Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ឥណ្ឌូណេស៊ី នឹងឈប់បញ្ជូន ជនជាតិខ្លួន ទៅធ្វើការ ក្រៅប្រទេស នៅឆ្នាំ ២០១៧

$
0
0

ហ្សាការតា៖ រដ្ឋមន្ត្រីទទួលបន្ទុក ជាន់ខ្ពស់របស់ ឥណ្ឌូណេស៊ីលោក ហានីហ្វ ដាគីរី បានប្រកាស នៅថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ នេះថា ប្រទេសរបស់ លោកនឹងឈប់ បញ្ជូន ពលកររបស់ខ្លួន ឲ្យទៅធ្វើការនៅក្រៅ ប្រទេសទៀត ហើយ នៅក្នុងឆ្នាំ ២០១៧ ខាងមុខនេះ ប៉ុន្តែចំពោះកម្មករជំនាញវិញ ពួកគេនឹងនូវតែអនុញ្ញាត ឲ្យបម្រើការងារជាធម្មតា។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ការអនុវត្តថ្មីនេះ គឺស្ថិតនៅក្រោម គម្រោងរបស់លោកប្រធានាធិបតី ចូកី វីដូដូ តាំងមុនលោកឡើងកាន់តំណែងមកម្ល៉េះ ដោយមេដឹកនាំថ្មីនេះ ចង់ស្តារមុខមាត់នៃទំនាក់ទំនងអន្តរជាតិរបស់ប្រទេសឥណ្ឌូណេស៊ី តាមរយៈនយោបាយដែលខ្លួនបង្កើតឡើង។

លោក ហានីហ្វ បានបន្តទៀតថា “យើងបានបង្កើតឡើងនូវ ផែនទីចង្អុលផ្លូវសម្រាប់បង្កើត ភាពគ្មានកម្មករចំណាកស្រុក សម្រាប់ឆ្នាំ ២០១៧។ ដូច្នេះយើងនឹងអាចអនុញ្ញាតឲ្យតែកម្មករ ជំនាញប៉ុណ្ណោះសម្រាប់ទៅ បម្រើការងារនៅក្រៅប្រទេស"។

គួរបញ្ជាក់ថា នយោបាយថ្មីរបស់ឥណ្ឌូណេស៊ីនេះ គឺជាផ្នែកមួយនៃកិច្ចការពារពលករជាតិ ពីការរងទុក្ខវេទនា និង បញ្ហាជាច្រើនទៀតដោយសារតែការធ្វើការជាពលករចំណាកស្រុក នៅឯបណ្តាប្រទេសនានា។ ទាំងនេះ តម្រូវឲ្យរដ្ឋាភិបាល កៀងគរអ្នកវិនិយោគ ដើម្បីបង្កើត ការងារ បន្ថែមក្នុងប្រទេស ជាការទាក់ទាញ ប្រជាជនខ្លួនមិនឲ្យចាកចេញទៅរក ការងារធ្វើក្រៅប្រទេស តទៅទៀត៕


ក្រុមការងារ ទាំងពីរបញ្ចប់ ជំពូកទី៧ និងទី៨ជាថ្មី ដោយបន្សល់ ចំណុចមិន ស្របគ្នា ជាច្រើន ទុកឲ្យថ្នាក់ដឹកនាំ ដោះស្រាយ

$
0
0

ភ្នំពេញ៖ ក្រុមការងារ របស់គណបក្ស ប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP)បានសម្រេច បញ្ចប់កិច្ចពិភាក្សាគ្នា ទៅលើវិសោធនកម្ម សេចក្តីព្រាងច្បាប់បោះឆ្នោត ក្នុងជំពូកទី៧ និងជំពូកទី៨ជាថ្មីម្តងទៀត ដោយបន្សល់ នូវចំណុចមិនទាន់ ចុះសម្រុងគ្នាជាច្រើន ទុកឲ្យថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរធ្វើការ ដោះស្រាយ។

ចំណុចដែលនៅសេសសល់សម្រាប់ទុកជូនថ្នាក់ដឹកនាំទាំងពីរធ្វើការដោះស្រាយនោះ រូមមាន ការហាមមិនឲ្យកម្លាំងប្រដាប់អាវុធ មន្ត្រីតុលការ ចូលរួមឃោសនាបោះឆ្នោត, ការកំណត់ថ្ងៃធ្វើការឃោសនាបោះឆ្នោត ជាដើម។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាគ្នា សម្រាប់ថ្ងៃច័ន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ នាវិមានរដ្ឋសភាជាតិ ប្រធានក្រុមការងារ និងជាសមាជិករដ្ឋសភា របស់គណបក្សសង្រ្គោះជាតិ លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា ក្រុមការងារទាំងពីរបានបញ្ចប់កិច្ចពិភាក្សាទៅលើកជំពូកទី៧ និងទី៨ហើយ ប៉ុន្តែ នៅមានចំណុចជា ច្រើននៅមិនទាន់ ត្រូវគ្នា និងត្រូវគ្នាបានមួយចំនួន។

លោកថា “មន្ត្រីរាជការស៊ីវិល និងអាជ្ញាធរមូលដ្ឋាន យើងគោរពទៅតាមសិទ្ធិប្រជាពលរដ្ឋ និងសិទ្ធិនយោបាយ អីចឹងនៅពេលបញ្ចប់ម៉ោងការងារគាត់អាចចូលរួមឃោសនាបោះឆ្នោតបាន ដូចច្បាប់ចាស់ ប៉ុន្តែដោយឡែក មន្ត្រីតុលាការ កងកម្លាំងប្រដាប់អាវុធ មិនទាន់មានការឯកភាពគ្នានៅឡើយទេ។

សម្រាប់គណបក្សសង្គ្រោះជាតិយល់ឃើញថា ចំណុចនេះ មានការប៉ះពាល់ថាមន្ត្រីតុលាការ និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងមាត្រាទី១៥ នៃច្បាប់បោះឆ្នោត ថែមទាំងមិនធ្វើការបោះឆ្នោតទៀតផង”។

លោក បានបន្ថែមថា មានចំណុចមួយ ដែលក្រុមការងារទាំងពីរបានឯកភាពគ្នាថា សង្គមស៊ីវិល អាចធ្វើការ បញ្ចេញមតិបាន ព្រោះថាគាត់ជាអ្នកសង្កេតការ ក្នុងដំណើរការបោះឆ្នោត ប៉ុន្តែត្រូវឈរក្នុងភាពអព្យាក្រឹត្យភាព។

ប្រធានក្រុមការងារ និងជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានមានប្រសាសន៍ថា ការចូលរួមជាមួយគណបក្សនយោបាយរបស់មន្ត្រីតុលាការ និងកងកម្លាំងប្រដាប់អាវុធនេះ គឺជាសិទ្ធិ របស់ពួកគាត់ជាប្រជាពលរដ្ឋ។

លោកថា “ព្រះសង្ឃ មន្ត្រីតុលាការ កងកម្លាំងប្រដាប់អាវុធអាចចូលរួមជាមួយគណបក្សនយោបាយបាន។ កាលណាចូលបក្សបាន អាចឡើងទៅជាគណៈកម្មការកណ្តាល តាមជំហ៊ររបស់គេ”។

លោកប៊ិន ឈិន បានបញ្ជាក់ថា ប៉ុន្តែបញ្ហាសំខាន់ គឺត្រូវគោរច្បាប់ គឺមិនរៀងចំរចនាសម្ព័ន្ធ បក្សនៅក្នុងអង្គភាពនគរបាល ក្នុងអង្គភាពយោធានោះទេ។

សូមបញ្ជាក់ថា ក្រុមការងារ នៃគណបក្សទាំងពីរ ធ្លាប់បានពិភាក្សាបញ្ចប់សេចក្តីព្រាងច្បាប់បោះឆ្នោតចាប់ពីជំពូកទី១ ដល់ទី៨រួចម្តងហើយ ប៉ុន្តែ ដោយនៅសល់ចំណុចជាច្រើនទៀតមិនបានទាន់ចុះសម្រុងគ្នានោះ ក្រុមការងារទាំងពីរ ក៏សម្រេចចិត្តមកពិភាក្សាឡើងវិញ ប៉ុន្តែ ក៏នៅមិនអាចដោះស្រាយបានទាំងអស់នោះដែរ គឺនៅតែមាន ចំណុចទុកឲ្យថ្នាក់ដឹកនាំទាំងធ្វើការដោះស្រាយបន្តទៀតដដែល៕

