សៀមរាប៖ ក្រោយបាន បញ្ចប់ការងារ ចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ក្រុមយុវជន ស្ម័គ្រចិត្ត និងក្រុមមន្រ្តីវាល រយៈពេល២ថ្ងៃ ក្នុងខេត្តចំនួន៣ រួចមកនោះ នៅព្រឹកថ្ងៃ អាទិត្យទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ អភិបាល ខណ្ឌមានជ័យ លោក គួច ចំរើន និងមន្រ្តីក្រោមឱវាទ បានអញ្ជើញ ចូលរួម ជាអធិបតី នៅក្នុងពិធីប្រគល់ អំណ្តូងទឹក ចំនួន១៥ អណ្តូងដល់ ប្រជាពលរដ្ឋ នៅភូមិតាពណ៌១ ភូមិតាពណ៌២ និងភូមិអូរខ្លុង ឃុំពង្រក្រោម ស្រុកជឺក្រែង ខេត្តសៀមរាប ដែលទីកន្លែង កំណើតរបស់ លោកតែម្តង។
យោងតាមមន្រ្តី សាលាខណ្ឌមានជ័យ ដែលចូលរួម នៅក្នុងកម្មវិធីនេះ បានឲ្យដឹងថា អណ្តូងចំនួន១៥ខាងលើនេះ ដែលត្រូវប្រគល់ជូន ប្រជាពលរដ្ឋ នៅតំបន់នោះ គឺជាអំណោយ របស់គំរោង មែរី អ៊ីណូ ១ម៉ឺនវុន របស់កូរ៉េខាងត្បូង ។ បើតាមមន្រ្តីសាលាខណ្ឌមានជ័យ បានឲ្យដឹងថា អំណោយដែលផ្តល់ជូន ដល់ប្រជាពលរដ្ឋ នៅតំបន់ខាងលើនេះ បានកើតមានឡើង អំឡុងពេល ដែលលោកអភិបាលខណ្ឌ គួច ចំរើន បានទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េ កាលពីចុងខែធ្នូ ឆ្នាំ២០១៣កន្លងទៅ។
លោកអភិបាលខណ្ឌ មានបានថ្លែងអំណរគុណ ដល់គម្រោងរបស់ ប្រទេសកូរ៉េខាងត្បូង ដែលបានផ្តល់ ជាអណ្តូងទឹក ដល់ប្រជាពលរដ្ឋ នៅទីកន្លែងកំណើត របស់លោក ដើម្បីឲ្យប្រជាពលរដ្ឋ អាចប្រើប្រាស់ សម្រាប់ការ រស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានេះ លោក គួច ចំរើន បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជួយថែរក្សា នូវអណ្តូងទឹកទាំងនេះ ដើម្បីជាប្រយោជន៍រួម៕