សកម្មភាពចែកអំណោយនេះ នឹងអាចបន្តរហូតដល់ រយៈពេល២ឬ៣ថ្ងៃ ប្រសិនបើពលករខ្មែរ ដែល ធ្វើចំណាកស្រុក ទៅធ្វើការងារនៅក្នុងប្រទេសថៃ នៅតែមានការបញ្ជូនមក ជាហូរហែ ទាំងយប់ទាំងថ្ងៃនោះ។ សកម្មភាពជួយដល់ពលករ របស់ក្រុមតារាចម្រៀងផលិតកម្ម ថោន នៅពេលនេះ ត្រូវបានគេមើលឃើញថា ជាសកម្មភាពមនុស្សធម៌ ជួយសង្គម រំលែកនូវទុក្ខលំបាករបស់ពលករ ដែលតារាចម្រៀងផ្សេងៗទៀត គួរយកតម្រាប់តាម ខណៈមិត្តភក្តិជាច្រើនក្នុងហ្វេសប៊ុក ទាំងក្នុង និងក្រៅប្រទេស ក៏សរសើរអំពីទង្វើ របស់ក្រុមតារាចម្រៀងនេះផងដែរ៕

វិចារណកថាៈ ជួយដល់ពលករ ត្រឡប់មកស្រុកវិញ ជារឿងចាំបាច់បំផុត

$
0
0

បើតាមសេចក្តី រាយការណ៍នានា បានឲ្យដឹងថា មកដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ ពលករខ្មែរ ចំណាក ស្រុក ដែលអាជ្ញាធររដ្ឋាភិបាល យោធាថៃ ចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ មានប្រមាណ ២០ម៉ឺន នាក់ ហើយច្រកព្រំដែនដែល ទទួលពលករចំណាក ស្រុកច្រើនជាងគេ គឺច្រកព្រំដែន អន្តរជាតិ ប៉ោយប៉ែត ។ បើតាមការអះអាងរបស់អាជ្ញាធរក្រុងប៉ោយប៉ែត ដែលពលករចំណាកស្រុកស្នាក់នៅ បណ្តោះ អាសន្ន មុនពេលវិលត្រឡប់ ទៅស្រុកកំណើតបានឲ្យដឹងថា មាន ពលករក្នុងមួយថ្ងៃៗរាប់ម៉ឹននាក់ ត្រូវបាន អាជ្ញាធរថៃ ចាប់បញ្ជូនមកវិញ ហើយពួកគេកំពុង ប្រឈមនឹង បញ្ហាខ្វះស្បៀងអា ហារ ខ្វះថវិកា ហើយ អ្នកខ្លះកើតមានជំងឺផ្សេងៗផងដែរ ។ បងប្អូនពលករចំណាកស្រុកទាំងនោះមានការឧបត្ថម្ភម្អូបអា ហារ នំចំណី និងទឹកបរិសុទ្ធជាដើមពីសមត្ថកិច្ច មន្រ្តីអាជ្ញាធរ និងសប្បុរសជន ប៉ុន្តែទោះជាយ៉ាងណាការ ឧបត្ថម្ភមិនអាច គ្រប់គ្រាន់នោះទេ ព្រោះពលករមានចំនួនកាន់តែច្រើន ហើយគ្រាន់តែនៅច្រកប៉ោយប៉ែត មួយកាលពីយប់ថ្ងៃទី១៧ ខែ មិថុនាគឺអាជ្ញាធរថៃ បញ្ជូនពលករខ្មែរ ចំនួនជាង១៥០០០នាក់ ។

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ក្រសួងមហាផ្ទៃបានចេញ សេចក្តីណែនាំឲ្យមន្រី្តអាជ្ញាធរ និង សមត្ថកិច្ចបន្ត ជួយដោះស្រាយបញ្ហារបស់ ពលករចំណាកស្រុក ដែលត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញ យ៉ាងគំហុក ។ នៅក្នុងសេចក្តី ណែនាំនោះក្រសួងមហាផ្ទៃបានជំរុញឲ្យសមត្ថកិច្ច និងអាជ្ញាធរទទួល ខុសត្រូវ លើបញ្ហានានាដូចជា ត្រួតពិនិត្យការ ទទួលបងប្អូនពលករនៅច្រកព្រំដែន នានា តាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ និងការដឹកជញ្ជូនបងប្អូនពលករទៅកាន់លំ នៅដ្ឋានរៀងៗខ្លួន ។ សហការស្វះស្វែងការ ជួយឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ មធ្យោបាយ ដឹកជញ្ជូន ការថែទាំសុខ ភាព សុវត្ថិភាពក្នុងពេលបង ប្អូន ពលករវិលទៅកាន់ស្រុកកំណើតវិញ ។ ជួយគាំទ្រព្យាបាល និងឧបត្ថម្ភបងប្អូនពលករ ដែលមានជំងឺ ឬដែលជួបប្រទះនូវគ្រោះថ្នាក់នានា ឬដែលទទួលមរណភាព ។ សហការផ្សព្វផ្សាយអប់រំបងប្អូនពលករ កុំឲ្យឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅក្រៅប្រទេស និងពន្យល់ពីផលវិបាកដែលកើតចេញ ពីការឆ្លង ដែនខុសច្បាប់ និងធ្វើ ការងារមិនស្របច្បាប់នៅក្រៅប្រទេស ។