កូរ៉េខាងជើង ប្រារព្ធទិវា ខួបកំណើត លោកប្រធាន គីម ចុងអ៊ីល នៅទូទាំងប្រទេស

$
0
0

ព្យុងយ៉ាង៖ បើទោះបីជា អីតមេដឹកនាំកំពូល ជំនាន់ទីពីរ របស់កូរ៉េខាងជើង គឺលោក គីម ចុងអ៊ីល បានទទួល មរណៈភាព កាលពីខែធ្នូ ឆ្នាំ២០១១ ដោយសារជំងឺបេះដូងក្តី ក៏ពិធីខួប កំណើតរបស់លោក នៅតែត្រូវ បានប្រជាជាតិ កុម្មុយនិស្តមួយនេះ ប្រារព្ធធ្វើឡើង ដូចធម្មតា នៅរៀងរាល់ឆ្នាំ ក្នុងថ្ងៃទី១៦ ខែកុម្ភៈ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៥ ថា ឆ្នាំ នេះគឺជាខួបទី ៧៣ ហើយនៃការចាប់កំណើតរបស់អតីតមេដឹកនាំកូរ៉េខាងជើង ដែលបាន បន្តតំណែងពីឪពុករបស់ខ្លួន គឺលោក គីម អ៊ីលស៊ុង ក្រោយមេដឹកនាំរូបនោះទទួលមរណភាព កាលពីឆ្នាំ ១៩៩៤ នោះ។

ការប្រារព្ធទិវាមួយថ្ងៃនេះ មានការដាក់កម្រងផ្កា នៅតាមរូបសំណាករបស់ លោក គីម ចុងអ៊ីល នៅតាមទីលាន ទូទាំងខេត្តក្រុងទូទាំងប្រទេស ព្រមទាំងការអាននូវសារគោរព និង ស្មោះស័គ្រ ដោយការដឹងគុណចំពោះរបបដឹកនាំ ព្រមទាំងថ្នាក់ដឹកនាំកូរ៉េខាងជើង ដែលបាន បង្កើតប្រទេសនេះឡើង និង កសាងស្នាដៃជូន ជាតិប្រជាជនយ៉ាងច្រើនលើសលប់៕

បារាំង៖ ភេរវកម្មនៅ ដាណឺម៉ាក នៅតែស្ថិត ក្នុងភាព គ្រោះថ្នាក់ខ្ពស់

$
0
0

ប៉ារីស៖ បន្ទាប់ពីការវាយ ប្រហារដោយភេរវកម្ម នៅទីក្រុង ខូផេនហាហ្គែន របស់ប្រទេស ដាណឺម៉ាក នោះ បណ្តាមេដឹកនាំ អឺរ៉ុបទាំងឡាយ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ព្រមទាំងចាត់វិធាន ការពង្រឹងសន្តិសុខ ក្នុងតំបន់ឲ្យបានកាត់ តែខ្លាំងក្លាជាងមុន ក្នុងនោះលោក ប្រធានាធិបតី បារំាង ហ្វ្រង់ស័រ ហូឡង់ បានអះអាងថា ការគម្រាមកំហែង ក្រោយការបាញ់ ប្រហារនៅ ខូផេនហាហ្គែន នៅតែស្ថិតក្នុងភាព គ្រោះថ្នាក់ខ្លាំងនៅឡើយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ នេះដោយ លើកឡើងតាមសម្តីលោក ហូឡង់ ថ្លែងទៀតថា ការវាយប្រហារខាងលើនេះ គឺនាំឲ្យបារាំង ធ្វើការបង្កើនភាពប្រុងប្រយ័ត្ន ទូទាំងប្រទេស ដែលជារឿងចាំបាច់ត្រូវតែធ្វើ។ នាយករដ្ឋមន្ត្រី បារាំងលោក ម៉ានូអែល វ៉លស៍ ថ្លែងផងដែរថា “ការគម្រាមកំហែង ដោយអំពើ ភេរវកម្មនៅតំបន់ អឺរ៉ុប នៅតែស្ថិតក្នុងកម្រិតខ្ពស់ ក្នុងនោះមានទាំងបារាំងផងដែរ"។

ឆ្លើយតបនឹងបញ្ហានេះប្រមុខដឹកនាំបារាំង បានអំពាវនាវឲ្យគ្រប់ប្រទេសទាំងអស់បង្កើនការ ប្រុងប្រយ័ត្ន ខ្ពស់លើផ្នែកសន្តិសុខ។ ការចាត់វិធានការនេះ គឺក្នុងអំឡុងពេលដែលយូរបំផុត តាមដែលអាចធ្វើទៅរួច បើកាលណាដែលការគម្រាមកំហែងនៅតែស្ថិតក្នុងកម្រិតខ្ពស់នោះ៕

ក្រុមការងារ យុវជនក្រុង ចុះជួយសង្គ្រោះ ដល់ក្មេងៗ កំព្រាឪពុកម្តាយ និងសង់ផ្ទះ

$
0
0

បន្ទាយមានជ័យ៖ នៅល្ងាច ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៥នេះ  ក្រុមការងារយុវជន គណបក្ស ប្រជាជន ក្រុងប៉ោយប៉ែត បាននាំ យកសម្ភារៈ មួយចំនួនទៅផ្តល់ជូន បងប្អូនគ្រួសារ កំព្រាឪពុកម្តាយ តាំងពីតូចៗ និងគ្មានលំនៅដ្ឋាន ពិតប្រាកដ ដោយអស្រ័យនៅ លើដីក្បែរអណ្តូងទឹក ដែលមេភូមិអោយសង់ផ្ទះ ស្នាក់នៅបណ្តោះអាសន្ន ដែល ដឹកនាំដោយ លោកអ៊ុយ ច័ន្ទរិទ្ធ ប្រធានយុវជនក្រុង និងសមាជិកយុវជន ក្រុងជាច្រើននាក់ នៅក្នុងមណ្ឌលទី៩ ភូមិប្រជាធម្មកើត សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក អ៊ុយ ច័ន្ធរិទ្ធ ប្រធានយុវជន ក្រុងបានប្រាប់អោយដឹងថា ក្រោយពីមានក្រុមការងារយុវជនក្រុងបានរាយការណ៍ ប្រាប់ ថាមានក្មេងកំព្រាមានបងប្អូនប្រុស ស្រី៧នាក់ ឪពុកម្តាយស្លាប់តាំងពីក្មេងមកម្ល៉េះ ដោយសារតែមានជំងឺឈឺ គ្មានថវិកា សំរាប់ព្យាបាលជំងឺ ដូច្នេះទើបបណ្តាល អោយស្លាប់បាត់បង់ជីវិត ម្តាយឪពុកតែម្តង។

លោកបានបន្តថា សព្វថ្ងៃនេះមានបងប្រុសម្នាក់ ជាអ្នករកលុយកាក់មកចិញ្ចឹមប្អូនៗ ហើយសព្វថ្ងៃនេះផ្ទះសំបែង បានខូចខាត និងទ្រុតទ្រោម ដោយគ្មានថវិកាសាងសង់ ដូច្នេះហើយលោក និងក្រុមការងារទាំងអស់ បានអំពាវនាវ សប្បុរសជនដើម្បីចូលរួម។

