ភ្នំពេញ ៖ សម្រាប់ការ ពង្រឹងសន្ដិសុខ នៅព្រលាន យន្ដហោះអន្ដរជាតិ ភ្នំពេញ ដើម្បី ការពារសុវត្ថិភាព ចំពោះការធ្វើ ដំណើរមកដល់ របស់ ប្រធានាធិបតី សហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា មកកាន់ប្រទេស កម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ ត្រូវបានគេមើលឃើញ ថា ធ្វើឡើងយ៉ាងតឹងរឹងជា ទីបំផុត ដែល យើងមិន ដែលបានជួបនោះ គឺការរៀបចំស្ទើរ តែទាំងស្រុងពីសំណាក់កងអង្គរក្សពិសេស របស់ ប្រធានាធិបតីអាមេរិកនិងមានការចូលរួមពីសំណាក់កម្លាំងពិសេសរបស់ប្រទេសកម្ពុជា ។
ចំពោះក្រុម អ្នកយកព័ត៌មានជាតិ និងអន្ដរជាតិ ដែលត្រូវទៅថតរូបនិងយកព័ត៌មាន ស្ដីពីការមក ដល់ របស់លោកបារ៉ាក់ អូបាម៉ា ដែលតាមការ គ្រោងទុក នៅវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២នោះ គឺក្រុមអ្នកយកព័ត៌មាន តម្រូវឱ្យធ្វើដំណើរទៅដល់ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ មុនម៉ោង៣រសៀល ដើម្បីការត្រួតពិនិត្យពី សំណាក់កងអង្គរក្សពិសេសរបស់ប្រធានាធិបតីអាមេរិក ។
ចំពោះកំណាត់ផ្លូវ សហព័ន្ធរុស្ស៊ី ចាប់ពី ចំណុចព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ មកដល់ចំណុច មុខវិមានសន្ដិភាព ទីដែលលោកអូបាម៉ា និងចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែននិង ចូលរួមកិច្ចប្រជុំអាស៊ាន អាមេរិក លើកទី៤នោះ ត្រូវបានអគ្គស្នងការ រងនគរបាលជាតិ និងជា ស្នងការ នគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ផ្កាយ៣ ជួន សុវណ្ណ ប្រកាសជាផ្លូវការបិទជា បណ្ដោះ អាសន្ន ហើយជាការជូនដំណឹងចំពោះប្រជាពលរដ្ឋ ត្រូវធ្វើដំណើរទៅកាន់ផ្លូវផ្សេង ។
ទិដ្ឋភាពជាក់ស្ដែង នៅតាមដងផ្លូវសហព័ន្ធរុស្ស៊ី កម្លាំងសមត្ថកិច្ចចម្រុះ របស់ប្រទេសកម្ពុជា រួមមាននគរបាល អាវុធហត្ថនិង កម្លាំងអង្គរក្ស សម្ដេចតេជោ ជាច្រើននាក់ បានឈរយាមប្រចាំការ ដើម្បី សម្រួលចរាចរ ចំពោះការ ធ្វើដំណើររបស់ ប្រធានាធិបតីអាមេរិកនិងគណៈប្រតិភូ ដែលធ្វើដំណើរពីព្រលានយន្ដហោះឆ្ពោះមក វិមានសន្ដិភាព ។
នៅឯព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ វិញ នៅវេលាម៉ោង៤រសៀលថ្ងៃទី១៩ ខែ វិច្ឆិកា ក្បួនរថយន្ដ សម្រាប់ធ្វើដំណើររបស់ ប្រធានាធិបតីអាមេរិក ជាច្រើនគ្រឿងបាន ទៅដល់ ដែលអ្នកបើករថយន្ដនីមួយៗ សុទ្ធ តែជាអង្គរក្សរបស់លោកប្រធានាធិបតីតែម្ដង និងមានការ ចូលរួមក្បួនរថយន្ដនាំមុខ និងបិទគូទពី សំណាក់កម្លាំងនាយកដ្ឋានអង្គរក្ស របស់ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ទូច ណារ៉ុថ ប្រធាននាយកដ្ឋានអង្គរក្ស។
នៅទីនោះកម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជា រួមមាននគរបាល អាវុធហត្ថ និង កងអង្គរក្ស ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជា មេបញ្ជាការនៃបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្ម និងលោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជ ាការកងពលតូច ង៧០ ។