មជ្ឈដ្ឋាននានា ទទួលស្គាល់ថា សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ គឺជាបញ្ហា ដ៏សំខាន់ ដើ់ម្បីជួយដល់បងប្អូន ពលករខ្មែរ ដែលត្រូវអាជ្ញាធរយោធាថៃ ចាប់បញ្ជូន ត្រឡប់មក ស្រុកវិញជាបន្តបន្ទាប់មាន ចំនួនកាន់តែច្រើនឡើងៗ ។ ជាក់ស្តែងតាមការរៀបរាប់ របស់បងប្អូន ពលករ មួយចំនួនពេលវិលត្រឡប់មកច្រកព្រំដែន បានបញ្ជាក់ថា ពួកគាត់មានបញ្ហាលំបាកសព្វបែបយ៉ាង ព្រោះត្រូវសមត្ថកិច្ចអាជ្ញាធរ ថៃ ដកហូតយកលុយកាក់អស់ ដូច្នេះពួកគាត់គ្មានសោហ៊ុយ សម្រាប់ធ្វើ ដំណើរវិលត្រឡប់ទៅស្រុកវិញ ។ ដូច្នេះការយកចិត្តទុក ដាក់របស់ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាសមត្ថកិច្ច និងអាជ្ញាធរតាមបណ្តាខេត្តនានាជួយដឹកជញ្ជូនពលករពីច្រកព្រំ ដែនត្រឡប់ទៅស្រុកកំណើតវិញ គឺជាបញ្ហាសំខាន់បំផុត នៅក្នុងដំណាក់កាលនេះ ។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តី សម្រេចស្តីពីការបង្កើតគណៈកម្មការ ដើម្បីត្រួតពិនិត្យ ណែនាំ និងសហការសម្របសម្រួល អំពីបញ្ហាពលករខ្មែរ ដែលភាគីថៃ បានបញ្ជូន មកព្រះរាជា ណាចក្រកម្ពុជា ។ គណៈកម្មការ នេះមានតួនាទីដូចជា សហការជាមួយគណៈបញ្ជាការ ឯកភាព រដ្ឋបាលខេត្តជាប់ព្រំដែនថៃ ត្រួតពិនិត្យការប្រគល់ ទទួល ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ស្របទៅ តាមគោលការណ៍ជំនាញ ។ ត្រួតពិនិត្យ ណែនាំ និងសហការណ៍សម្រប សម្រួលការរៀបចំកន្លែង ស្នាក់នៅបណ្តោះអាសន្ន អាហារ ថ្នាំពេទ្យ គ្រូពេទ្យ ដើម្បីធានាឲ្យបាន នូវសុខភាព និងសុខុមាលភាពព លករទាំងនោះ ជាពិសេសចាស់ជរា ស្រ្តី កុមារ និងអ្នកមានជំងឺ ។ ត្រួតពិនិត្យការដឹកជញ្ជូន ការគ្រប់គ្រង ការថែទាំសុខភាព ជីវភាព សុវត្ថិភាពរបស់ពលករខ្មែរពីច្រកព្រំដែនទៅកាន់លំនៅដ្ឋានរៀងៗខ្លួន ។

តួនាទីសំខាន់បំផុតរបស់គណៈកម្មការដើម្បីត្រួតពិនិត្យ ណែនាំ និងសហការសម្របសម្រួល អំពីបញ្ហា ពលករ ខ្មែរដែលភាគីថៃបានបញ្ជូន មកព្រះរាជាណាចក្រកម្ពុជាវិញគឺដឹកនាំគណៈបញ្ជាការឯកភាពខេត្ត ប្រធានច្រកទ្វារព្រំដែន និងកងកម្លាំងមានសមត្ថកិច្ច ដែលឈរជើង តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឲ្យពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ចេញ ចូលឆ្លងកាត់ព្រំដែន ដើម្បីធានាអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ នូវកិច្ចព្រមព្រៀងឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ។ ជាពិសេសត្រូវទប់ស្កាត់ឲ្យ បានដាច់ខាតការឆ្លង កាត់ព្រំដែន ខុសច្បាប់ និងការ បង្ហាទប់ស្កាត់ បង្រ្កាបបទល្មើសឆ្លងដែន គ្រប់ប្រភេទ ។ មជ្ឈដ្ឋាន ទូទៅ បានទទួលស្គាល់ថា ការយកចិត្តទុកដាក់ ជួយដល់ពលករខ្មែរ ចំណាកស្រុករាប់សែននាក់ ដែលអាជ្ញាធរ រដ្ឋាភិបាលយោធាថៃ ចាប់បញ្ជូនមកស្រុកវិញ គឺជារឿងសំខាន់បំផុត ព្រោះពួកគេកំពុងតែជួប នូវការលំបាក សព្វបែបយ៉ាង ។ ក្នុងនោះការជួយដឹកជញ្ជូនពលករត្រឡប់ទៅកាន់លំនៅដ្ឋានវិញគឺជាកត្តាសំខាន់បំផុត ព្រោះអីពលករ ខ្លះពេលដែលអាជ្ញាធរថៃដឹកជញ្ជូន មកប្រគល់ឲ្យសមត្ថកិច្ចខ្មែរ នៅច្រកព្រំដែនប៉ោយប៉ែត និងច្រកព្រំដែននានាពួកគេ គ្មានលុយសូម្បីតែ១បាត ដូច្នេះការជួយដោះស្រាយ ជាបន្ទាន់របស់ រាជរដ្ឋាភិបាល និងអាជ្ញាធរជារឿងចាំបាច់បំផុត ៕

Viewing all 8042 articles
Browse latest View live




Latest Images