លោក សុខ ពេញណន សមាជិកយុវជន ក្រុងប៉ោយប៉ែត បានប្រាប់អោយ ដឹងថា ក្មេងៗកំព្រាមានបង ប្រុសម្នាក់ឈ្មោះ ពេជ្យ ភក្តី រស់នៅភូមិប្រជាធម្មកើត ដែលត្រូវឪពុកម្តាយ ស្លាប់ចោល បន្សល់ទុកសមាជិក គ្រួសារ៧ នាក់ក្នុងបន្ទុក ហើយប្អូនត្រូវ អូសរទេះយក ប្រាក់មកផ្គុតផ្គង់គ្រួសាររាល់ថ្ងៃ ម្ដាយឈ្មោះ យឺន កែវស្លាប់ដោយជំងឺប្រចាំកាយ  ឪពុក ឈ្មោះប៊ូ ប៉ិច ស្លាប់ដោយជំងឺប្រចាំកាយ ។ មិនតែប៉ុណ្ណោះ ខ្ទមស្នាក់នៅត្រូវរលំទៀត ដោយមើលឃើញ ពីទុក្ខលំបាក របស់ប្អូនក្រុមការងារ និងសប្បុរសជន បានចូលរួមឧបត្ថម្ភគ្រឿងសាងសង់ផ្ទះ និងគ្រឿងអាហារបរិភោគ រួមមាន ឈើផ្លាន១០ ដើម រនៀបឬស្សី ២០បាច់ ដែកគោល ៣គីឡូ អង្ករ៥០ គីឡូក្រាម ក្នុងនោះ លោកតាន់ គិមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុង និងលោក គាត ហ៊ុលចៅសង្កាត់ផ្សារកណ្តាល បានឧបត្ថម្ភសង្ក័សី ចំនួន២០សន្លឹកផងដែរ៕

សាលាខេត្តកោះកុង បើកសន្និបាត គណៈកម្មាធិការ មូលដ្ឋាន សាខាសមាគម មន្ដ្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ

$
0
0

កោះកុង ៖ កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ សាលាខេត្ដកោះកុង បានរៀបចំសន្និបាត គណៈកម្មាធិការ មូលដ្ឋានសាខា សមាគមមន្ដ្រី រាជការ ស៊ីវិលក្រសួង មហាផ្ទៃអាណត្ដិទី២ និងដើម្បីដំណើរការ បោះឆ្នោតជ្រើស រើសគណៈកម្មាធិការមូលដ្ឋាន អាណត្ដិទី៣។

ពិធីសន្និបាត បូកសរុបលទ្ធផលការងារ គណៈកម្មាធិការ មូលដ្ឋាន សាខាសមាគមមន្ដ្រីរាជការ ស៊ីវិលក្រសួង មហាផ្ទៃសាលាខេត្ដកោះកុង អាណត្ដិទី២ និង លើទិសដៅអនុវត្ដន៍ អាណត្ដិទី៣មានការ ចូលរួមជាគណៈអធិបតី លោក នុត សាអាន ប្រធានគណៈកម្មាធិការ កណ្តាល សមាគមមន្ដ្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ។

  លោក កាយ សំរួម ប្រធានក្រុម ប្រឹក្សាខេត្ដកោះកុង លោក ដុំ យុហៀន ប្រធានគណៈកម្មាធិការ មូលដ្ឋាន សាខាសមាគម មន្ដ្រីរាជការស៊ីវិល ក្រសួងមហា ផ្ទៃនៅខេត្ដកោះកុង និង លោកអភិបាលរងខេត្ដ ព្រមទាំងមន្ដ្រីរាជការ នៅក្រោមឱវាទជាច្រើនរូប។  

លោក ដុំ យុ ហៀន ប្រធាន គណៈកម្មាធិការ មូលដ្ឋានសមាគមមន្ដ្រី រាជការស៊ីវិលក្រសួង មហាផ្ទៃសាលាខេត្ដបាន មានប្រសាសន៍ថា  ក្នុងនាមគណៈកម្មាធិការ មូលដ្ឋានសាខា មន្ដ្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃនៅ សាលា ខេត្ដកោះកុង អាណត្ដិទី២ និងក្នុងនាមខ្លួន លោកផ្ទាល់លោកសូមសម្ដែងនូវ ក្ដីសោមនស្សរីករាយ ស្វាគមន៍ យ៉ាងកក់ក្ដៅ និង សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្ដមានដ៏ថ្លៃថ្លារបស់ លោក នុត សាអាន ប្រធានគណៈកម្មាធិការ កណ្ដាល ។

លោកបានមានប្រសាសន៍ទៀតថា គណៈកម្មាធិការ មូលដ្ឋានសាខាខេត្ដកោះកុង បានកំណត់យកកិច្ចការ អាទិភាព របស់ខ្លួនគឺបំផុស ជម្រុញឱ្យចលនា សមាគមឱ្យមន្ដ្រីរាជការ ចូលជាសមាជិកសកម្ម របស់សកម្មឱ្យ កាន់តែច្រើន ក្នុងសារតីសាមគ្គីភាពចេះ ស្រឡាញ់យោគយល់គ្នា ចេះជួយគ្នាទៅវិញ ទៅមកចេះជួយសម្រាលទុក្ខ លំបាកគ្នា ក្នុងជួរមន្ដ្រី រាជការស៊ីវិតក្រសួងមហាផ្ទៃ ដូចគ្នា ។

លោក នុត សាអាន ប្រធានគណៈកម្មាធិការ កណ្ដាលសមាគម មន្ដ្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ បានមាន ប្រសាសន៍ថា គណៈកម្មាធិការ មូលដ្ឋានសាខាសមាគម មន្ដ្រីរាជការស៊ីវិល ក្រសួង មហាផ្ទៃនៅសាលាខេត្ដកោះកុង អាណត្ដិទី៣ ចំនួន១៨រូប ដែលអង្គសន្និបាត ទាំងមូលទើប នឹងបានបោះឆ្នោតផ្ដល់ការ ទុកចិត្ដនឹងគាំទ្រនេះយើងខ្ញុំ សូមសម្ដែងនូវសេចក្ដីរំ ភើបរីករាយឥតឧបមា ហើយលោកសូមឱ្យសមាជិក សមាជិកាទាំងអស់ ត្រូវយកចិត្ដទុកដាក់ ទៅលើការងារហើយអនុវត្ដន៍ នូវភារកិច្ចឱ្យបាន ម៉ឺងមាត់ ហើយត្រូវអនុវត្ដន៍ ទៅតាមតួនាទីដែលរាជរដ្ឋាភិបាល បានប្រគល់ជូន៕

អគ្គិភ័យដែលឆេះ ផ្ទះវីឡាប្រជាពលរដ្ឋ នៅខាងជើងផ្សារ បឹងកេងកង បានរលត់ ហើយ

$
0
0

ភ្នំពេញ  ៖ អគ្គិភ័យ ដែលឆាបឆេះផ្ទះ វីឡា ប្រជាពលរដ្ឋនៅ ខាងជើងផ្សារបឹងកេង កង បានរលត់ ហើយនៅវេលា ម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ក្រោយពី ឆាបឆេះអស់រយៈពេលជាងកន្លះម៉ោងរួច មក ។

ក្នុងប្រតិបត្ដិការខាងលើនេះ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ប្រមាណ១០គ្រឿង ។

តាមការបញ្ជាក់ពីសមត្ថកិច្ច គ្រោះអគ្គិ ភ័យនេះ បានកើតឡើងដោយសារទុស្សេខ្សែ ភ្លើងនៅកន្លែងឌុយដោត ទូរទស្សន៍ ។

តាមសមត្ថកិច្ច ដើមឆ្នាំ២០១៥នេះ នៅ រាជធានីភ្នំពេញ មានគ្រោះអគ្គិភ័យកើតឡើង ចំនួន១៦ករណីហើយ ក្នុងនោះបណ្ដាល ឱ្យរបួសក្មេងប្រុសម្នាក់ នៅខណ្ឌជ្រោយចង្វារ ។

មន្ដ្រីជំនិត លោកអាំង មាលតី ចូលរួម ពិធីជប់លាង ជាមួយ ឪពុកម្ដាយ ឧកញ៉ា ថោង សារ៉ាត់ ក្រោយដោះ លែងពីពន្ធនាគារ