នៅពេលដែលម៉ោងកាន់តែខិតជិតនៃការមកដល់របស់លោកអូបាម៉ា រួមជាមួយប្រមុខការទូត និងគណៈប្រតិភូទាំងមូល នៅព្រលានយន្ដហោះនោះ ក្រុមអ្នកយកព័ត៌មាន ទាំងអស់ ដែលមានឈ្មោះនៅក្នុងបញ្ជីរបស់ស្ថានទូតអាមេរិក ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងព្រលាន ដើម្បីផ្ដិតយករូបភាពនិងយកព័ត៌មាន ប៉ុន្ដែពួកគេ ត្រូវបានក្រុមអង្គរក្សរបស់លោកប្រធានាធិបតី ឱ្យដាក់ ឧបករណ៍ថតរូបនិងសម្ភារៈពាក់ព័ន្ធ ដើម្បីឱ្យឆ្កែហិតក្លិនថា តើមានជាតិរំសេវឬ បង្កប់គ្រឿងផ្ទុះ ។
ក្រោយ ពីឆ្កែហិតហើយ អ្នកយកព័ត៌មានទាំងអស់ ត្រូវបានត្រួតពិនិត្យម្ដងម្នាក់ៗ មុនពេលដែល ពួកគេត្រូវបាន អនុញ្ញាតឱ្យជិះ រថយន្ដមួយ បើកដោយ ក្រុមអង្គរក្សរបស់លោកអូបាម៉ា ឆ្ពោះទៅក្នុងព្រលានយន្ដហោះ។
នៅពេលអ្នកយកព័ត៌មានធ្វើដំណើរទៅដល់ខាងក្នុងព្រលានហើយ គឺខាងក្រុមអង្គរក្សរបស់លោកអូបាម៉ា បានរៀបចំឆាក ឱ្យឈរមួយកន្លែង ដោយហាមចុះជាដាច់ខាត និងមានចម្ងាយប្រមាណ ៥០ម៉ែត្រ ពីទីតាំងយន្ដហោះ ដែលត្រូវចុះ ។ ដូច្នេះសម្រាប់អ្នកយកព័ត៌មានមាន ការលំបាកក្នុងការផ្ដិត យករូបភាព នៅពេល ដែលលោកអូបាម៉ា បានធ្វើដំណើរមកដល់នៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃដដែលនោះ ។
ប៉ុន្ដែអ្នកដែលមានសំណាងក្រៅពីគណៈប្រតិភូកម្ពុជា រង់ចាំទទួលលោកអូបាម៉ា នោះ គឺ និស្សិតស្រីពីរនាក់ មកពីសាកលវិទ្យាល័យ វិចិត្រសិល្បៈ មានឱកាសពាក់កម្រងផ្កាឱ្យ លោកបារ៉ាក់ អូបាម៉ា និងលោកស្រី ប្រមុខ ការទូត ហ៊ីលឡារី គ្លីនតុន ។
ជាទូទៅការរៀប ចំរិតបន្ដឹងសន្ដិសុខបាន ធ្វើឡើងយ៉ាងហ្មត់ជាទីបំផុត អមដោយឧទ្ធ ម្ភាគចក្ររបស់ក្រុម អង្គរក្ស របស់លោក បាន ហោះឆ្វែល ចុះឡើងៗ ដើម្បីត្រួតពិនិត្យ មើល រីឯក្រុមអង្គរក្សផ្សេងទៀត បានជិះ រថយន្ដទៅមកៗក្នុងព្រលាន ហើយឆ្លុះមើលគ្រប់ពេលវេលាទាំងអស់ ។
ដូច្នេះជាការបង្ហាញឱ្យឃើញថា ការរៀបចំ សន្ដិសុខនោះ គឺត្រូវបានធ្វើដោយក្រុមអង្គរក្សរបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ា សុទ្ធសាធ តែម្ដង អមដោយការយាម កាមផ្នែកខាងក្រៅបន្ថែម ពីសំណាក់ក្រុមសមត្ថកិច្ចកម្ពុជា ៕
{jwplayer}http://111.92.240.170:81/dap-news/dap-video/obama1.mp4&image=http://111.92.240.170:81/dap-news/dap-video/obama.jpg&width=500&height=350{/jwplayer}
វិដេអូនៃការមកដល់របស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅកម្ពុជា
{jwplayer}http://111.92.240.170:81/lookingtoday/looking-images/news/November-2012/video-clip/Obama.mp4&image=http://111.92.240.170:81/lookingtoday/looking-images/news/November-2012/id-030/Kosal-0303.jpg&width=400&height=300{/jwplayer}
{jwplayer}http://111.92.240.170:81/dap-news/dap-images/2012/November/id-009/carobama.mp4&image=http://111.92.240.170:81/dap-news/dap-images/2012/November/id-010/chanroth-Nov-128.jpg&width=400&height=300{/jwplayer}