$
0
0

ភ្នំពេញ  ៖ យោងតាមប្រភពព័ត៌មាន ពី ការលួចបង្ហើប របស់មត្ថកិច្ចរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពី ឪពុក ម្ដាយ របស់ ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានដោះលែងចេញពីពន្ធនាគារ កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ មាន ពិធីជប់លាង មួយនៅផ្ទះ បុគ្គលទាំងពីរនាក់នេះ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ស្រាប់តែមាន មន្ដ្រីជំនាញ ម្នាក់របស់លោកអាំង មាលតី ប្រធាន សាលាដំបូងរាជធានីភ្នំពេញ បានទៅចូលរួម។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ការទៅចូលរួមពីសំណាក់មន្ដ្រីជំនិតរបស់ លោកអាំង មាលតី ក្នុងពិធីជប់ លាង ក្រោយចេញពីពន្ធនាគារ របស់លោកថោង ចំរើន និងអ្នកស្រីកែវ សារី ត្រូវបានបង្ហាញរូបថតមួយសន្លឹក នៅក្នុង ទូរស័ព្ទដៃ របស់បុគ្គល កែវ សារី នេះតែម្ដង ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មន្ដ្រីជំនិតរបស់លោកអាំង មាលតី ដែលបានអញ្ជើញ ចូលរួម ក្នុងពិធីជប់លាង នៅផ្ទះឪពុកម្ដាយឧកញ៉ាថោង សារ៉ាត់នោះ គឺឧត្ដមសេនីយ៍ ពេជ្រ ព្រហ្មមុនី ដែលត្រូវ បានលោក អាំង មាលតី ស្នើសុំទៅ នាយឧត្ដមសេនីយ៍មាស សុភា សុំចូលរួមសហការលើផ្នែកសន្ដិសុខនិងសណ្ដាប់ធ្នាប់ ។

យោងតាមលិខិតរបស់លោកអាំង មាលតី កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ក្នុងនាមជាប្រធានសាលាដំបូង រាជធានីភ្នំពេញ បានដាក់ជូននាយឧត្ដមសេនីយ៍មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការ កងទ័ពជើងគោក ដើម្បីស្នើសុំលោកឧត្ដមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី អត្ដលេខ០៤៨៥៤០ មុខងារ ជានាយសេនាធិការរង នៃកងទ័ពជើងគោក ដើម្បីសហការការងារនៅសាលាដំបូងរាជធានីភ្នំពេញ លើផ្នែកសន្ដិសុខនិងសណ្ដាប់ធ្នាប់។

តាមការលួចបង្ហើបរបស់មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ មួយរូបបានឱ្យដឹងថា ឧត្ដមសេនីយ៍ពេជ្រ ព្រហ្មមុន្នី គឺជាគ្រូ មន្ដអាគមរបស់លោកអាំង មាលតីទៀតផង ៕

មន្រ្តីជំនិតលោក អាំង មាលតី ពេលចូលរួមជប់លាង នៅផ្ទះឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់


ក្រសួងមហាផ្ទៃ សម្រេចឱ្យ លោក អេឡិចសង់ដ្រូ ចេញពី ប្រទេសកម្ពុជា មួយរយៈ

$
0
0

ភ្នំពេញ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ បានសម្រេចជាថ្មី ឱ្យលោក អេឡិចសង់ដ្រូ ជាសកម្មជនការពារតំបន់អារ៉ែង ចាកចេញពីប្រទេសកម្ពុជាមួយរយៈ ដើម្បីឱ្យស្ថាន ការណ៍ ស្ងប់ស្ងាត់ ហើយថា បន្ទាប់ពីនោះ លោកអេឡិច ក៏អាចវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ជាធម្មតា ដូចទៅនឹងជនបរទេសដទៃ ទៀតដែរ ។

លោកបានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា «នាយកដ្ឋានអន្តោ ប្រវេសន៍ គាត់គិតថា ក្រោយពេលអស់សុពលភាព នៃទិដ្ឋាការស្នាក់នៅ លោកអេឡិចគួរតែអនុវត្ត ទៅតាមច្បាប់ ដែលគាត់គួរតែចាកចេញពីប្រទេសកម្ពុជា មួយរយៈទៅ ព្រោះកន្លងមកគាត់ធ្លាប់ នៅប្រទេសកម្ពុជា ដោយចេះ តែបន្តទិដ្ឋាការ បន្តរហូតមិនទៅណាសោះ ជិត១០ឆ្នាំហើយ ដែលមិនសមគួរ នឹងច្បាប់អនុញ្ញាតទេ»។

ការឆ្លើយតបរបស់លោក ខៀវ សុភ័គ បានធ្វើឡើងបន្ទាប់ពី ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានធ្វើលិខិតអន្តរាគមន៍មួយ ទៅឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ដើម្បីសុំឱ្យបន្តផ្តល់ទិដ្ឋាការ ឱ្យលោក Alex Gonzalez Davidson ដែលប្រឈម នឹងការបណ្តេញចេញពីប្រទេសកម្ពុជា ក្នុងពេលដ៏ខ្លីនេះឡើងវិញ ក្រោយពីអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នាពេលកន្លងមក បានបដិសេធមិនបន្ត ទិដ្ឋាការ ឱ្យជនជាតិអេស្ប៉ាញរូបនេះរស់នៅក្នុងប្រទេសកម្ពុជាតទៅទៀត។

លោក សម រង្ស៊ី បានលើកឡើងក្នុងលិខិតនោះថា លោក Alejandro Gonzalez Davidson មិនមែន ជាឧក្រិដ្ឋជនទេ ហើយក៏មិនបានប្រព្រឹត្តបទល្មើសអ្វីធ្ងន់ធ្ងរ ដែលតម្រូវឱ្យបណ្តេញចេញពីប្រទេសកម្ពុជាដែរ ។ សាមីខ្លួនគ្រាន់តែ ជាសកម្មជនម្នាក់ ក្នុងមជ្ឈដ្ឋានសង្គមស៊ីវិល ដែលបានជួយឱ្យសាធារណមតិ មានការចាប់ អារម្មណ៍ចំពោះបញ្ហាបរិស្ថាន ព្រមទាំងជួយឱ្យប្រជាពលរដ្ឋ មានការយល់ដឹង អំពីសិទ្ធិរបស់ខ្លួន កាន់តែច្បាស់ ប៉ុណ្ណោះ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបន្ថែមថា លោក Alejandro Gonzalez Davidson នឹងទទួលយកបាន នូវអ្វីដែល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃ រៀបចំឱ្យ ដោយការចេញ ពីប្រទេសមួយរយៈនេះ នឹងធ្វើឱ្យលោករីករាយ ជួបក្រុមគ្រួសារ សាច់ញាតិក៏ដូចជាការដើរកម្សាន្ត មួយពេល ផងដែរ។

លោក Alejandro Gonzalez Davidson ជាជនជាតិអេស្ប៉ាញ ដែលជាប្រធានអង្គការមាតាធម្មតា បានមករស់នៅក្នុងប្រទេសកម្ពុជា ជាង១០ឆ្នាំមកហើយ ដោយតាំងខ្លួន ជាអ្នកការពារបរិស្ថានព្រៃឈើ នៅតំបន់អារ៉ែង ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានធ្វើយុទ្ធនាការជាបន្តបន្ទាប់ប្រឆាំង ចំពោះគម្រោងវិនិយោគលើ វារីអគ្គិសនី នៅតំបន់ អារ៉ែង ខេត្តកោះកុង ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សានាពេលបច្ចុប្បន្ននេះ ហើយ ទិដ្ឋាការ របស់លោកនឹងផុត កំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខនេះ៕

ពិធីប្រកាសតែងតាំង ប្រធានសាលា ដំបូងធ្វើឡើង នៅថ្ងៃចូលឆ្នាំចិន

$
0
0

ភ្នំពេញ  ៖ មន្ដ្រីសាលាដំបូងរាជធានីភ្នំ ពេញ មួយរូប បានឱ្យដឹងថា ពិធីប្រកាសតែង តាំងប្រធានសាលាដំបូង នឹងត្រូវ ធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ជាថ្ងៃចូលឆ្នាំចិនវៀតណាម ។

មន្ដ្រីសាលាដំបូងរូបនេះ បានបញ្ជាក់ថា  លោកតាំង ស៊ុនឡាយ ដែលជាអនុប្រធាន សាលាដំបូងរាជធានីភ្នំពេញ និងត្រូវប្រកាស ឱ្យឡើងកាន់តំណែងជាផ្លូវការជំនួសលោកអាំង មាលតី នៅរសៀលថ្ងៃស្អែក ។

យ៉ាងណាក៏ដោយនោះ មន្ដ្រីសាលាដំបូងរូបនេះ មិនទាន់បានបញ្ជាក់ ថា ថ្នាក់ដឹកនាំរូបណា នឹងចូលរួមជាអធិបតីភាពនោះទេ ៕

លោក អេឡិចសង់ដ្រូ សម្រេចថា នឹងមិនចេញពី ប្រទេសកម្ពុជា មួយរយៈ តាមការបង្គាប់ របស់ក្រសួង មហាផ្ទៃ នោះទេ

$
0
0

ភ្នំពេញ៖ លោក អេឡិចសង់ដ្រូ (Alejandro Gonzalez Davidson) ប្រធានអង្គការមាតាធម្មជាតិ ដែលជាសកម្មជនការពារបរិស្ថាន នៅតំបន់អារ៉ែង បានឱ្យដឹង នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា លោកនឹងមិនចេញពីប្រទេសកម្ពុជា មួយរយៈ តាមការបង្គាប់ជាថ្មី របស់ក្រសួងមហាផ្ទៃនោះទេ។

ការបញ្ជាក់ជំហរនេះ បានធ្វើឡើងបន្ទាប់ពី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងប្រាប់សារព័ត៌មានថា ក្រសួងមហាផ្ទៃ បានសម្រេចជាថ្មី ឱ្យលោកអេឡិចសង់ដ្រូ ចាកចេញពី ប្រទេសកម្ពុជា មួយរយៈ ដើម្បីឱ្យស្ថានការណ៍ ស្ងប់ស្ងាត់ ហើយថា បន្ទាប់ពីនោះ លោកអេឡិច ក៏អាចស្នើសុំវីសា (VISA) វិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ ជាធម្មតា ដូចទៅនឹង ជនបរទេសដទៃទៀតដែរ។

លោក អេឡិចសង់ដ្រូ បាននិយាយថា «ខ្ញុំអត់បានធ្វើអ្វីខុស ហើយក៏ខ្ញុំអត់មានប្រព្រឹត្តបទល្មើស ឬក៏បិទបាំងអ្វីមួយ ដែលគួរឱ្យខ្លាច គួរឱ្យគេចពី ប្រទេសកម្ពុជានោះទេ គឺខ្ញុំ(ស្នាក់)នៅដដែលទេ បើសិនជាគេ មាននីតិវិធីណាមួយនោះ ជារឿងរបស់គេ»។

លោកបានបន្ថែមថា ឯកសាររបស់លោក បានដាក់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីជាងពីសប្តាហ៍មុន ដើម្បីសុំបន្តផ្តល់ទិដ្ឋាការ រស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែពេលនេះ សមត្ថកិច្ចជំនាញ មិនទាន់បានផ្តល់ជូននោះទេ ។ ចំណែកឯទិដ្ឋាការចាស់ នឹងផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈខាងមុខនេះ ហើយថ្ងៃបន្ទាប់ពីនោះ លោកនឹងក្លាយជា ជនអន្តោប្រវេសន៍ខុសច្បាប់ ប៉ុប៉ុន្តែទោះជាយ៉ាងណា បើសិនជាមានសមត្ថកិច្ច ចាប់ខ្លួន លោកនឹងមិនតដៃនោះទេ។ លោកថា «អត់ចេញទេ បើសិនជាមានប៉ូលិស១០-២០នាក់ មកព័ទ្ធ មកចាប់ខ្ញុំ ចលនាមាតាធម្មជាតិ នឹងមិនតដៃនោះទេ ព្រោះយើងប្រកាន់នូវវប្បធម៌អហិង្សា១០០ភាគរយ»។

លោក Alejandro Gonzalez Davidson ជាជនជាតិអេស្ប៉ាញ ដែលជាប្រធានអង្គការមាតាធម្មតា បានមករស់នៅក្នុងប្រទេសកម្ពុជា ជាង១០ឆ្នាំមកហើយ ដោយបាន ធ្វើសកម្មភាពការពារ បរិស្ថានធម្មជាតិ នៅតំបន់អារ៉ែង ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានធ្វើយុទ្ធនាការជាបន្តបន្ទាប់ ប្រឆាំងចំពោះគម្រោងវិនិយោគលើ វារីអគ្គិសនី នៅតំបន់ អារ៉ែង ខេត្តកោះកុង ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាពីផលប៉ះពាល់ នាពេលបច្ចុប្បន្ននេះ៕

ឆក់ខ្សែភ្លើង ស្លាប់ ១៨នាក់ ក្នុងពិធីបុណ្យ សាសនាមួយ នៅហៃទី

$
0
0

សាន់ទីអាហ្គោ៖ យ៉ាងហោចណាស់ មនុស្ស ១៨នាក់ បានស្លាប់ និង ៦០នាក់ទៀតរងរបួស កាលពីព្រឹក ថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងរដ្ឋធានី ព័រអូប្រាំង របស់ប្រទេសហៃទី បន្ទាប់ពីហ្វូង មនុស្សចូលការ ដង្ហែក្បួនសាសនា កាតូលិច និងជប់លាងរំាច្រៀង យ៉ាងសប្បាយ បានជួបគ្រោះថ្នាក់ឆក់នឹង ខ្សែភ្លើងនៅតាមផ្លូវ ដែលពួកគេធ្វើដំណើរនោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា នៅតាមផ្លូវធ្វើដំណើរទៅកាន់ពិធីនី របស់អ្នកប្រតិបត្តិ សាសនាប្រចាំឆ្នាំទាំងនោះ មាននូវខ្សែភ្លើងធ្លាក់រាយប៉ាយ ហើយបើតាមសាក្សី កន្លែងកើតហេតុបានអះអាងថា មានមនុស្សម្នាក់បានយកឈើព្រនង់មួយ សង្កត់ខ្សែភ្លើងនោះ ជាប់ដីដើម្បីអ្នកក្រុមមនុស្សធ្វើដំណើរពីលើ ប៉ុន្តែអកុសល ពួកគេបានឆក់ខ្សែភ្លើងដែលមាន កម្លាំងខ្លាំងនោះបន្តកន្ទុយគ្នា បណ្តាលឲ្យស្លាប់ និង របួសជាច្រើននាក់៕

អេហ្ស៊ីប អំពាវនាវឲ្យ យូអិន ចូលអន្តរាគមន៍ យោធានៅលីប៊ី

$
0
0

ប៉ារីស៖ លោកប្រធានាធិបតី អេហ្ស៊ីប អាប់ឌែល ហ្វាតាហ៍ អាល់ស៊ីស៊ី បានចេញសេចក្តី អំពាវនាវ មួយនៅថ្ងៃអង្គារ នេះ ទៅកាន់អង្គការ សហប្រជាជាតិ ឲ្យចេញនូវដំណោះស្រាយជា បន្ទាន់មួយ ដើម្បីអនុញ្ញាត ឲ្យមានប្រតិបត្តិការរួមរបស់អន្តរជាតិនៅក្នុងទឹកដីលីប៊ី ជាប្រទេស មួយដែលពួកឧទ្ទាមរដ្ឋអ៊ីស្លាម កំពុងឈរជើង និងយកជាមូលដ្ឋានដើម្បី បង្កើតផែនការ អុកឡុក សន្តិសុខរបស់សកលលោកនោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ដោយដកស្រង់ សម្តីលោក ស៊ីស៊ី ចេញផ្សាយតាមប្រព័ន្ធព័ត៌មានអឺរ៉ុបថា “វាគ្មានជម្រើសអ្វីផ្សេងទៀតទេ។ យើងត្រូវតែធ្វើការ ឆ្លើយតបទៅនឹង បញ្ហានេះ តាមការអំពាវនាវរបស់ប្រជាជនលីប៊ី និង រដ្ឋាភិបាល ដែលចង់ឲ្យពួកយើងបញ្ចេញសកម្មភាព។ យើង មិនធ្លាប់គិតថា អេហ្ស៊ីប នឹងលូក ដៃចូលអន្តរាគមន៍នោះទេ។ យើងមិនធ្វើបែបនេះ ដោយសារយើង គោរពអធិបតេយ្យរបស់ លីប៊ី ប៉ុន្តែអ្វីដែលបានកើតឡើងកន្លងមក ជាបទឧក្រិដ្ឋកម្មដែលមិនអាចលើកលែងបាន នោះឡើយ"។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ម្សិលមិញនេះ កងកម្លាំងទ័ពអាកាសអេហ្ស៊ីបបានបើកការវាយ ប្រហារ ទៅលើទីតាំងឈរជើង និង ពង្រឹងកម្លាំងរបស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ក្នុងទឹកដី ខេត្តមីយ៉ាន របស់ប្រទេសលីប៊ី ដោយបានសម្លាប់ក្រុមភេរវករនេះអស់ ៤០នាក់។ អេហ្ស៊ីប អះអាងថា នេះជាការ សងសឹកចំពោះពួក ISIS ដែលបានអារកសម្លាប់ជនជាតិអេហ្ស៊ីប កាន់សាសនាគ្រិស្តចំនួន ២១នាក់ កាលពីសប្តាហ៍មុន ដោយមានទាំងវីដេអូ បង្ហាញពី សកម្មភាពដ៏ព្រៃផ្សៃនោះផងដែរ៕

ហេតុអ្វី អ្នកចង់ទៅ ចោលឆ្អឹង នៅភពព្រះអង្គារ?

$
0
0

(ស៊ីអិនអិន)៖ នេះជាសំនួរមួយ ដែលងាយនឹង ទទួលបានចម្លើយ ពីអ្នកស្ម័គ្រចិត្ត ដែលកំពុងធ្វើ ការហ្វឹកហ្វឺន រាងកាយ ចំណេះដឹង និង ស្មារតី ទៅកាន់ភពអង្គារទាំងអស់ ដោយពួកគេភាគ ច្រើនអះអាងថា អ្វីដែលសំខាន់បំផុត មិនមានចំពោះការស្លាប់ នៅភពក្រហមមួយនោះទេ ប៉ុន្តែវាជាសកម្មភាព ដែលអ្នកត្រូវ បំពេញជាប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មានដោយមនុស្សជាតិ មុនពេលបាត់បង់ជីវិតនៅទីនោះ។

នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០១៥ នេះ ប្រតិបត្តិការ Mars One ដែលគ្រោងនឹងបញ្ជូន មនុស្ស ៤នាក់ជាលើកដំបូង និង តំណាក់កាលទីមួយទៅកាន់ភពអង្គារ បានសម្រេចចម្រាញ់ យកបេក្ខជនចំនួន ១០០នាក់ ពីបេក្ខជនសរុបទាំងអស់ ២០០.០០០ នាក់ ដើម្បីត្រៀមរើស យកចុងក្រោយតែ ២៤នាក់ប៉ុណ្ណោះ។

តាមប្រភពពីអង្គការ NASA ដែលគ្រប់គ្រងលើគម្រោងនេះឲ្យដឹងថា ក្នុងចំណោម ២៤នាក់ ដែលនឹងត្រូវរើសយកចុងក្រោយ ដើម្បីទៅចូលរួមការសាកល្បងនាឆ្នាំខាងមុខនេះ នឹងត្រូវ ចែកចេញជា ៦ក្រុម ហើយក្រុមទីមួយមានឈ្មោះថា Mars One នឹងត្រូវបញ្ជូនទៅភពអង្គារ នៅឆ្នាំ ២០២៤។

ដោយឡែកក្រុមបន្តបន្ទាប់ទៀត នឹងត្រូវបញ្ជូនទៅកាន់ភពក្រហមដែរ នៅរយៈ ពេលរាល់ពីរឆ្នាំម្តង។
គួរបញ្ជាក់ថា ការចាកចេញទៅកាន់ភពព្រះអង្គារ ដែលមានចម្ងាយរាប់សិបលានគីឡូម៉ែត្រពី ផែនដីនេះ តម្រូវឲ្យអវកាសយានិកទាំងអស់ស្នាក់នៅក្នុងយាន ដែលខ្លួនជិះយ៉ាងហោច ណាស់ក៏ ៧ ទៅ ៩ខែដែរទើបទៅដល់ ហើយក្រោយពេលដែលចុះចតនៅទីនោះបានសម្រេច ជាស្ថាពរ ពួកគេគ្មានថ្ងៃ ណាអាចត្រឡប់មកកាន់ផែនដីវិញឡើយ ក៏ព្រោះតែបច្ចេកវិទ្យារបស់ ពិភពលោកមានសមត្ថភាព អាចត្រឹមតែអាចបញ្ជូនទៅ ប៉ុណ្ណោះ។

នេះជាការដាក់អាណានិគមលើភពផ្សេង ដើម្បីបង្កើតជម្រកថ្មីមួយទៀតសម្រាប់មនុស្សលោក បើទោះបីជាភពអង្គារនោះមិនដែលស្វាគមន៍ដល់ជីវិតក្នុងទម្រង់ណាមួយក៏ដោយ។ ក្រុមអ្នក វិទ្យាសាស្ត្រគ្រោង ស្តារឡើងវិញនូវភពអង្គារ ដើម្បីឲ្យវាអាចក្លាយជាទីស្ថានថ្មីក្រៅពីផែនដី ដែលអាចស្វាគមន៍ជីវិតមនុស្សសត្វ និង រុក្ខជាតិបាន នៅរយៈពេលរាប់រយឆ្នាំទៅមុខទៀត៕

អាជ្ញាធរ ខណ្ឌចំការមន ត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងជាតិអាកុល

$
0
0

ភ្នំពេញៈ អភិបាលរង ខណ្ឌចំការមន លោកប៊ុន សុភ័ក្រ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះបានដឹកនាំ កម្លាំង អាជ្ញាធរចម្រុះ ចុះធ្វើការត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងត្រួតពិនិត្យជាតិអាកុល នៅមុខវត្តមហា មន្ត្រីតាមបណ្តោយ ផ្លូវព្រះសីហនុ ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន។

អភិបាលរងខណ្ឌចំការមន លោកប៊ុន សុភ័ក្រ បានថ្លែងឲ្យដឹងថា ឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជ រដ្ឋាភិបាលកម្ពុជា ស្តីអំពីភូមិឃុំ សង្កាត់ មានសុវត្ថិភាព អាជ្ញាធរខណ្ឌចំការមនបានដាក់កម្លាំងត្រួតពិនិត្យអាវុធ ជាតិផ្ទុះ និងជាតិអាកុល នារាត្រីនេះក្នុងបំណងការពារ សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមដងផ្លូវ  និងមួយវិញទៀត ក្នុងបំណងចូលរួមចំណែកកាត់បន្ថយ គ្រោះថ្នាក់ចរាចរ ដែលអាចបណ្តាលមកពីអ្នកបើកបរ ក្រោមឥទ្ធិពលជាតិស្រវឹង។

លោកប៊ុន សុភ័ក្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ មេត្តាត្រូវចេះស្រឡាញ់អាយុ ជីវិតរបស់ខ្លួន ពោលត្រូវចេះថែរក្សាជីវិតរបស់ខ្លួនតាមរយៈការការពារផ្សេងៗ ដូចជានៅពេលបើកបរ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលបើកបរត្រូវគោរពច្បាប់ចរាចរ និងចេះយោគយល់គ្នាផងដែរ ហើយអ្វី ដែលសំខាន់នោះ នៅពេលដែលស្រវឹងមិនត្រូវបើកបរនោះទេ ព្រោះឥទ្ធិពលនៃជាតិស្រវឹងធ្វើឲ្យអ្នក បើកបរបាត់បង់ម្ចាស់ការ និងស្មារតីប្រុងប្រយ័ត្ន ដែលជាកត្តាបង្កឲ្យកើតគ្រោះថ្នាក់ចរាចរ៕


ឧទ្ទាមរដ្ឋ​ឥស្លាម​ សម្លាប់​មនុស្ស​អស់ជាង​ ៤០នាក់ នៅ​ខេត្ត អាន់បា របស់​អ៊ីរ៉ាក់

$
0
0

រ៉ាម៉ាឌី៖ ប្រភពពីកងសន្តិសុខអ៊ីរ៉ាក់ បានឲ្យដឹងថា ក្រុមឧទ្ទាមរដ្ឋឥស្លាម (IS) នៅថ្ងៃអង្គារ ទី១៧ បានសម្លាប់ មនុស្សអស់ជាង ៤០នាក់ ដោយភាគច្រើន នៃអ្នកដែល ស្លាប់ទំាងនោះ ជាសមាជិក ក្រុមសន្តិសុខអ៊ីរ៉ាក់។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងថា សមរភូមិកាប់សម្លាប់នេះ កើតឡើងនៅជិតមូលដ្ឋានទ័ពអាកាសធំ អៀនអាល់ អាហ្សាដ ដែលមានកងទ័ពអាម៉េរិក ស្ថិតនៅរាប់រយនាក់។

ប្រភពពីកងសន្តិសុខអ៊ីរ៉ាក់ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានប្រាប់ស៊ិនហួថា ក្រុមឧទ្ទាម IS បានចាប់មនុស្សជាង ៤០នាក់ ពីកុលសម្ព័ន្ធ អាប៊ូ អូបេដ ក្នុងទីក្រុង អាល់ បាកដាឌី ដោយអ្នកទំាង ៤០នាក់នោះមានទំាងប៉ូលីស និងក្រុមសកម្មប្រយុទ្ធ សាវ៉ា ដែលគំាទ្ររដ្ឋាភិបាលផងដែរ ដោយបានសម្លាប់ហើយ និងថែមទំាងដុត សាកសពពួកគេទៀតផង។

ទោះជាយ៉ាងណាក៏ដោយ ការសម្លាប់នេះ ត្រូវបានគេសន្មតថា គឺជាការសងសឹកទៅលើកងសន្តិសុខអ៊ីរ៉ាក់ និងទាហានអាម៉េរិក ដែលបានបន្តវាយប្រហារទីក្រុង បន្ទាប់ពីទាហានអ៊ីរ៉ាក់ ដណ្តើមបានមកវិញ ផ្នែកធំៗជាច្រើន ដែលក្រុមឧទ្ទាមIS កាន់កាប់។

ប្រភពបន្ថែមទៀតថា ក្រោយការសម្លាប់ចំណាប់ខ្មំាងហើយ ក្រុមឧទ្ទាមរដ្ឋឥស្លាមទំាងនោះ ក៏បានឡោមព័ទ្ធ ទីក្រុងមួយ ដែលមានសមាជិក ជាកងសន្តិសុខ និងក្រុម សកម្មប្រយុទ្ធសាវ៉ា រាប់រយនាក់នៅទីនោះផងដែរ៕

សេរ៉ាឡេអូន នឹងខាតបង់​ថវិកា​ជិត​ ១០០លាន​ដុល្លារ នៅឆ្នាំ​២០១៥ ដោយសារ​មេរោគ​អ៊ីបូឡា

$
0
0

ហ្វ្រីថោន៖ ប្រធានាធិបតីសេរ៉ាឡេអូន បាននិយាយថា ប្រទេសនេះនឹងខាតបង់ថវិកាប្រហែល ៩២០លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០១៥នេះ ដោយសារតែ ផលប៉ះពាល់របស់ជំងឺអ៊ីបូឡា។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹង ដោយផ្អែកតាមការលើកឡើង របស់ប្រធានាធិបតីសេរ៉ាឡេអូន លោក អៀននេស បាយ កូរ៉ូម៉ា លើកឡើងក្នុងកិច្ចប្រជុំតុមូល ស្តីអំពីវិស័យឯកជនថា ការខាតបង់នេះ គឺផ្នែកទៅលើការវិភាគផ្នែកសេដ្ឋកិច្ច។

លោកបានបង្ហាញឲ្យដឹងថា ផលប៉ះពាល់នេះ បានជះឥទ្ធិពលដល់គ្រប់វិស័យទំាងអស់ នៃសេដ្ឋកិច្ចរបស់សេរ៉ាឡេអូន ក្នុងនោះមានវិស័យ កសិកម្ម, រ៉ែ, ទេសចរណ៍ ព្រមទំាងវិស័យឧស្សាហកម្មផងដែរ។

ប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា សង្វាក់ផលិតកម្មគឺបានធ្លាក់ចុះ ២ភាគរយ ពីការព្យាករណ៍កំណើន ១០ភាគរយ, ឧស្សាហកម្មដឹកជញ្ជូនធ្លាក់ចុះដល់ ០,១ភាគរយ កាលពីឆ្នាំ២០១៤ ខណៈវិស័យទេសចរណ៍បានធ្លាក់ចុះយ៉ាងគំហុគគឺប្រហែល ៣០ភាគរយ ចាប់ពីខែឧសភា ដលខែកញ្ញា ឆ្នាំ២០១៤។

អង្គការ​មូលនិធិ​សន្តិភាព​សកល សហការ​នឹង​ក្រុមហ៊ុន​ទឹកពិសា​វីតាល់ បំពាក់​ភ្លើង​ដោយ​ពន្លឺ​ព្រះអាទិត្យ រៀបចំ​ណ្ណាល័យ និង​កន្លែង​លាងដៃ ជូនកុមារ​នៅ​កម្ពុជា

$
0
0

ភ្នំពេញ៖ អង្គការមូលនិធិសន្តិភាពសកល (Global Peace Foundation រឺហៅកាត់ថា GPF) ប្រចាំនៅកម្ពុជាបានជួសជុលឡើងវិញ នៅបណ្ណាល័យ ក្នុងសាលាបឋមសិក្សាជំពុះព្រឹក នៅខេត្តកំពង់ស្ពឺ និងបំពាក់ភ្លើងនៅទីនោះ ដោយប្រើដោយពន្លឺព្រះអាទិត្យ។ ជាងនេះទៅទៀត អង្គការនេះក៏បានកសាងកន្លែងលាងដៃមួយនៅបឋម និងអនុវិទ្យាល័យ ហ៊ុន សែនព្រែកប្រា ក្នុងខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានចូលរួមសហការឧបត្ថម្ភពី ក្រុមហ៊ុនទឹកពិសាវីតាល់ផងដែរ។ នេះបើយោងតាមការថ្លែងរបស់លោក ជា ម៉េងគួង សមាជិកក្រុមប្រឹក្សាភិបាល នៃអង្គការមូលនិធិសន្តិភាពសកល ប្រចាំនៅកម្ពុជា។

លោក ហូ វៃ នាយកនៃបឋម និងអនុវិទ្យាល័យ ហ៊ុនសែនព្រែកប្រា បានឲ្យដឹងផងដែរថា លោកមានអារម្មណ៍រំភើប និងសាទរជាមួយនឹងសកម្មភាពមនុស្សធម៌ទាំងនេះណាស់។ លោកនាយកបានបន្ថែមទៀតថា “ក្រុមនិស្សិតស្ម័គ្រចិត្តនៃអង្គការមូលនិធិសន្តិភាពសកល បានចុះមកធ្វើការបង្រៀនភាសាអង់គ្លេស នៅសាលាយើងខ្ញុំ ហើយពិសេសជាងនេះទៅទៀត គឺបានកសាងកន្លែងលាងដៃ សម្រាប់ប្អូនៗសិស្សានុសិស្ស ដែលនេះជាកាយវិការមនុស្សធម៌មួយ ក្នុងការលើកកម្ពស់ដល់សុខភាពសាធារណៈសម្រាប់ប្រជាជនកម្ពុជា ដោយចាប់ផ្តើមពីប្អូនកុមារតូចៗ។ ដូច្នេះខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការ GPF នេះ”។

គួរបញ្ជាក់ផងដែរថា អង្គការមូលនិធិសន្តិភាពសកល ដែលមានស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក បានមកដល់ប្រទេសកម្ពុជាជាង ៣ឆ្នាំមកហើយ។ អង្គការនេះមានទស្សនវិស័យ ក្នុងការលើកម្ពស់វិស័យអប់រំ សកម្មភាពមនុស្សធម៌ និងការងារស្ម័គ្រចិត្តនៅកម្ពុជា ដូចជាការចុះបង្រៀនស្ម័គ្រចិត្តនៅក្នុងសហគមន៍ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់និសិ្សតកូរ៉េ និងយុវនិស្សិតកម្ពុជា។ ចំនែកឯគម្រោងជួសជុលបណ្ណាល័យ ការបំពាក់ភ្លើងបំភ្លឺផ្លូវដោយពន្លឺព្រះអាទិត្យ ដែលជាអំណោយរបស់GPFប្រចាំនៅសាធារណរដ្ឋកូរ៉េ និងកន្លែងលាងនេះ គឺជាគម្រោងថ្មីរបស់អង្គការនេះ។ យ៉ាងណាមិញ អង្គការនេះ គ្រោងនឹងបន្ថែមសកម្មភាពមនុស្សធម៌របស់ខ្លួនជាបន្តបន្ទាប់ ដូចជាបង្កើនការចុះបង្រៀនស្ម័គ្រចិត្តភាសាអង់គ្លេស នៅខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញបន្ថែមទៀត។

លោក ជា ម៉េងគួង បានបញ្ជាក់ជាចុងក្រោយផងដែរ មកដល់បច្ចុប្បន្ន អង្គការមូលនិធិសន្តិភាពសកល ប្រចាំនៅកម្ពុជា មានការចូលរួមពីយុវជនស្ម័គ្រចិត្តជាង ៣០០នាក់ហើយ។ មិនតែប៉ុណ្ណោះ នៅចុងឆ្នាំ២០១៥នេះ យុវជនស្ម័គ្រចិត្តកម្ពុជា នៃអង្គការនេះ យ៉ាងតិច៥នាក់ នឹងត្រូវបញ្ជូនទៅកូរ៉េ ដើម្បីធ្វើទស្សនកិច្ចសិក្សារយៈពេលខ្លី ក្នុងគោលបំណង សិក្សាពីគ្នាទៅវិញទៅមក ចែករំលែកវប្បធម៌ ក៏ដូចជាទទួលយកបទពិសោធន៍ថ្មី ក្នុងការលើកកម្ពស់យុវជន ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ មកកម្ពុជាវិញ៕

ហ្វាំងឡង់ ទទួលស្គាល់ភាពរីកចម្រើន លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេដ្ឋកិច្ចនៅកម្ពុជា

$
0
0

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសហ្វាំងឡង់ លោក អេកគី ទូអូមីអូចា បានថ្លែងកោតសរសើរ និងទទួលស្គាល់នូវ ភាពរីកចម្រើន នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេដ្ឋកិច្ចនៅកម្ពុជា។ លោករដ្ឋមន្រ្តីក្រសួងការបរទេស ហ្វាំងឡង់ បានចាត់ទុកប្រទេសកម្ពុជា គឺជាមិត្តដ៏ល្អរបស់សហគមន៍អឺរ៉ុប និងប្រទេសហ្វាំងឡើងផងដែរ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និង រដ្ឋមន្រ្តីក្រសួងការបរទេសហ្វាំង ឡង់ លោក អេកគី ទូអូមីអូចា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានជួបពិភាក្សាការងារជាមួយគ្នាអស់ រយៈពេលជាងមួយម៉ោង ពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ។ បន្ទាប់ពីជំនួបពិភាក្សាការងារប្រមុខការទូតកម្ពុជា-ហ្វាំងឡង់ បានធ្វើសន្និសីទរួមគ្នា។

នៅក្នុងសន្និសីទព័ត៌មាននេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ក្នុងជំនួបជាមួយលោក អេកគី ទូអូមីអូចា លោកបានលើកឡើងពីរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុ ប្បន្ន ជាពិសេសស្ថានភាពនយោបាយនៅកម្ពុជាតែម្តង។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងប្រាប់ លោក អេកគី ទូអូមីអូចាថា នយោបាយនៅកម្ពុជាមាន ស្ថានការណ៍ល្អប្រសើរ ពោលបក្សប្រឆាំង និងបក្សកាន់អំណាចបានទទួលស្គាល់ និងធ្វើការរួមគ្នាក្រោមដំបូលរដ្ឋ សភា ដើម្បីប្រយោជន៍របស់ម្ចាស់ឆ្នោត។

លោកឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ដើម្បីពង្រឹងវប្បធម៌សន្ទនា ជជែកដោះស្រាយនូវបញ្ហា រដ្ឋសភាបាន បង្កើតក្រុមតំណាងរាស្រ្តសំឡេងភាគតិច ហើយបានផ្តល់អាសនៈក្រមដល់ប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគ តិច មានឋានៈស្មើនាយករដ្ឋមន្រ្តីថែមទៀតផង ដើម្បីបើកការពិភាក្សាដោយស្មើមុខស្មើមាត់ក្នុងការដោះស្រាយ បញ្ហាប្រទេសជាតិ។

លោក អេកគី ទូអូមីអូចា បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍ដ៏ល្អប្រសើរលើស្ថានការណ៍នយោបាយនៅកម្ពុជា។ លោក ក៏បានទទួលស្គាល់ និងកោតសរសើរការរីកចម្រើន នៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅ កម្ពុជាផងដែរ។

លោក អេកគី ទូអូមីអូចា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានាពេលនេះ ក្នុងបំណង ពង្រឹងពង្រីកចំណងការទូត និងកិច្ចសហប្រតិបត្តិការកម្ពុជា-ហ្វាំងឡង់ ឲ្យរឹងរិតតែខ្លាំងក្លាថែមទៀត។

សូមបញ្ជា់ថា លោក អេកគី ទូអូមីអូចា រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានា ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស  នៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា លោក អេកគី ទូអូមីអូចា នឹងអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីជំនួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និងពិភាក្សា ការងារជាមួយ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង លោក អេកគី ទូអូមីអូចា ក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែងផងដែរ៕

ពិធីផ្លាស់ប្ដូរនិងផ្ទេរដំណែង ប្រធានតុលាការក្រុងភ្នំពេញ បានចាប់ផ្ដើម តាំង ស៊ុនឡាយ ចូល អាំង មាលតី ចេញ

$
0
0

ភ្នំពេញ៖ ក្រោយពីបានឡើងកាន់តំណែង ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ បានរយៈពេលជិត ១ឆ្នាំ លោក អាំង មាលតី ត្រូវបានផ្លាស់ចេញពីដំណែង ជំនួសដោយអនុប្រធានរបស់លោក គឺលោក តាំង ស៊ុនឡាយ បន្ទាប់ពីត្រូវបានក្រុមប្រឹក្សាអង្គចៅក្រម ប្រជុំដកហូតដំណែង ជាប្រធានសាលាដំបូងរាជធានី កាលពីម្សិលមិញ ក្រោយពីមានការស្នើសុំពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធទៅនឹងសំណុំរឿងឃាតកម្មទៅលើឧកញ៉ា អ៉ឹង ម៉េងជឺ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលឃាតកត្រូវបានតុលាការចេញដីកាស្វែងរកចាប់ខ្លួន ឈ្មោះ ថោង សារ៉ាត់។

ពិធីផ្ទេរតំណែងបានធ្វើឡើងនៅម៉ោង ១៥៖៥០នាទីរសៀលថ្ងៃទី១៨ ខែកុម្ភ ឆ្នាំ២០១៥នេះ នៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ប្រធានតុលាការកំពូល, ប្រធានប្រឆាំងអំពើពុករលួយ និងមានការចូលរួមពីសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ៕

Viewing all 8042 articles
Browse latest View live




Latest Images